ព្រះអង្គ សាំង រិទ្ធី ប្ដេជ្ញា​ចូលរួម​កិច្ច​សង្គម​កាន់តែ​សកម្ម ទោះ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​សម្រេច​ឱ្យ​គង់​នៅ​វត្ត​ផ្សេង​ក្ដី

0:00 / 0:00

ព្រះតេជព្រះគុណ សាំង រិទ្ធី ដែល​ព្រះចៅអធិការ​វត្ត​ដំរី​ស ខេត្តបាត់ដំបង​បណ្ដេញ​ចេញពី​វត្ត​ក្រោយ​ចូលរួម​ប្រារព្ធ​ពិធី​រំលឹក​ខួប​ឃាតកម្ម​បណ្ឌិត កែម ឡី ប្ដេជ្ញា​ថា នឹង​បន្ត​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​ឱ្យ​កាន់តែ​សកម្ម​ជាង​មុន ទោះបីជា​មន្ត្រី​គណសង្ឃ​ខេត្ត​នេះ សម្របសម្រួល​ឱ្យ​ព្រះអង្គ​គង់នៅ​វត្ត​គរ​ដែល​មាន​វិន័យ​តឹងរ៉ឹង​ជាង​វត្ត​មុន​ក៏ដោយ​។ មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ការ​បណ្ដេញ​ព្រះតេជព្រះគុណ សាំង រិទ្ធី និង​សម្របសម្រួល​ឱ្យ​ព្រះអង្គ​ផ្លាស់​ទី​វត្តអារាម​នេះ គឺជា​ការ​ដាក់​សម្ពាធ​កុំឱ្យ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម។

ព្រះតេជព្រះគុណ សាំង រិទ្ធី យល់​ព្រម​តាម​ការសម្រេច​របស់​លេខា​គណសង្ឃ​ខេត្ត​បាត់ដំបង​ព្រះតេជព្រះគុណ វី សុវិជ្ជា នៅ​រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ដែល​សម្របសម្រួល​ឱ្យ​ព្រះអង្គ​គង់នៅ​វត្ត​គរ ស្ថិតនៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​សាលារៀន​ដែល​ព្រះតេជព្រះគុណ សាំង រិទ្ធី កំពុង​បន្ត​ការសិក្សា។

ព្រះតេជព្រះគុណ សាំង រិទ្ធី មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រះចៅអធិការ​វត្ត​ដំរី​ស​ពុំបាន​ផ្ដល់​ដំណោះស្រាយ និង​ផ្ដល់​តម្លៃ​ឱ្យ​ព្រះអង្គ​ដែល​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​ឡើយ ប៉ុន្តែ​បែរជា​បណ្ដេញ​ព្រះអង្គ​ចេញពី​វត្ត​ទាំង​អយុត្តិធម៌។

ព្រះតេជព្រះគុណ សាំង រិទ្ធី បញ្ជាក់​ថា ទោះបីជា​រង​ការ​រឹតត្បិត​សេរីភាព និង​គំនាប​សង្កត់​គ្រប់​រូបភាព​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​បន្ត​ចូលរួម​ធ្វើ​កិច្ចការ​ជា​ប្រយោជន៍​សង្គម ដើម្បី​បណ្ដុះ​គំនិត និង​ដាស់​ស្មារតី​ដល់​ព្រះសង្ឃ​ផ្សេងទៀត រួម​ទាំង​ពលរដ្ឋ ជាពិសេស​យុវជន​ឱ្យ​ចេះ​ឈឺឆ្អាល​ពី​បញ្ហា​សង្គមជាតិ។

ព្រះតេជព្រះគុណ សាំង រិទ្ធី៖ «អាត្មា​នៅតែ​បន្ត​បោះជំហាន​ទៅ​មុខ​ទៀត ទោះ​ឧបសគ្គ​នោះ​រាំងស្ទះ ឬ​បាំង​មុខ​បែប​ណា​ក៏​ដោយ​អាត្មា​នៅតែ​បន្តសកម្មភាព​នៅតែ​ធ្វើ​បន្ត​ទៀត ដោយសារតែ​ការ​ស្រឡាញ់​ពេញចិត្ត​ចេញពី​បេះដូង ឆន្ទៈ​មាំមួន និង​សេចក្ដីក្លាហាន​របស់​អាត្មា​ភាព​ផ្ទាល់​។ រឿង​អាត្មា​ធ្វើ​នេះ​គឺ​អត់​មាន​ស្ថិត​ក្រោម​បក្ស​នយោបាយ ផ្អែក​ខាង​ណា ខាង​ណី​ទេ គឺ​អព្យាក្រឹត្យ ការ​ធ្វើ​នេះ​ស្ម័គ្រចិត្ត ចេញពី​ឆន្ទៈ ចេញ​ពី​បេះដូង​ខ្លួនឯង»។

