គ្រួសារជនរងគ្រោះ ដែលត្រូវមន្ត្រីអាវុធហត្ថប្រើអំពើហង្សារហូតដល់ស្លាប់ក្នុងពេលឃាត់ខ្លួន នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទាមទារអាជ្ញាធរពាក់ព័ន្ធរកយុត្តិធម៌ដល់ពួកគាត់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួរបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ ស្វែងរកការពិត និងផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ ហើយដាក់ទោសដល់មន្ត្រីដែលប្រព្រឹត្តកំហុស ដើម្បីបញ្ចៀសកុំឱ្យករណីដូចនេះកើតមានបន្តទៀត។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នារតី ឌីន (Nearadey Din) បានបង្ហោះសារថា ឪពុករបស់នាង ឈ្មោះ សួង ឌ័ន បានស្លាប់បន្ទាប់ពីក្រុមប៉េអិម បានចុះទៅឃាត់ខ្លួនគាត់ ហើយបានសង្កត់កគាត់រហូតដកដង្ហើមមិនចេញ។ កញ្ញាថា ប៉េអិមអនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ ហើយវាជារឿងអយុត្តិធម៌ណាស់សម្រាប់គ្រួសាររបស់កញ្ញា។
កូនជនរងគ្រោះលោក សួង ឌ័ន គឺកញ្ញា ឌីន នារតី ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ សីហាថា កញ្ញាមិនអាចទទួលយកបានទេ ចំពោះលទ្ធផលកោសល្យវិច័យ ដែលចេញដោយប៉ូលិសមូលដ្ឋាន ដែលថា ឪពុករបស់កញ្ញាស្លាប់ដោយសារគាំងបេះដូង ព្រោះកញ្ញាថា ឪពុករបស់កញ្ញាមានសុខភាពល្អ និងមិនដែលមានបញ្ហាជំងឺបេះដូង ឬជំងឺអ្វីផ្សេងៗ ឡើយ។ ជាមួយគ្នានេះ កញ្ញាសុំបដិសេធចំពោះការលើកឡើងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ដែលបានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា កងកម្លាំងកងរាជអាវុធហត្ថ បានជួយធ្វើចលនាបេះដូងដល់ឪពុករបស់កញ្ញា។ កញ្ញាថា ប៉េអិម បានទុកឪពុករបស់កញ្ញាចោលរហូតដល់ស្លាប់ ទើបដឹកទៅពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍៖ « ចាស នៅតែក្ដុកក្ដួល នៅតែសោកសៅ និយាយទៅខ្ញុំចង់សន្លប់ម្ដងៗ ដែរហ្នឹងបង នឹកឃើញមានអារម្មណ៍ថា ខ្លោចចិត្តណាស់ មិនគួរដល់ថ្នាក់ហ្នឹង! និយាយទៅបើថាចាប់ ក៏ចាប់ទៅចុះ ប៉ុន្តែ ហេតុអីដល់ពេលចាប់ហ្នឹង គេស្រែកហើយថា គាត់អត់ស្រួលទេ យកគាត់ទៅពេទ្យសិនទៅ ហើយបន្ទាប់មកចាប់គាត់តាមក្រោយទៅ តែអត់ព្រមទេ»។
អនុប្រធានភូមិរូង លោក សួង ឌ័ន បានស្លាប់ក្នុងពេលកម្លាំងកងរាជអាវុធហត្ថ ចុះទៅឃាត់ខ្លួនលោក និងអ្នកកំពុងលេងល្បែង ឡូតូ អនឡាញ កាលពីថ្ងៃទី៧ សីហា ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រុមគ្រួសារលោក សួង ឌ័ន និងអ្នកភូមិ មិនទទួលយកលទ្ធផលកោសលវិច័យរបស់កម្លាំងសមត្ថកិច្ច ដែលថា លោក សួង ឌ័ន បានស្លាប់ដោយសារជំងឺបេះដូងនោះទេ។ ពួកគាត់ថា របាយការណ៍របស់សមត្ថកិច្ចប៉ូលិសមូលដ្ឋាននោះ គឺជាការគេចវេះមិនទទួលកំហុសរបស់ខ្លួនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី សពរបស់លោកត្រូវបានបញ្ចុះកាលពីថ្ងៃទី៨ សីហា រួចទៅហើយ។
ទាក់ទងរឿងនេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកថា លោកបានបញ្ជាឱ្យផ្អាកការងារ មន្ត្រីពាក់ព័ន្ធដែលចុះទៅឃាត់ខ្លួនជនរងគ្រោះស្ថិតនៅក្នុងបន្ទាយរួចហើយ ដើម្បីរង់ចាំការស៊ើបអង្កេត។ ជាមួយគ្នានេះលោកក៏បាន សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះស្រាវជ្រាវជាបន្ទាន់ដែរ៖ «ខ្ញុំសុំឱ្យមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ ជាមួយក្រុមការងារ ដែលចុះទៅនេះ ដោយម៉ឺងម៉ាត់បំផុត គឺមិនអាចអត់ឱនឱ្យបានទេ សាធារណៈមតិគេប្រកាស គេផ្សាយពេញមួយពិភពលោក » ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រើអំពើហិង្សារបស់អាជ្ញាធរក្នុងពេលចុះឃាត់ខ្លួននេះ គឺជាអំពើល្មើសច្បាប់។ លោកបន្តថា ក្នុងករណីរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារការសង្កត់បំពង់ក មន្ត្រីអាវុធហត្ថ ដែលបានប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវក្នុងនាមជាបុគ្គល ប្រព្រឹត្តបទល្មើស៖ «យើងជាសង្គមស៊ីវិល យើងទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីធ្វើការស៊ើបអង្គេតដោយតម្លាភាព ស្វែងរកយុត្តិធម៌ យុត្តិធម៌នេះ គឺយុត្តិធម៌ទាំងសងខាង បើរកទៅឃើញថា ពាក់ព័ន្ធ អាហ្នឹងត្រូវតែអនុវត្តតាមផ្លូវច្បាប់»។
ករណីពលរដ្ឋស្លាប់ដោយសារអំពើហិង្សាពីសំណាក់មន្ត្រីប៉េអិមពេលត្រូវបានចាប់ខ្លួននេះ ធ្លាប់កើតមានរួចមកហើយ។ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ អតីតមន្ត្រីប៉េអិមជាន់ខ្ពស់ពីររូបនៅខេត្តបន្ទាយមានជ័យបានប្រើហិង្សា និងធ្វើទារុណកម្មលើពលរដ្ឋតវ៉ាដីធ្លីចំនួន៥ នាក់ បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់ និងមួយចំនួនទៀតរងរបួស។ តុលាការខេត្តបន្ទាយមានជ័យបានផ្ដន្ទាទោសជនដៃដល់ទាំងពីររូបដាក់ពន្ធនាគារម្នាក់ ៤ឆ្នាំ និងម្នាក់ទៀត ៧ឆ្នាំពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។