អាមេរិក​គ្រោង​​បញ្ជូន​​ពលរដ្ឋ​​ខ្មែរ​ ៣០​នាក់​ទៀត ​ទៅ​​កាន់​​​កម្ពុជា​​នៅ​​ចុង​ខែ​​សីហា​

0:00 / 0:00

អាជ្ញាធរ​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក ៣០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​​២២ ខែ​សីហា ខាងមុខ​នេះ។ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​កម្ពុជា អោយ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​កម្ពុជា​ទាំង​ចាប់​បង្ខំ​នោះ ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ដោយសារ​ពួកគេ​បែកបាក់​ពី​ក្រុម​គ្រួសារ និង​មួយ​ចំនួន​ពិបាក​សម្រប​ខ្លួន​ទៅ​ក្នុង​សង្គម និង​វប្បធម៌​ថ្មី ។ ទោះជា​យ៉ាង​ណា ការ​និរទេស​ពលរដ្ឋ​ខ្មែរ​ដែល​រំលោភច្បាប់​អាមេរិក​ទៅ​កម្ពុជា​វិញ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០២។

នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង លោក តាន់ សូនិក (Sonec Tan) បាន​អោយ​អាស៊ីសេរី​ដឹង​ថា អាជ្ញាធរ​អាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣០​នាក់ ពី​សហរដ្ឋអាមេរិក​វិញ នៅ​ចុងខែ​សីហា​នេះ។ ទោះជា​យ៉ាងណា លោក​ថា អង្គការ​របស់​លោក​នៅ​មិនទាន់​បាន​ទទួល​បញ្ជី​ឈ្មោះ ពី​អាជ្ញាធរ​អាមេរិក​នៅឡើយ​ទេ​រហូត​មក​ដល់ពេល​ផ្សាយ​នេះ។ លោក តាន់ សូនិក បញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៦៣៩​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​មក​ដល់​កម្ពុជា​វិញ ក្នុង​នោះ​មាន​បុរស​៦២៣​នាក់ និង​ស្ត្រី ១៦​នាក់។

លោក​បន្ថែម​ថា ការ​ប្រឈម​ខ្លាំង​នោះ គឺ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ត្រលប់​មក​កម្ពុជា​វិញ​ហើយ​នោះ ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រួសារ​នៅ​អាមេរិក និង​នៅ​ស្រុក​ខ្មែរ នៅ​ពេល​អ្នក​ត្រូវ​បញ្ជូន​ត្រលប់​មកវិញ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ខ្វះ​ចំណេះដឹង​ផ្នែក​វប្បធម៌ និង​ភាសា​ខ្មែរ ដែល​ធ្វើ​អោយ​ពួកគេ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​ខ្មែរ។ លោក តាន់ សូនិក ក៏បាន​អោយ​ដឹង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​ភាគរយ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រលប់​មកវិញ​នោះ មានការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​ក្នុង​សង្គម​ដែល​គេ​គិត​ថា មិនមែន​ជា​ប្រទេស​របស់​ពួកគេ។ រហូត​មក​ដល់​ពេល​នេះ ពល​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​នោះ មាន​ចំនួន​២៩​នាក់​បាន​ស្លាប់ ដែល​ក្នុង​នោះ ២​នាក់ បាន​ធ្វើ​អត្តឃាត។

យោង​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​ខ្មែរ​កាលពី​ឆ្នាំ​២០០២ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​ពួកគេ​បាន​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​តាម​ការ​កំណត់​របស់​តុលាការ​រួចហើយ។ អ្នក​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​អាមេរិក​ទាំងនោះ គឺ​ត្រូវតែ​ជា​អ្នក​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិក ទោះបីជា​ពួកគេ​បាន​មក​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាង​ណា​ក្តី​។ ពួកគេ​ភាគច្រើន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​វ័យ​កុមារ មក​ជាមួយ​ឪពុកម្ដាយ​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​ក្រោយ​របប​ខ្មែរក្រហម​បាន​ដួល​រលំ។ ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិក​ហើយ ក្រោយ​ពេល​ជាប់ទោស ពួកគេ​នឹង​មិន​អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​អាមេរិក​ឡើយ នេះ​បើ​ផ្អែក​តាមច្បាប់​អាមេរិក។

