ឧត្ដមស្នងការសិទ្ធិមនុស្សអ.ស.ប លើកឡើងថា ប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិច (Asia-Pacific) រួមទាំងកម្ពុជាផង បានប្រើលេសជំងឺកូវីដ-១៩ ដើម្បីបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន រហូតដល់មានការចាប់ឃុំខ្លួនមនុស្សនៅក្នុងពន្ធនាគារដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលការលើកឡើងនេះ ហើយអះអាងថា អាជ្ញាធរចាប់ខ្លួនមនុស្សមួយចំនួនកន្លងមក គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជា ដើម្បីសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
ឧត្ដមស្នងការសិទ្ធិមនុស្សអ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet) មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ (GENVA) ប្រទេសស្វីស (Switzeland) ថា រដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជាផង បានប្រើប្រាស់វិធានការគាបសង្កត់ ដើម្បីរារាំងការនិយាយស្ដីស្របច្បាប់ រួមទាំងចាប់ខ្លួនមនុស្សផង ក្រោមហេតុផលថា ការពារពីភាពចលាចលសង្គម ក្នុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាត។
អ្នកស្រីបន្ថែមថា សម្រាប់នៅប្រទេសកម្ពុជា ការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០នាក់ រាប់ទាំងស្ត្រីម្នាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ដោយសារតែការនិយាយអធិប្បាយជាសាធារណៈ និងការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងជំងឺកូវីដ-១៩។ អ្នកស្រីបញ្ជាក់ថា មនុស្សមួយចំនួន ត្រូវបានចោទប្រកាន់ពីបទ “ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល“ ។ មកទល់ពេលនេះមនុស្សចំនួន១៤នាក់ កំពុងជាប់ពន្ធនាគារនៅឡើយ ក្នុងនោះ១០នាក់ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។
ឆ្លើយបទទៅនឹងបញ្ហានេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា តុលាការចាប់ខ្លួនមនុស្សកន្លងមក គឺអនុវត្តតាមច្បាប់ មិនមែនជាការរំលោភសិទ្ធិមនុស្សអ្វីឡើយ៖ «រដ្ឋាភិបាលដូចជាមិនដែលចាប់ខ្លួនអ្នករិះគន់រឿងកូវីដនោះទេ ហើយរដ្ឋាភិបាលមានវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើសតែប៉ុណ្ណោះ ដែលបង្កភាពចលាចលនៅក្នុងសង្គម»។
ទោះបីជាយ៉ាងនេះ ភរិយាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ធន គឺអ្នកស្រី សេង ចាន់ថា អះអាងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីអ្នកស្រីទាំងគ្មានដីកាពីតុលាការ ហើយថា លោក ស៊ុន ធន តាំងពីរបបឯកបក្សរំលាយគណបក្សសង្គ្រោះជាតិមក មិនដែលធ្វើសកម្មភាពនយោបាយអ្វីទេ។ អ្នកស្រីថា ការចាប់ខ្លួនស្វាមីជារឿងអយុត្តិធម៌៖ «ការចាប់ខ្លួនប្ដីខ្ញុំអយុត្តិធម៌បំផុត ព្រោះប្ដីខ្ញុំមិនបានទៅបំផ្លាញជាតិ លក់ជាតិនោះទេ កាលពីមុនប្ដីខ្ញុំធ្វើនយោបាយបានជួយពលរដ្ឋច្រើន ជួយសង្គមច្រើន មិនបានទៅបំផ្លាញជាតិដូចការចោទប្រកាន់ឡើយ ខ្ញុំចង់ឱ្យគេដោះលែងគាត់វិញ»។