ព្រះចៅ​អធិការ​វត្ត​ដំរី​ស​ព្រះនាម ផុន សុខគា បាន​បណ្ដេញ​ព្រះតេជព្រះគុណ សាំង រិទ្ធី ចេញពី​វត្ត​កាលពី​យប់​ថ្ងៃទី​១៥ ខែ​កក្កដា បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ជាមួយ​យុវជន និង​ព្រះសង្ឃ​ប្រមាណ ៤០​នាក់ និង​អង្គ កាលពី​ថ្ងៃទី​១០ ខែកក្កដា ធ្វើ​ធម្ម​យាត្រា​អប់រំ​សីល​៥ នៅ​ក្រុង​បាត់ដំបង​ដើម្បី​ឧទ្ទិស​កុសល​ខួប ៨​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី និង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ការ​សម្របសម្រួល​របស់​លេខា​គណសង្ឃ​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា ព្រះតេជព្រះគុណ វី សុវិជ្ជា បាន​អនុញ្ញាត​ឱ្យ​ព្រះតេជព្រះគុណ សាំង រិទ្ធី ព្រះចៅ​អធិការ​វត្ត​ដំរី​ស​ព្រះនាម ផុន សុខគា និង​មន្ត្រី​សង្ឃ​មួយចំនួន​ចូលរួម​តែ​ប៉ុណ្ណោះ ចំណែក​ព្រះសង្ឃ ៥​អង្គ​ផ្សេងទៀត​ដែល​ជា​មិត្ត​ភ័ក្ដិ​របស់​ព្រះតេជព្រះគុណ សាំង រិទ្ធី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ឡើយ។

ព្រះសង្ឃ​គង់នៅ​វត្ត​បច្ឆា ព្រះតេជព្រះគុណ ហេង ហាក់ ដែល​ចូលរួម​ឃ្លាំមើល​ការ​សម្របសម្រួល​នេះ​មាន​ថេរ​ដីកា​ថា គោលបំណង​នៃ​ការចូលរួម​សម្របសម្រួល​នេះ ព្រះសង្ឃ​ក៏បាន​ដាក់​សំណើ​ដល់​មន្ត្រី​សង្ឃ និង​ចៅអធិការ​វត្ត​ដំរី​ស ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ចំពោះ​ព្រះសង្ឃ​ដែល​មាន​ឆន្ទៈ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​។ ព្រះតេជព្រះគុណ ហេង ហាក់ ឱ្យ​ដឹង​ទៀត​ថា ក្នុង​នីតិវិធី​សម្របសម្រួល​ព្រះចៅ​អធិការ​វត្ត​ដំរី​ស​នៅតែ​ចិញ្ចឹម​ព្រះទ័យ​បណ្ដេញ ព្រះតេជព្រះគុណ សាំង រិទ្ធី ចេញពី​វត្ត​ដោយ​សម្អាង​ថា ព្រះសង្ឃ​ក្នុង​វត្ត​ដំរី​ស​ជាង ១​រយ​អង្គ (១១៣) បាន​ផ្ដិតមេដៃ​មិន​គាំទ្រ​ឱ្យ​ព្រះតេជព្រះគុណ សាំង រិទ្ធី គង់នៅ​ក្នុង​វត្ត​បន្ត​ទៀត ប៉ុន្តែ​ព្រះចៅ​អធិការ​វត្ត​ដំរី​ស ពុំ​បាន​បង្ហាញ​លិខិត​ស្នាម​មេដៃ​ព្រះសង្ឃ​ឡើយ។