លោក អេរិន ឆ្វាតជេស (Arend Zwartjes) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិកត្រូនិច​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​ពុំ​មាន​សិទ្ធិ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។ លោក​បន្ថែម​ទៀត​ថា ស្ថានទូត​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះថា អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ឬ​ហៅ​កាត់​ថា​ខ្វាវ (KVAO) ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ​ទាំងនេះ ធ្វើ​ការ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ក្នុង​សង្គម​កម្ពុជា។

ថ្មីៗ​នេះ​មន្ត្រី​អាជ្ញាធរ​អាមេរិក ដែល​ពាក់ព័ន្ធ​ការ​បញ្ជូន​ជនជាតិ​ខ្មែរ​ទៅកាន់​ប្រទេស​កម្ពុជា​វិញ បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា រហូត​មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ខ្មែរ​ជិត ២.០០០​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​នឹង​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ។ ភាគច្រើន​នៃ​ពួកគេ​ទាំងនេះ បាន​ទទួល​ទោស​ពី​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​អាមេរិក។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​បាន​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​តាំងពី​វ័យ​កុមារ ហើយ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០០៤ និយាយ​ថា លោក​បាន​មក​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា (California) ទឹកដី​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៤ ដែល​កាលនោះ​លោក​ទើប​មាន​អាយុ ៣ ឬ៤​ឆ្នាំ​ប៉ុណ្ណោះ។ លោក ហេង ខាលវិន (Calvin Heng) បន្ត​ថា នៅ​ពេល​លោក​មាន​អាយុ​១៩​ឆ្នាំ មាន​ពេល​មួយ​នោះ លោក​មាន​ទំនាស់​ទាស់ទែង​វាយ​គ្នា​ជាមួយ​អ្នក​ផ្សេង ក៏​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​ចំនួន ៤​ឆ្នាំ រហូតដល់​លោក​អាយុ ២៣​ឆ្នាំ។ សព្វថ្ងៃ​នេះ​លោក​មាន​អាយុ ៣៧​ឆ្នាំ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​មកដល់​ប្រទេស​កម្ពុជា លោក​ក៏​មាន​ភរិយា​ជា​ជនជាតិ​អាមេរិក​ហើយ​មាន​កូនស្រី​ពីរ​នាក់ ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១១​ឆ្នាំ។ លោក​ថា បើ​ទោះ​បី​លោក​មិន​អាច​វិល​ត្រលប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ​ក្តី តែ​ភរិយា​និង​កូនស្រី​របស់​លោក​បាន​ទៅ​រស់នៅ​អាមេរិក​ដើម្បី​អោយ​កូនៗ​បាន​សិក្សា និង​រៀន​សូត្រ​នៅ​ទីនោះ តែ​ពួកគេ​បាន​មក​លេង​លោក​ជា​រៀងរាល់​ឆ្នាំ​ពេលទំនេរ​ពី​ការសិក្សា។ លោក ហេង ខាលវិន បន្ថែម​ទៀត​ថា ពេល​លោក​មកដល់​ស្រុក​ខ្មែរ​ដំបូង លោក​ជួប​ការ​លំបាក​ច្រើន​ដោយសារតែ​លោក​បាន​ទៅ​រស់នៅ​អាមេរិក​តាំងពី​វ័យ​នៅ​ក្មេង។ លោក​ថា ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​លោក​បាន​នាំ​មិត្តភ័ក្ដិ​ដែល​មក​ជាមួយគ្នា បង្កើត​ជា​អង្គការ​ស្ម័គ្រចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា អោយ​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន នឹង​ការ​ឆ្លង​ជំងឺ​អេដស៍ ជាដើម។