ទាក់ទងនឹងការចាប់ខ្លួនមនុស្សនេះ អ្នកស្រី មីស្សែល បាស្សេឡេត បន្ថែមថា នៅក្នុងគ្រាលំបាកដែលមិនច្បាស់លាស់ដោយសារតែជំងឺកូវីដ១៩នេះ “ អាជ្ញាធររដ្ឋគួរតែបើកទូលាយឱ្យអ្នកជំនាញវេជ្ជសាស្ត្រ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសាធារណជនទូទៅ ឱ្យបញ្ចេញមតិយោបល់លើប្រធានបទសំខាន់ៗ ដែលជាផលប្រយោជន៍សម្រាប់មនុស្សទូទៅ ដូចជា ការផ្តល់កិច្ចគាំពារសុខភាព ការគ្រប់គ្រងវិបត្តិសុខភាព វិបត្តិសេដ្ឋកិច្ច-សង្គម និងការចែកជំនួយសង្គ្រោះបន្ទាន់ជាដើម”។
ការចេញសេចក្ដីប្រកាសព័ត៌មានរបស់មន្ត្រីឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប នេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនមនុស្សបន្ថែមទៀត ចំពោះបុគ្គលណាដែលលោកចោទថា ធ្វើការតាមបញ្ជារបស់លោក សម រង្ស៊ី ប្រធានស្ដីគណបក្សសង្គ្រោះជាតិដែលលោក ហ៊ុន សែន អះអាងថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនោះ៖ «អាហ្អែងកុំអាលមើលស្រាលអញពេកហា អញសូមប្រាប់ហែងថា ហែងកុំភ្លេចណា ហែងចង្អុលប្រាប់អ្នកណាធ្វើសកម្មភាពខាងក្នុងអញចាប់ខ្លួនទាំងអស់ អញសូមប្រាប់ហែងតែប៉ុណ្ណឹងទេ»។
នៅក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតនេះ ក្រៅពីអាជ្ញាធរចាប់ខ្លួនពលរដ្ឋ និងអ្នកកាសែតដាក់ពន្ធនាគារនោះ របបឯកបក្សក៏ធ្វើច្បាប់ស្ដីពីការដាក់ប្រទេសនៅក្នុងភាពអាសន្នដែរ ដែលច្បាប់នេះ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិចាត់ទុកថា ជាច្បាប់ដើម្បីគាបសង្កត់ និងបិទសិទ្ធិ ពលរដ្ឋ អង្គការ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
ជាក់ស្ដែងដូចជាបទល្មើសមានចែងនៅក្នុងមាត្រាមាត្រា៥ ផ្ដល់អំណាចលើសលប់ឱ្យទៅរដ្ឋាភិបាល ហើយមាត្រា ៧ មាត្រា ៨ និង មាត្រា៩ សក្ដានុពលនៃការប្រើប្រាស់ច្បាប់នេះ ដើម្បីតម្រង់គោលដៅទៅលើអ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ គឺកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែការដាក់បទល្មើសព្រហ្មទណ្ឌ ដែលមានសភាពធ្ងន់ធ្ងរ ចំពោះការមិនគោរពតាមវិធានការសម្រាប់ទាំងបុគ្គល និងនីតិបុគ្គល។
សេចក្ដីប្រកាសព័ត៌មានរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិបន្តថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩នេះ រដ្ឋាភិបាលមិនគួរបន្តឹងមតិប្រឆាំង ឬលំហូរដោយសេរី នៃព័ត៌មាន និងការជជែកដេញដោលឡើយ ពីព្រោះថា ទស្សនៈចម្រុះ នឹងជំរុញឱ្យមានការយល់ដឹងកាន់តែច្រើនថែមទៀត អំពីបញ្ហាប្រឈមផ្សេងៗ ដែលពលរដ្ឋកំពុងប្រឈម និងជួយពលរដ្ឋ ឱ្យរឹតតែជម្នះបាននូវបញ្ហាទាំងនោះ។ការជជែកដេញដោល ឬលំហូរសេរីភាពបញ្ចេញមតិនេះ មានសារសំខាន់ណាស់សម្រាប់ប្រទេសទាំងឡាយក្នុងការកសាងស្តារឡើងវិញ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ-១៩បានបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។