ក្រុមគ្រួសារសកម្មជនបរិស្ថានខកចិត្តជាខ្លាំងចំពោះតុលាការសម្រេចបន្តឃុំខ្លួនសកម្មជនបរិស្ថានបីនាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ក្នុងសំណុំរឿង រួមគំនិតក្បត់ មួយទៀត។ ពួកគេយល់ថា ការបន្តឃុំខ្លួនលើសកម្មជនបរិស្ថាននឹងធ្វើឱ្យពួកគេរងភាពអយុត្តិធម៌បន្ថែមទៀតពីសំណុំរឿងចាស់ ខណៈសកម្មភាពរបស់ពួកគេកន្លងមក គឺដើម្បីការពារផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។
ក្រុមគ្រួសារសកម្មជនបរិស្ថានទាំងបីនាក់លើកឡើងថា ដំបូងឡើយពួកគាត់រីករាយពេលទទួលដំណឹងថា តុលាការនឹងដោះលែងសាច់ញាតិឱ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេអនុវត្តទោសក្នុងសំណុំរឿងញុះញង់គ្រប់ចំនួនកំណត់ ១៤ខែ ប៉ុន្តែក្រោយមកក្តីរំពឹងរបស់ពួកគាត់ត្រូវរសាត់ទៅវិញភ្លាមៗ ដោយសារតុលាការនៅតែបន្តឃុំខ្លួនសកម្មជនទាំងនោះដដែលក្នុងសំណុំរឿងរួមគំនិតក្បត់មួយទៀត។
ប្អូនស្រីរបស់សកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា បងស្រីរបស់កញ្ញាបានទាក់ទងមកកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា តុលាការបានសម្រេចបន្តឃុំខ្លួនពួកគាត់ទាំងបីនាក់ក្នុងសំណុំរឿង «រួមគំនិតក្បត់» មួយទៀត ដោយនាងប្រាប់កុំឱ្យគ្រួសារទន្ទឹងរង់ចាំពួកគាត់។ កញ្ញាខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់តុលាការដែលធ្វើឱ្យបងស្រីកញ្ញាទទួលរងអំពើអយុត្តិធម៌បន្ថែមពីសំណុំរឿងចាស់ ព្រោះសកម្មភាពគាត់កន្លងមកធ្វើការងារបរិស្ថានដើម្បីផលប្រយោជន៍រួម ដោយពុំមានកំហុសនោះទេ។ កញ្ញាស្នើយ៉ាងទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងបងស្រី និងសកម្មជនបរិស្ថានដទៃទៀតឱ្យមានសេរីភាពវិញ៖ «សមតែច្រានចោលបទចោទនេះតែម្តង ហើយដោះលែងឱ្យមានសេរីភាព តែឥឡូវហ្នឹងបែរជាគាត់ចេញអត់បានចេញហើយបែរជាចោទបទថ្មី ហើយបន្តឃុំខ្លួនគាត់ទៀត ចឹងវាជារឿងអយុត្តិធម៌មួយទៀតសម្រាប់បងស្រីខ្ញុំ តែគាត់ចាប់បងស្រីខ្ញុំហើយចោទបងស្រីខ្ញុំថារួមកំនិតក្បត់ជាតិទាំងគាត់នៅក្នុងពន្ធនាគារធ្វើអ្វីទៅក្បត់ជាតិ»។

ដូចគ្នានេះដែរ ប្រពន្ធសកម្មជនបរិស្ថានលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ប្រាប់ថា តុលាការមិនទាន់ដោះលែងប្តីលោកស្រីឱ្យនៅក្រៅឃុំនៅឡើយទេ ខណៈក្រុមគ្រួសារកំពុងទន្ទឹងរង់ចាំទាំងក្រៀមក្រំ។ ប្រពន្ធសកម្មជនបរិស្ថានរូបនេះឱ្យដឹងថា ប្តីលោកស្រីត្រូវបានតុលាការសម្រេចបន្តឃុំខ្លួនក្នុងសំណុំរឿងផ្សេងមួយផ្សេងទៀត គឺបទ «រួមគំនិតក្បត់» ដែលសាលាដំបូងរាជធានីភ្នំពេញ បានដាក់ការចោទប្រកាន់ កាលពីខែមិថុនា ចំពេលប្តីលោកស្រីជាប់ពន្ធនាគារក្នុងសំណុំរឿងញុះញង់ជាមួយសកម្មជនពីរនាក់ទៀត។ លោកស្រីចាត់ទុកការបន្តឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងឈឺចាប់បំផុតសម្រាប់សកម្មជនបរិស្ថាន ដែលលះបង់ដើម្បីបុព្វហេតុពលរដ្ឋនិងសង្គម។ ទោះជាយ៉ាងណាថ្ងៃច័ន្ទនេះលោកស្រីនឹងយកកូនទៅរងចាំប្តីនៅមុខពន្ធនាគារម្តងទៀត៖ «ខំទៅយកកូនពីស្រុកមកដើម្បីទៅទទួល ដល់ពេលយើងទៅដល់ពន្ធនាគារអីទៅ យើងបានសួរមន្រ្តីពន្ធនាគារស្រាប់តែឮថា អត់បានដីកាអត់មានអីទេ ហើយប្រហែលជាប់ករណីថ្មី ហើយមានអារម្មណ៍និយាយលែងចេញ ពិបាកនឹងធ្វើចិត្តមែនទែនពីព្រោះប្តីអត់មានសេរីភាព»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់វិទ្យុអាស៊ីសេរីថា សកម្មជនបរិស្ថានទាំងបីនាក់ មិនទាន់ដោះលែងឱ្យនៅក្រៅឃុំទេ ដោយសារពួកគេជាប់សំណុំរឿងមួយទៀត។ លោកបញ្ជាក់ថា ខាងលោកក៏មិនទាន់ទទួលដីកាសម្រេចដោះលែងពីតុលាការនៅឡើយដែរ៖ «មកពីគាត់នៅសល់សំណុំរឿងមួយករណីទៀត បទរួមគំនិតក្បត់ហ្នឹងដែលមិនទាន់ដោះស្រាយហើយហ្នឹង ចឹងយើងដោះលែងមិចកើតបើអត់មានដីកាបង្គាប់ឱ្យដោះលែងផង»។

អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងគម្រោងធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់លុបបឹងតាមោក។ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសពួកគេទាំងបីនាក់ឱ្យជាប់ពន្ធនាគារពី១៨ ខែដល់ ២០ខែ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ ក្រោយមកតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ពួកគេមួយបទល្មើសថ្មីទៀត គឺបទ«រួមគំនិតក្បត់» ដែលត្រូវបានក្រុមអ្នកសិទ្ធិមនុស្សរិះគន់ថា ជារឿងមិនសមហេតុផល និងមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា សប្តាហ៍មុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញលោក យន្ត ណារ៉ុង បានប្រកាសសាលដីកាដោយកាត់តម្រឹមទោស១ឆ្នាំ២ខែដែលពួកគេ នឹងត្រូវដោះលែងនៅថ្ងៃទី៥ វិច្ឆិកា នោះតែម្តង។ ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ បាននាំគ្នារង់ចាំនៅខាងមុខពន្ធនាគារ ប៉ុន្តែទីបំផុតពួកគេមិនត្រូវបានដោះលែងឡើយ។
មេធាវីការពារក្តីឱ្យយុវជនបរិស្ថានទាំងបីនាក់ គឺលោក សំ សុខគង់ ថ្លែងថា រយៈពេលជាង ៥ ខែមកហើយ ដែលសំណុំរឿងរួមគំនិតក្បត់នេះស្ថិតក្នុងដំណាក់ការស៊ើបសួររបស់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញនៅឡើយ។ លោកសង្កេតឃើញថា ការស៊ើបអង្កេត និងការបើកសវនាការជំនុំជម្រះសំណុំរឿងថ្មីនេះ ហាក់យឺតយ៉ាវ ដែលធ្វើប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោក។
