លោក ហ៊ុន សែន ចោទ​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​លោក​ថា ជា​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់បញ្ជា​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ក្នុងស្រុក ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​លោក​ចោទប្រកាន់​ទាំង​គ្មាន​​ភស្តតាង​ថា បង្កើត​ឡើង​ដោយ អ្នក​នយោបាយ​ប្រឆាំង និង​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ក្នុង​បំណង​បង្ក​ភាព​ចលាចល​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ថា សារ​របស់​លោក ហ៊ុន សែន នេះ គឺ​ឆ្លៀតឱកាស​បំបិទ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ និង​សំឡេង​អ្នកប្រឆាំង ដែល​លាតត្រដាង​ភាព​អសកម្ម​និង​កំហុស​របស់​រដ្ឋាភិបាល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូវីដ -១៩​នេះ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​ឱកាសនិយម​មួយ​ចំនួន បាន​ប្រើប្រាស់​ព័ត៌មាន ក្លែងក្លាយ បំភ្លៃ​ការពិត ក្នុង​បំណង​អូសទាញ​ប្រទេសជាតិ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​បាន​បង្ក្រាប​ព័ត៌មាន​ក្លាយ​ក្លែង ហើយ​ស្ថាប័ន​ព័ត៌មាន​ខ្លះ​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​បកស្រាយ​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​ទាន់​ពេល​វេលា។

ការ​លើកឡើង​នេះ ធ្វើឡើង​តាមរយៈ​សារលិខិត​ចំនួន ៣​​ទំព័រ ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ដែល​រៀបចំឡើង នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ក្រោម​ប្រធានបទ​ស្ដីពី «​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ»។

ក្នុង​សារលិខិត​នោះ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បកស្រាយ​ឱ្យ​បាន​ទាន់​សភាពការណ៍​ដើម្បី​បន្សាប​និង​បំផ្លាញ​ព័ត៌មាន ដែល​លោក​ចាត់ទុកថា ជា​ព័ត៌មាន​របស់​ក្រុម​ប្រឆាំង ក្រុម​ឱកាសនិយម​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ស្ថាប័ន​សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់។

ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ លោក រុន ចន្ធី លើកឡើង​ថា វា​ជា​រឿង​អស់សំណើច​ដែល​លោក ហ៊ុន សែន ចង់​ឱ្យ​អ្នក​សារព័ត៌មាន​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង ប៉ុន្តែ​លោក ហ៊ុន សែន ខ្លួនឯង កំពុង​ប្រឌិត​រឿង​ចោទ​ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន ដើម្បី​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង និង​អ្នកសារព័ត៌មាន​ឯករាជ្យ​។ លោក​បន្ត​ថា សារ​របស់​លោក ហ៊ុន សែន នេះ ក៏​មាន​ចេតនា​បំភិតបំភ័យ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក ត្រូវ​ផ្សព្វផ្សាយ​ការពារ​និង​លើក​តម្កើង​របប​របស់​គាត់ បើ​ពុំ​នោះ​ទេ ពួកគេ​នឹង​ត្រូវ​ចាប់ខ្លួន ឬ​បិទ​ស្ថាប័ន៖ «ជាពិសេស​ក្រុម​គាត់​តែម្ដង (​ ក្រុម​រដ្ឋាភិបាល ) ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ លក់​ថ្នាំញៀន អ្នកក្រ​វេទនា គេ​រំលោភបំពាន​ដីធ្លី​ផ្សេងៗ តែ​អ្នកសារព័ត៌មាន​របស់​របប​លោក ហ៊ុន សែន នេះ មិន​បាន​ផ្សព្វផ្សាយ​ការពិត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បាន​ដឹង​បាន​លឺ​នោះ​ទេ មានតែ​បំភ្លើស​ព័ត៌មាន ឃើញ​តែ​ព័ត៌មាន​ល្អៗ​ឬក៏​មាន​ព័ត៌មាន​លើកជើង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺជា​ព័ត៌មាន​បាន​ឆ្លុះ​បញ្ចាំ​រូបភាព​ពិត​នៅ​ក្នុង​សង្គម​។ ខ្ញុំ​ថា ព័ត៌មាន​ក្លែងក្លាយ​នេះ កើត​ចេញ​ពី​មន្ត្រី​ពុករលួយ ឈ្មួញ​ទុច្ចរិត ឬក៏​អ្នកសារព័ត៌មាន​ដែល​មិន​មាន​វិជ្ជាជីវៈ មិនមែន​កើត​ចេញពី​បក្ស​ប្រឆាំង​ទេ​។ ក្រុម​អ្នក​នយោបាយ​ប្រឆាំង រិះគន់​រដ្ឋាភិបាល ផ្អែក​ទៅ​លើ​រូបភាព​កើតឡើង​ជាក់ស្ដែង​នៅ​ក្នុង​សង្គម»។