ព្រះតេជព្រះគុណ ហេង ហាក់៖ «នៅក្នុង​អង្គ​នៃ​ការប្រជុំ​ហ្នឹង​មន្ត្រី​សង្ឃ​និយាយ​ច្រើន ព្រះតេជព្រះគុណ សាំង រិទ្ធី មិន​មាន​ឱកាស​និយាយ​ក្នុង​ការ​ស្នើ​ប្រាប់​ឱ្យ​មន្ត្រី​សង្ឃ ដើម្បី​បកស្រាយ​ឱ្យ​ពួក​យើង​ក៏​អត់​មានឱកាស​ដែរ ព្រោះ​គោលបំណង​នៃ​ការ​ចូល​សាលាគណ​ក៏​យើង​មាន​សំណូមពរ សុំឱ្យ​មន្ត្រី​សង្ឃ​បើក​សិទ្ធិ​សេរីភាព​ព្រះសង្ឃ​ដែល​ចូលរួម​ការងារ​សង្គម​សុំ​ឱ្យ​មាន​សេរីភាព​ចូលរួម ក៏​សុំ​ឱ្យ​មន្ត្រី​សង្ឃ​មិនគួរ​ណា​មាន​បទបញ្ជាផ្ទៃក្នុង​បិទ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ​ចូលរួម​កិច្ចការ​សង្គម​ទេ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លេខាគណសង្ឃ​ខេត្ត​បាត់ដំបង​ព្រះតេជព្រះគុណ វី សុវិជ្ជា និង​ព្រះ​ចៅអធិការ​វត្ត​ដំរីស ព្រះតេជព្រះគុណ ផុន សុខគា ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​១៨ ខែ​កក្កដា។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ទោះបីជា​មានការ​សម្របសម្រួល​ឱ្យ​ព្រះតេជព្រះគុណ សាំង រិទ្ធី បាន​គង់នៅ​វត្ត​គរ ប៉ុន្តែ​អាច​នឹង​បង្ក​ជា​ការ​លំបាក​ដល់​ព្រះអង្គ​ក្នុង​ការ​ចំណាយធនធាន​ច្រើនជាង​មុខ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា​។ លោក អ៊ិន គង់ជិត មើល​ឃើញ​ថា ការ​សម្រួល​ឱ្យ​ព្រះអង្គ សាំង រិទ្ធី គង់នៅ​វត្ត​គរ​នេះ ក៏​អាច​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត ដើម្បី​កុំឱ្យ​ព្រះអង្គ​ចូលរួម​កិច្ចការ​សង្គម ដោយសារតែ​វត្ត​គរ មាន​វិន័យ និង​ការ​រិតត្បិត​កាន់តែ​ខ្លាំង​ចំពោះ​ព្រះសង្ឃ​ដែល​សកម្ម​ចូលរួម​កិច្ចការ​សង្គម។

លោក អ៊ិន គង់ជិត៖ «វត្ត​គរ គឺជា​ទីស្នាក់ការ​សាលា​អនុគណ​ក្រុង​បាត់ដំបង​ដែល​រួមរឹត និង​បទ​វិន័យ​តឹងរ៉ឹង​ជាង​វត្ត​ដំរី​ស​ទៀត លោក​រង​សម្ពោធ​ហ៊ុមព័ទ្ធ​ដោយ​វិន័យ បទបញ្ជា​តឹងរ៉ឹង​ជាង​វត្ត​ដំរី​ស​ទៀត ក្នុង​ន័យ​នេះ សង្គម​ស៊ីវិល​យើង​នៅតែ​ចាត់​ថា ការ​បំលាស់ទី​របស់​ព្រះតេជព្រះគុណ សាំង រិទ្ធី ទៅ​គង់នៅ​វត្ត​គរ ជាទី​អាសនៈ​សមរម្យ​មែន ប៉ុន្តែ​ហាក់ដូចជា​ការ​ដាក់ទោស​ទណ្ឌ​ព្រះតេជព្រះគុណ ដែល​ថ្ងៃ​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​សព​លោក កែម ឡី ថ្ងៃទី​១០ កក្កដា កន្លង​មក​។ ជា​ការណ៍​មួយ​ដែរ ដូចជា​ការ​ព្រមាន ការ​បន្លាច ការ​បំភ័យ ការ​គំរាមកំហែង លើ​សង្ឃ​អង្គ​ណា​ដែល​ហ៊ាន​ចេញ​ធ្វើ​ធម្ម​យាត្រា​ផ្សេងៗ»។

ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សកម្មភាព​ព្រះសង្ឃ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​សកម្ម​ក្នុង​ការ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម និង​តវ៉ា​ដោយ​សន្តិវិធី​នា​ពេល​កន្លង​មក គឺ​ធ្វើ​ឡើង​ស្របតាម​ឆន្ទៈ និង​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ដោយ​ពុំ​មែន​បម្រើ​ដល់​ផលប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

ព្រះតេជព្រះគុណ សាំង រិទ្ធី ក៏​ស្នើ​ឱ្យ​មន្ត្រី​សង្ឃ​ក្នុង​ខេត្តបាត់ដំបង​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព និង​ស្នើ​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​ដំរី​ស បញ្ឈប់​ការ​បំបិទ​សំឡេង​ព្រះសង្ឃ​ដែល​ឈឺឆ្អាល និង​ចូលរួម​ធ្វើ​កិច្ចការ​សង្គមជាតិ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។