រដ្ឋាភិបាលកម្ពុជា ព្រមានប្រើប្រាស់សិទ្ធិអធិបតេយ្យ ដើម្បីពិចារណាបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ប្រសិនបើការិយាល័យមិនបន្តកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដោយត្រូវអនុវត្តលក្ខខណ្ឌមួយចំនួន។ តាមរយៈលិខិតរបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ផ្ញើជូនឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ (Geneva) កាលពីថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជា សម្ដែងការខកចិត្ត ដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា រំលោភលើតួនាទីរបស់ខ្លួនដែលបានកំណត់នៅក្នុងអនុស្សរណៈយោគយល់គ្នា (MoU)។ ក៏ប៉ុន្តែមន្ត្រីផ្នែកសិទ្ធិអន្តរជាតិ ហៅលិខិតរបស់ក្រសួងការបរទេសកម្ពុជា នេះ មិនសមហេតុផល។
ភាពតានតឹងរវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានកើតឡើងកាលពីចុងខែតុលា បន្ទាប់ពីការិយាល័យនេះ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពន្យល់ពីការរារាំងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនឲ្យចូលមកប្រទេសកម្ពុជា។ ភ្លាមៗនោះ ក្រសួងការបរទេស បានហៅទង្វើនេះ ថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លិខិតរបស់លោក ប្រាក់ សុខុន សរសេរថា ឧត្ដមស្នងការការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជា បានលើកយកមាត្រា២ (កថាខណ្ឌ៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងពីការគោរពគោលការណ៍អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា ចោទថា តំណាង និងអ្នកនាំពាក្យការិយាល័យនេះ បានបញ្ចេញឥរិយាបថព្រហើន និងមិនគោរពអធិបតេយ្យភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា អះអាងថា មិនអាចទទួលយកបាន។ រដ្ឋាភិបាលកម្ពុជា ព្រមានប្រើប្រាស់សិទ្ធិអធិបតេយ្យ ដើម្បីពិចារណាបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូប៊ឺតសុន (Phil Robertson) ប្រាប់អាស៊ីសេរីថា ការព្រមានរបស់ក្រសួងការបរទេសនេះ ជាការគំរាមកំហែងដល់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា និងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ដោយរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិមនុស្សសំខាន់ៗ។
លោកបញ្ជាក់ថា កិច្ចការដែលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកំពុងធ្វើ គឺឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងផ្នែកសិទ្ធិមនុស្សដែលរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា។ លោកថា លិខិតរបស់ក្រសួងការបរទេសកម្ពុជានេះ មិនសមហេតុផល។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា មិនទាន់ឆ្លើយតបនឹងអាស៊ីសេរី ទាក់ទងនឹងរឿងនេះនៅឡើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
អនុស្សរណៈនៃការយោគយល់គ្នាចុងក្រោយ ដែលរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យការិយាល័យផ្នែកសិទ្ធិមនុស្សនេះ ប្រតិបត្តិការនៅកម្ពុជា បានអស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។
រដ្ឋាភិបាលកម្ពុជា សម្រេចរង់ចាំរហូតដល់ថ្ងៃទី៣០ ធ្នូ២០១៦ ឲ្យការិយាល័យនេះបញ្ជាក់ពីការទទួលអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងភាគីទាំងពីរ ដោយផ្អែកលើគោរពមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពកម្ពុជា។
រដ្ឋាភិបាលកម្ពុជា ហៅការិយាល័យនេះ ដែលមិនទាន់ចុះកិច្ចព្រមព្រៀងជាថ្មី ថាខុសច្បាប់។ លោក ហ្វីល រូប៊ឺតសុន ស្នើឲ្យប្រទេសម្ចាស់ជំនួយលើកឡើងពីការព្រួយបារម្ភនេះទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា រដ្ឋាភិបាលត្រូវអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ហើយការិយាល័យមួយនេះ ជាផ្នែកមួយនៃកាតព្វកិច្ចដែលត្រូវអនុញ្ញាតឲ្យបន្តប្រតិបត្តិការដោយគ្មានការគំរាមកំហែង។
កិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ នេះ រដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យមានវត្តមាននៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការងារបច្ចេកទេសឃ្លាំមើលសិទ្ធិមនុស្ស។
ក្នុងលិខិតផ្ញើទៅទីក្រុងហ្សឺណែវ លោក ប្រាក់ សុខុន អះអាងថា រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយលើកកម្ពស់សេរីភាពជាមូលដ្ឋាន។ លោកលើកឡើងថា ការអនុញ្ញាតឲ្យមានអ្នកសរសេររបាយការណ៍ពិសេស ការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ការអនុញ្ញាតឲ្យអង្គការជាតិ និងអន្តរជាតិ និងការបើកសេរីភាពសារព័ត៌មាន។
ទោះបីជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ អះអាងថា បរិយាកាសសិទ្ធិមនុស្សនៅកម្ពុជា កំពុងតានតឹង និងធ្លាក់ចុះ តាមរយៈការប្រើប្រាស់តុលាការ និងការបង្កើតច្បាប់ដើម្បីបំបិទសិទ្ធិ និងគំរាមកំហែងសង្គមស៊ីវិល សកម្មជន មេដឹកនាំសហគមន៍ ពលរដ្ឋ និងបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។