លោក ហេង ខាលវិន ដែល​បច្ចុប្បន្ន​កំពុង​បំរើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នា​ក្រុងភ្នំពេញ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អស់​រយៈ​៦​ឆ្នាំ​ក្នុងនាម​ជា​នាយក​ទីផ្សារ។ លោក​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​អាមេរិក​កែសម្រួល​ផ្លូវច្បាប់​ហើយ​បញ្ឈប់​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​ក្មេងៗ មកកាន់​ប្រទេស​កម្ពុជា​វិញ ព្រោះ​ការ​បញ្ជូន​ពួកគេ​មក​ប្រទេស​កម្ពុជា​វិញ​ជា​រឿង​អយុត្តិធម៌ ដោយ​ពួកគេ​ត្រូវ​រស់នៅ​បែក​ក្រុម​គ្រួសារ​ប្រពន្ធ​កូន។ លោក​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ គួរ​ត្រូវ​បាន​ផ្ដល់​ឱកាស​ជា​លើក​ទី​ពីរ​ក្នុង​ការ​បាន​រស់នៅ​លើទឹក​ដី​អាមេរិក។

លោក​ឧត្ដមសេនីយ៍ ម៉ៅ ចាន់តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួង​មហាផ្ទៃ ថ្មីៗ​នេះ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សំដី​ចុះផ្សាយ​ថា សមត្ថកិច្ច​កម្ពុជា​មាន​ការ​ខ្វះខាត​សម្ភារៈ​និង​អាគារ​សម្រាប់​ទទួល​ជនជាតិ​ខ្មែរ​ដែល​អាជ្ញាធរ​អាមេរិក​បញ្ជូន​មកវិញ ដួច​នេះ​ធ្វើ​អោយ​មាន​ការ​លំបាក​ខ្លាំង ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ថា ភាគី​កម្ពុជា​បាន​ស្នើ​ទៅ​ខាង​ភាគី​អាមេរិក​អោយ​ជួយ​ផ្ដល់​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​នៅតែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយតប​ណាមួយ​ពី​ភាគី​សហរដ្ឋអាមេរិក​នោះ​នៅឡើយ​ទេ។ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អាជ្ញាធរ​កម្ពុជា ដើម្បី​បញ្ជាក់​បន្ថែម​ពី​រឿង​នេះ ប៉ុន្តែ ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ គ្រប់រូប នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា ហើយ​ជួយ​សម្រួល​ដល់​ការ​ទទួល​បាន​ឯកសារ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​សំបុត្រកំណើត សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ជាដើម ហើយ​ថា​ការ​សហការ​របស់​អាជ្ញាធរ​កម្ពុជា​មាន​សារសំខាន់។

លោក តាន់ សូនិក ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង អោយ​ដឹង​ថា អង្គការ​របស់​លោក​ទទួល​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ធ្វើ​ការងារ​នេះ ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា យូសេដ (USAID) និង​អង្គការ​នៃ​គណៈកម្មាធិការ​កណ្ដាល Mennomite។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​បួន ដែល​មិន​ព្រម​សហការ​ទទួលយក​ពល​រដ្ឋ​របស់​ខ្លួន​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រទេស​បី​ទៀត​មកពី​ទ្វីប​អាហ្វ្រិក មាន​ប្រទេស អេរិចទ្រា (Eritrea) ហ្គីនៀ (Guinea) និង​ប្រទេស​សារ៉ាឡេអូន (Sierra Leone) ។ ភ្លាមៗ​ក្រោយ​អាមេរិក​ប្រកាស​ផ្អាក​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏បាន​ប្រកាស​សងសឹក​ដល់​អាមេរិក​វិញ​ដោយ​ប្រកាស​អោយ​ផ្អាក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាមេរិក ក្នុង​ការ​ស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង ដែល​បាន​ស្លាប់​កាលពី​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ដែល​កាលនោះ​មាន​ទាហាន​អាមេរិក​ជិត ១០០​នាក់ បាន​បាត់​ខ្លួន​និង​ស្លាប់ ហើយ​ដែល​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​នេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​និង​រក​ឃើញ​អដ្ឋិធាតុ​រួច​មក​ហើយ​។ នៅ​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​សហការ​ជាមួយ​ភាគី​អាមេរិក​វិញ​បន្ទាប់ពី​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បទេស​អាមេរិក ដោយ​ព្រម​ទទួលយក​នូវ​ពលរដ្ឋ​របស់​ខ្លួន​ពី​អាមេរិក​មក​ប្រទេស​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។