លោក សំ សុគង់ យល់ឃើញថា បើតាមច្បាប់រយៈពេលឃុំខ្លួនបណ្តោះពី ៤ ទៅ ៦ ខែ ដែលពួកគេក៏ជិតផុតដែរ ដូច្នេះបើតុលាការបន្តឃុំខ្លួន ត្រូវមានសេចក្តីសម្រេចសម្អាងហេតុមួយ ដើម្បីបន្តឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែមកដល់ពេលនេះក្រុមមេធាវី និងកូនក្តីរបស់លោកមិនទទួលដំណឹងអំពីការបិទការស៊ើបសួរ ឬបន្តឃុំខ្លួននៅឡើយទេ។ ទោះជាយ៉ាងណា ក្រុមមេធាវីនឹងដាក់លិខិតស្នើសុំឱ្យពួកគាត់បាននៅក្រៅឃុំបណ្តោះអាសន្ន និងបន្តស្នើសុំឲ្យចៅក្រមស៊ើបសួរ ទម្លាក់បទចោទប្រកាន់ដល់សកម្មជនទាំងបីនោះ៖ «បទចោទថ្មីទាក់ទងរួមគំនិតក្បត់ហ្នឹង ពួកគាត់កំពុងស្ថិតនៅក្នុងពន្ធនាគារ ទាក់ទងបទចោទទីមួយញុះញុង់ ហើយគាត់អត់មានពេលមកប្រព្រឹត្តបទល្មើសទាក់ទងនឹងបទរួមគំនិតក្បត់ដែលជាបទល្មើសទីពីរនោះទេ បើយើងពិនិត្យអំពីគោលការច្បាប់ ជាពិសេសគោលការមួយដែលចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹងទាក់ទងនឹង អាជ្ញាធរអស់ជំនុំមានន័យថា ការចោទប្រកាន់ជនណាមួយនៅក្នុងសកម្មភាពអង្គហេតុហើយ មិនអាចយកមកចោទប្រកាន់លើកទីពីរក្នុងអង្គហេតុដូចគ្នា ឬក៏ពេលវេលាដូចគ្នានោះទេ»។

ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា កន្លងមកសង្គមស៊ីវិលកន្លងមកតែងតែធ្វើយុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ លើសកម្មជនបរិស្ថាន និងសង្គមទាំងអស់ ព្រោះសកម្មភាពពួកគេគ្រាន់តែអនុវត្តន៍សិទ្ធិជាមូលដ្ឋាន ដើម្បីចូលរួមកិច្ចការងារបរិស្ថាន និងសង្គម។ លោកថាបើតុលាការបន្តការឃុំខ្លួនសកម្មជនទាំងបីទៀត នឹងធ្វើឱ្យសហគមន៍មតិជាតិនិងអន្តរជាតិរិះគន់អំពីការរិតត្បិតសិទ្ធិសេរីភាព ការគំរាមកំហែងលើសេរីភាពជាមូលដ្ឋានរបស់របស់ពលរដ្ឋ៖ «បទចោទប្រកាន់ថ្មីពាក់ព័ន្ធរឿងរួមគំនិតក្បត់ទៅលើពួកគាត់នេះ គឺហាក់បីដូចជាបង្កើនស្ថានទម្ងន់ក្នុងការដាក់សម្ពាធ ឬក៏ការកៀបសង្កត់ រិតត្បិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុមយុវជនទាំងអស់ហ្នឹង ក្នុងការចូលរួមកិច្ចការងារសង្គម បរិស្ថាន ហើយជាសារគំរាមកំហែង បំភ័យទៅដល់យុវជនដទៃទៀត»។
មន្ត្រីសង្គមស៊ីវិល និងគ្រួសារសកម្មជនទាំងនោះ អំពាវនាវឲ្យតុលាការ ពន្លឿនដោះលែងសកម្មជនសង្គម សកម្មជនយោបាយ បរិស្ថាននិងសិទ្ធិមនុស្សផ្សេងៗទៀត ឲ្យបានឆាប់ ព្រោះការបន្តឃុំខ្លួនទៀតនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ធ្ងន់ធ្ងរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។