សកម្មជន​បរិស្ថាន​រំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម

0:00 / 0:00

ក្រុម​សកម្មជន​ការងារ​បរិស្ថាន និង​សង្គម​ជិត​២០​នាក់​នៅ​ថ្ងៃទី​៤ មិថុនា នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ដើម្បី​រំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន ៣​ឆ្នាំ របស់​សកម្មជន​នយោបាយ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit)។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា តុលាការ​កម្ពុជា​គួរ​ពន្លឿន​នីតិវិធី​អំពី​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​រូប​នេះ ដើម្បី​បង្ហាញ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។

សកម្មជន​ការងារ​បរិស្ថាន និង​សង្គម​ដែល​បាន​ដើរ​ហែ​ក្បួន​រំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ លើកឡើង​ថា ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ជនជាតិ​ណាក៏ដោយ​នៅ​លើ​ទឹកដី​កម្ពុជា គឺជា​ការ​គំរាមកំហែង​ទៅ​ដល់​សកម្មជន​ទូទៅ ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ក្រុម​សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​ទាំងនោះ​ដើរ​ដង្ហែ​ក្បួន​ជា​ជួរ​ចេញពី​ចំណុច​បាត់​ខ្លួន សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្សលោក វ៉ាន់ឆាឡឺម ចាប់ពី​ចំណុច​ខាងមុខ​អគារ​វិមាន​មេគង្គ រហូតដល់​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វា​ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ ៣​គីឡូ​ម៉ែត្រ។ ក្រុម​យុវជន​បាន​ដើរ​កាន់​ក្រដាស​រូប​មុខ​លោក វ៉ាន់ឆាឡឺម និង​មាន​កាន់​រូបថត​របស់​លោក​មួយ​សន្លឹក​ផ្សេង​ទៀត​ជាប់​នៅ​នឹង​ដៃ ដែល​មាន​ពាក្យ​ថា យុត្តិធម៌​សម្រាប់ លោក វ៉ាន់ឆាឡឺម។ ក្រៅ​ពី​នេះ យុវជន​ម្នាក់​ដែល​មាន​កាន់​មីក្រូ​ខ្នាត​តូច​នៅ​ជាប់​ដៃ បាន​ដើរ​ផង​និង​និយាយ​រៀបរាប់​ពី​ការ​បាត់​ខ្លួន​របស់​លោក វ៉ាន់ឆាឡឺម ផង​ដែរ។

police_ban060423.jpg
សមត្ថកិច្ច​ចុះ​រារាំង​ក្រុមយុវជន និង​ព្រះសង្ឃ ដែល​ធ្វើ​ពិធីរំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន ៣​ឆ្នាំ របស់​សកម្មជន​នយោបាយថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) មុខ​ស្ថានទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា នៅថ្ងៃទី៤ មិថុនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី លើកឡើង​ថា គោល​បំណង​នៃ​ការ​ដើរ​ដង្ហែ​ក្បួន​នេះ គឺ​មាន​៣​ចំណុច​សំខាន់ៗ ទី​១ គឺ​ដើម្បី​រំលឹក​ខួប​៣​ឆ្នាំ អំពី​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្សលោក វ៉ាន់ឆាឡឺម ដែល​ត្រូវ​បាន​គេ​ចាប់​បញ្ចូល​រថយន្ត​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០។ ទី​២ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម និង​ទី​៣ គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​សកម្មជន​ការងារ​សង្គម ដែល​ធ្វើ​ការ​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ កញ្ញា​បន្ថែម​ថា បើទោះបីជា​លោក វ៉ាន់ឆាឡឺម ជា​ជនជាតិ​ថៃ​ក្ដី ប៉ុន្តែ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​កម្ពុជា គឺជា​ការ​គំរាមកំហែង​ដល់​សកម្មជន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

កញ្ញា ភួន កែវរស្មី៖ «ខ្ញុំ​សំណូមពរ​ឱ្យធ្វើ​យ៉ាងណា​បន្ត​ស៊ើបអង្កេត​រឿងក្ដី​ទាំងអស់​ហ្នឹង​ដើម្បី​បង្ហាញ​ថា តើន​រណា​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាត់​ខ្លួន ថា តើ​ពេលនេះ​គាត់​ស្លាប់​ឬ​រស់ ធ្វើ​យ៉ាងណា​ឱ្យ​គ្រួសារ​គាត់ ហើយនឹង​គាត់​ទទួល​បាន​យុត្តិធម៌ ទី​១​ហ្នឹង គឺ​បង្ហាញ​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​រដ្ឋាភិបាល​ថៃ ទី​២​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​ថា មិនមែន​ជា​ការ​សហការ​គ្នា​រវាង​រដ្ឋាភិបាល​ថៃ ហើយនឹង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​បាត់​ខ្លួន​មួយ​នេះ ព្រោះ​យើង​ពិតជា​បារម្ភ​ខ្លាំង​មែន​ទែន នៅ​ពេល​ដែល​សកម្មជន​សិទ្ធិមនុស្ស​ត្រូវ​បាន​បាត់​ខ្លួន​បែប​ហ្នឹង»។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាលពី​ថ្ងៃទី​៤ មិថុនា ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ នៅ​មុខ​កន្លែង​ស្នាក់នៅ​របស់​លោក​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។កន្លង​ទៅ​អាជ្ញាធរ​ថៃ​បាន​បដិសេធ​ថា ពួកគេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​នេះ​ទេ។

ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​មិថុនា ក្រុម​សកម្មជន​ជា​យុវជន​ដដែល និង​ព្រះសង្ឃ​មួយ​អង្គ បាន​នាំគ្នា​អង្គុយ​សមាធិ​នៅ​ខាង​មុខ​ស្ថានទូត​ថៃ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ បន្ត​ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម ផង​ដែរ។ ពួកគេ​បាន​អង្គុយ​សមាធិ​ជា​ជួរ​សងខាង​ច្រកចូល​ស្ថានទូត​ថៃ​ប្រមាណ​មួយ​ម៉ោង ដោយ​បាំង​មុខ​ដោយ​រូបថត​លោក វ៉ាន់ឆាឡឺម និង​បាន​ដាក់​រូបថត​លោក វ៉ាន់ឆាឡឺម ដាច់ដោយឡែក​មួយ​សន្លឹក​ទៀត ជាមួយនឹង​ទៀន​នៅ​លើ​ក្លោងទ្វារ​ចេញចូល​ស្ថានទូត​ថៃ។ ក្រៅពី​មាន​មន្ត្រី​សង្កេតការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស CCHR សកម្មភាព​របស់​ក្រុម​សកម្មជន​នេះ​ក៏​មាន​ស្ថាប័ន​ព័ត៌មាន​ថៃ​មួយ តាមដាន​ដែរ​។ ដោយឡែក កម្លាំង​សមត្ថកិច្ច​បាន​ចុះ​សួរនាំ​អំពី​លិខិត​អនុញ្ញាត​ឱ្យ​ជួបជុំ​ពី​ក្រុម​យុវជន​ដែរ ប៉ុន្តែ​ក្រុម​យុវជន​បាន​ជម្នះ​បន្ត​ធ្វើ​សមាធិ​រហូតដល់​ចប់​ទើប​បំបែក​គ្នា​ធ្វើ​ដំណើរ​ទៅផ្ទះ​រៀងៗ​ខ្លួន។

youth_celebrate060423.jpg
ក្រុម​យុវជន និង​ព្រះសង្ឃចូលរួម​ដើរ​ដង្ហែ​ក្បួន​ដើម្បី​រំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន ៣​ឆ្នាំ របស់​សកម្មជន​នយោបាយថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) ដោយ​ពាក់មុខ​នៅ​ក្បែរស្ថានទូត​ថៃ ប្រចាំ​កម្ពុជា នៅថ្ងៃទី៤ មិថុនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​ស្ថានទូត​ថៃ​ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​រំលឹក​ខួប​នៃ​ការ​បាត់​ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ តាម​សារ​អេឡិចត្រូនិច​ផង​ដែរ ប៉ុន្តែ​គិត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ខាង​ស្ថានទូត​ថៃ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ បងស្រី​របស់​លោក វ៉ាន់ឆាឡឺម គឺ​លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) ក៏​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្អូនប្រុស​លោកស្រី​ផង​ដែរ​។ លោកស្រី ស៊ីតាណាន់ បាន​ដាក់​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​បាន​ផ្តល់​សក្ខីកម្ម​ដល់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​មាន​វិធានការណ៍​អ្វី​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃទី​៤ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា តុលាការ​កម្ពុជា​គួរតែ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ លោក វ៉ាន់ឆាឡឺម ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ទៅដល់​គ្រួសារ​របស់​លោក។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​សិទ្ធិមនុស្ស​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​តុលាការ ធ្វើការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ការ​បាត់​ខ្លួន លោក វ៉ានឆាឡឺម​នេះ ដោយ​តម្លាភាព និង​យុត្តិធម៌​ជាពិសេស​គឺ​ការ​ផ្ដល់​ព័ត៌មាន​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់»។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​កាល​ពី​ពេល​កន្លង​ទៅ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង​អំពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​លោក វ៉ាន់ឆាឡឺម។ ស្ថាប័ន​ទាំងនោះ​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ព័ត៌មាន និង​ការ​វិវត្ត​នៃ​ការស៊ើបអង្កេត​លំអិត​ដើម្បី​ធានា​ថា លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិសិទ្ធិ នៅ​កន្លែង​ណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។