
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ទទួលបន្ទុកសិទ្ធិមនុស្ស អះអាងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នឹងយកសំណើរបស់ លោក ហ៊ុន សែន ដែលស្នើឲ្យពិនិត្យមើលការរើសអើងពូជសាសន៍នៅប្រទេសកម្ពុជា យកទៅពិនិត្យពិចារណា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលយល់ថា ការរើសអើងពូជសាសន៍នៅកម្ពុជា មិនមែនជាបញ្ហាគួរលើកឡើងនៅពេលនេះទេ ខណៈដែលប្រទេសកម្ពុជា កំពុងជួបប្រទះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សំណើនេះ ត្រូវបាន លោក ហ៊ុន សែន ដាក់ស្នើទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុងជំនួបនៅថ្ងៃទី២១ ខែកញ្ញា នាវិមានសន្តិភាព។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ ឲ្យដឹងក្រោយជំនួបពិភាក្សាជាមួយ អ្នកស្រី រ៉ូណា ស្មីត ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួយពិនិត្យមើលទៅលើការរើសអើងពូជសាសន៍នៅក្នុងប្រទេសកម្ពុជា ដែលលោកយល់ថា ការរើសអើងនេះអាចធ្វើឲ្យប្រទេសមានសង្គ្រាម។ ប៉ុន្តែលោកមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទេថា ហេតុអ្វីបានជា លោក ហ៊ុន សែន លើកឡើងនូវប្រធានបទនេះមកនិយាយជាមួយមន្ត្រីអង្គការសហប្រជាជាតិ រូបនេះទេ។ លោក ម៉ក់ សម្បត្តិ អះអាងថា អ្នករាយការណ៍ពិសេសរូបនេះ នឹងទទួលយកសំណើនេះទៅពិនិត្យមើល៖ «សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងហើយលើកឡើងទៀត ព្រោះការរើសអើងជាតិសាសន៍នេះ គឺជាគ្រោះថ្នាក់បំផុតចំពោះប្រទេសនីមួយៗ»។
ក្នុងថ្ងៃទី២១ ខែកញ្ញា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ក្រៅពីជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រីក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ។ មុនមកជួបប្រមុខរដ្ឋាភិបាលកម្ពុជា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ រូបនេះ បានទៅទស្សនកិច្ចរយៈពេលពីរថ្ងៃនៅខេត្តកោះកុង ដោយអ្នកស្រីជួបអភិបាលខេត្ត ប្រធានតុលាការ ស្នងការនគរបាលខេត្ត មន្ត្រីសង្គមស៊ីវិល ដើម្បីពិភាក្សាពីបញ្ហាមួយចំនួនកំពុងកើតមានក្នុងខេត្តនេះ ពិសេសសុំឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដូចជាចាប់សកម្មជនការពារដីធ្លី អ្នកឃ្លាំមើលសិទ្ធិមនុស្ស រួមទាំងអ្នកសារព័ត៌មានផងដែរ។
ទោះយ៉ាងនេះក្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ បញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត មិនបានលើកឡើងពីការចាប់ខ្លួនយុវជនដែលប្រឆាំងការបូមខ្សាច់នៅខេត្តកោះកុង ឬជម្លោះដីធ្លីនៅខេត្តនោះទេ។
ចំណែក អ្នកស្រី រ៉ូណា ស្មីត បានផ្តល់បទសម្ភាសន៍យ៉ាងខ្លីក្រោយជួប លោក ម៉ក់ សម្បត្តិ ថា ជំនួបនេះល្អ ដែលអ្នកស្រីបានជជែករឿងផ្សេងៗគ្នាជាច្រើន។ អ្នកស្រីបន្តថា ខ្លឹមសារនៃការពិភាក្សាគ្នា និយាយទាក់ទងមុខងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស។ សំណួរទាក់ទងអ្វីផ្សេងទៀត អ្នកស្រីពុំធ្វើអត្ថាធិប្បាយឡើយ៖ «ពួកយើងមានកិច្ចប្រជុំមួយដ៏ល្អ ដែលជជែកពីរឿងផ្សេងៗគ្នាជាច្រើន ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលពួកគាត់ចំណាយពេលជួបខ្ញុំ។ ពួកយើងជជែកគ្នាអំពីរឿងជាច្រើនជុំវិញមុខងាររបស់គណៈកម្មការ និងការងារថ្មីៗនេះ។ ពួកយើងនឹងរៀបចំកិច្ចប្រជុំលើកក្រោយទៀត។ សូមអរគុណ!»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា។ នេះជាដំណើរទស្សនកិច្ចលើកទី១ របស់អ្នកស្រីនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា យល់ថា សំណើរបស់ លោក ហ៊ុន សែន ដែលលើកឡើងនេះ ដើម្បីការពារកុំឲ្យអង្គការសហប្រជាជាតិ ចាប់អារម្មណ៍រឿងចាប់ខ្លួនសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ។ លោក នី ចរិយា ថា ប្រសិនបើប្រទេសកម្ពុជា មានការរើសអើងជាតិ ឬរើសអើងជនជាតិវៀតណាម មិនមែនជនជាតិវៀតណាម រស់នៅប្រទេសកម្ពុជា ច្រើនដូចនេះទេ៖ «ខ្ញុំគិតថា នេះជាហេតុផលនយោបាយ ដើម្បីដាក់សម្ពាធទៅអង្គការសហប្រជាជាតិ កុំឲ្យគាំទ្រអ្វីដែលជាសកម្មភាពចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដោយគាត់បង្វែរទៅជាការចាប់នេះ ជាការរើសអើងជាតិសាសន៍»។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បន្តថា ពេលនេះ លោក ហ៊ុន សែន គួរនិយាយពីវិធានការដែលរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ឬផែនការក្នុងការពង្រឹងការគោរពសិទ្ធិមនុស្ស ប្រសើរជាងការស្នើឲ្យពិនិត្យមើលការរើសអើងពូជសាសន៍នៅប្រទេសកម្ពុជា។
ដោយឡែកប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ បានផ្ញើលិខិត ១ច្បាប់ជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត សុំឲ្យត្រួតពិនិត្យ និងរកដំណោះស្រាយជួយឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ រួចខ្លួនផុតពីការចោទប្រកាន់ និងការឃុំខ្លួនទាក់ទងការផ្សព្វផ្សាយឯកសារក្លែងក្លាយរឿងព្រំដែនកម្ពុជា-វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។