អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរារាំង និងផ្តល់សិទ្ធិអោយភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអ្នកផ្ដល់ជំនួយនានា អាចចូលទៅផ្ដល់ជំនួយទៅដល់ពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម។
មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលស្វាគមន៍ជំនួយសង្គ្រោះគ្រប់ប្រភេទ ប៉ុន្តែក្រុមអ្នកចង់ចែកជំនួយ និងស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
មន្ត្រីការពារសិទ្ធិមនុស្សចង់អោយរដ្ឋាភិបាលសម្របសម្រួលរកមធ្យោបាយធ្វើយ៉ាងណាឱ្យភ្នាក់ងារម្ចាស់ជំនួយអន្តរជាតិ និងក្រុមអ្នកផ្ដល់ជំនួយអាចចុះទៅជួយពលរដ្ឋដោយផ្ទាល់ជាជាងផ្ដល់ជំនួយតាមរយៈអាជ្ញាធរ។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត អោយដឹងថាក្រុមអង្គការនីមួយៗ មានបេសកកម្ម និងគោលដៅរៀងៗ ខ្លួន ដែលអាជ្ញាធរគួរសម្រួលដល់ពួកគេ ដើម្បីអាចចុះជួយពលរដ្ឋដោយផ្ទាល់៖ « ខាងអាជ្ញាធរគិតគូរអំពីសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ឬក៏របស់អ្នកដែលទៅចែក។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលយើងប្រើប្រាស់នូវសម្ភារៈតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយពេលមានសប្បុរសជនគាត់ចង់ចែក ខ្ញុំគិតថា គួរតែសម្របសម្រួលអនុគ្រោះឱ្យគាត់ចុះចែកទៅ វាក៏ជាការល្អដែរ សម្រាប់រឿងអស់ហ្នឹង ព្រោះវាជាការរួមគ្នា រវាងសប្បុរសជន អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិជាមួយអាជ្ញាធរ ដើម្បីជួយប្រជាពលរដ្ឋ » ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី៥ ខែឧសភា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរារាំង និងផ្តល់សិទ្ធិអោយភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអ្នកផ្ដល់ជំនួយនានា ដើម្បីឱ្យពួកគេអាចចូលទៅផ្ដល់ជំនួយដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ ខែឧសភាថា រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនការពារសហគមន៍ក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលបិទខ្ទប់។ លោកបន្តថារដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយទទួលបានសិទ្ធិពេញលេញជួយពលរដ្ឋ ដែលស្រេកឃ្លានស្បៀងអាហារ សេវាថែទាំសុខភាព និងតម្រូវការចាំបាច់ផ្សេងៗ ទៀត ដើម្បីរស់រានមានជីវិត។
អង្គការដដែលនេះបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ ខែមេសា តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្រូវដាក់ជាតំបន់ក្រហម ដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង ៣សែននាក់ (៣០០.០០០)។ អ្នកនៅក្នុងតំបន់នេះត្រូវអនុវត្តវិធានការតឹងរ៉ឹងបំផុតរួមទាំងការហាមឃាត់មិនឱ្យចេញពីផ្ទះសម្បែង លើកលែងតែករណីចាំបាច់ទាក់ទងបញ្ហាសុខភាព។ ពួកគេភាគច្រើនពុំមានលទ្ធភាពទទួលបានស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់មួយចំនួនទៀតអស់ជាច្រើនសប្ដាហ៍។ ចំណែកភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិ និងក្រុមក្នុងស្រុក ដែលត្រៀមផ្ដល់ជំនួយដោយផ្ទាល់ ក៏ត្រូវអាជ្ញាធរបដិសេធមិនឱ្យចូលក្នុងតំបន់បិទខ្ទប់នោះថែមទៀត។
ទាក់ទងនឹងការហាមឃាត់ផ្តល់ជំនួយវិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២ ឧសភាថា កន្លងមក មានអង្គការសង្គមស៊ីវិលមួយចំនួនទាមទារចុះចែកអំណោយក្នុងតំបន់ក្រហមដោយខ្លួនឯង ដោយលោកចោទថា ធ្វើតាមបែប «អនាធិបតេយ្យ»។ ដូច្នេះលោកថា រដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកគេធ្វើដូច្នោះទេ ព្រោះបំពានវិធានការបិទខ្ទប់។ តែទោះជាយ៉ាងណារដ្ឋាភិបាលប្រកាសថានឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រឹមថ្ងៃទី៦ ខែឧសភានេះ ហើយតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់តឹងរ៉ឹងនោះ ក៏ត្រូវកាត់បន្ថយ។
រីឯអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី០៥ ឧសភា ថា បើទោះបីជាតំបន់ក្រហមត្រូវកាត់បន្ថយក៏ពុំទាន់មានគោលការណ៍ថ្មីទាក់ទងនឹងការផ្ដល់ជំនួយនៅក្នុងតំបន់នេះដែរគឺត្រូវតែឆ្លងកាត់ការសហការជាមួយអាជ្ញាធរដដែល។ លោកនៅតែអះអាងដដែលថា មកដល់ពេលនេះពុំមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនៅឡើយទេ នៅក្រោមការចាត់ចែងរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងតំបន់បិទខ្ទប់នេះ៖ « បើសិនជាយើងយកជំនួយទៅកាន់តំបន់ហាមឃាត់ តំបន់ក្រហមទាល់តែយើង សហការគ្នាជាមួយអាជ្ញាធរនៅទីនោះ ដើម្បីរៀបចំវិធានការសុខាភិបាល ចៀសវាងការចម្លងជំងឺទៅវិញទៅមកទាំងក្នុងសហគមន៍ ទាំងរវាងអ្នកចុះចែកអំណោយ និងអ្នកទទួលអំណោយ » ។
យ៉ាងនេះក្ដី លោកទទួលស្គាល់ថាការផ្ដល់ជំនួយដោយអាជ្ញាធរពុំបានភ្លាមៗ ព្រមៗ គ្នាទៅតាមសេចក្ដីត្រូវការបន្ទាន់របស់ពលរដ្ឋទាំងអស់ទេ គឺត្រូវមានតាមលំដាប់លំដោយដែលអាជ្ញាធររៀបចំ។ លោកថាអាជ្ញាធរប្រឹងប្រែងធ្វើការ ដើម្បីអាចផ្ដល់ជំនួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះទាំងអស់។ តែទោះជាយ៉ាងក្ដី ណាមកដល់ពេលនេះនៅតែ មានពលរដ្ឋដង្ហោយហៅរកជំនួយសង្គ្រោះ ពីអាជ្ញាធរនៅឡើយ បើទោះបីជាពួកគាត់បានជាប់ក្នុងតំបន់បិទខ្ទប់អស់ជាច្រើនសប្ដាហ៍មកហើយក្ដី។
រដ្ឋាភិបាលបានសម្រេចបិទតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសក្នុងតំបន់រោងចក្រ ដោយតម្រូវឱ្យពលរដ្ឋធ្វើចត្តាឡីស័កតាំងពីថ្ងៃទី១០ ខែមេសា គឺនៅក្រោយពេលដែលមានកម្មករនៅរោងចក្រ ឌីនហាន (DINHAN) បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់មក បានសម្រេចបិទក្រុងភ្នំពេញ និងក្រុងតាខ្មៅជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមេសា។
កាលពីថ្ងៃទី៣០ មេសា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងវិបត្តិសិទ្ធិមនុស្ស ដោយសារពលរដ្ឋក្នុងតំបន់បិទខ្ទប់កំពុងប្រឈមនឹងការដាច់បាយ។ អង្គការនេះ ក៏បានលើកឡើងដូចគ្នាថា ខ្លួនបានទទួលសេចក្ដីរាយការណ៍នានា គួរឱ្យភ្ញាក់ផ្អើលដែលថា សូម្បីតែអង្គការសង្គមស៊ីវិលផ្នែកមនុស្សធម៌ ត្រូវបានអាជ្ញាធររដ្ឋាភិបាលរារាំងមិនឱ្យចែកស្បៀងអាហារ និងផ្តល់ជំនួយចាំបាច់ផ្សេងទៀតដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម បើទោះបីជាពួកគេត្រូវការជំនួយជាបន្ទាន់យ៉ាងណាក្តី។
បន្ថែមពីបញ្ហាខ្វះខាតស្បៀងអាហាររបស់ពលរដ្ឋនេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ព្រួយបារម្ភពីការប្រើកម្លាំងមិនចាំបាច់ និងជ្រុលហួសហេតុពេករបស់អាជ្ញាធរទៅលើពលរដ្ឋ និងការបំពានចាប់ខ្លួនក្រុមអ្នករិះគន់។ ក្នុងនោះក៏មានដែរការចោទប្រកាន់ពលរដ្ឋថាបានកុហករឿងគ្មានអាហារហូបចុកថា ជាក្រុមប្រឆាំង ដែលហ៊ានចេញទាមទាររកស្បៀងអាហារ និងរិះគន់តាមបណ្ដាញសង្គមពីការប្រើហិង្សារបស់នគរបាលជាដើម។
អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ (LICADHO) ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សជាង ២៥៨នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោមច្បាប់ប្រឆាំងនឹងជំងឺកូវីដ-១៩។ ពលរដ្ឋ ៨៣នាក់ ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងគុក។ ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ត្រូវរងការចោទប្រកាន់ទាក់ទងនឹងការរិះគន់រឿងខ្វះខាតជំនួយ និងការអំពាវនាវពលរដ្ឋមិនឱ្យគោរពតាមវិធានការបិទខ្ទប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។