ចំណែក​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) គឺ លោក អ៊ិត សូធឿន មាន​ប្រសាសន៍​ថា សារ​របស់​លោក ហ៊ុន សែន នេះ គឺ​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​ពិត​ជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត រហ័ស​និង​ច្បាស់លាស់​ជូន​សាធារណជន។ ដូច្នេះ​លោក ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ត្រូវ​បើក​លំហ​សេរីភាព​សារព័ត៌មាន និង​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ត្រូវ​ឆ្លើយឆ្លង​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​ដល់​អ្នកសារព័ត៌មាន​វិញ​ផង​ដែរ។ លោក​បន្ត​ថា ចំពោះ​ការចោទប្រកាន់​អ្នកនយោបាយ​ប្រឆាំង​ថា ជា​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​នោះ គឺជា​ទស្សនៈ​យល់ឃើញ​របស់​លោក​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក​សុំ​មិន​បកស្រាយ​ឡើយ ព្រោះ​គ្មាន​ការស្រាវជ្រាវ​រឿង​នេះ​ច្បាស់លាស់​នោះ​ឡើយ៖ «ត្រូវ​បែក​ចែក​ឱ្យ​ដាច់​រវាង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​រិះគន់​ដើម្បី​ស្ថាបនា មានន័យថា ព័ត៌មាន​បង្ហាញ​អំពី​ចំណុច​ខ្វះខាត​។ នៅ​ពេល​ដែល​យើង​និយាយ​អំពី​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​នេះ លុះត្រាតែ​រឿង​នោះ វា​មិន​ពិតមែន ប៉ុន្តែ​យើង​ផ្សាយ​ព័ត៌មាន​អំពី​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល តែ​ជា​រឿង​ពិត​នោះ វា​គឺជា​រឿង​ពិត​ដូច្នេះ​ជៀសវាង​ការ​ចាត់ទុក​ព័ត័មាន​បែបនេះ ថា​ជា​ព័ត៌មាន​ក្លែងក្លាយ»។

លោក អ៊ិត សូធឿត កត់សម្គាល់​ឃើញ​ថា កន្លង​មក មាន​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិនបាន​បង្ក​ចលាចល​ក្នុង​សង្គម​នោះ​ទេ ព្រោះ​ពលរដ្ឋ​មានការ​យល់ដឹង​ហើយ​ព័ត៌មាន​ទាំងនោះ បាន​សាប​ទៅវិញ​ដោយ​ខ្លួនឯង​។ អ្នក​ជំនាញ​សារព័ត៌មាន​រូប​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​ការប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​អ្នកប្រឆាំង និង​អ្នក​រិះគន់​ដោយសារ​ការ​បញ្ចេញមតិ​ស្របច្បាប់​របស់​ពួកគេ។

ជាមួយ​គ្នា​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី គាំទ្រ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​អំពាវនាវ​ឱ្យ​អ្នកសារព័ត៌មាន ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​បំពុល​សង្គម ប៉ុន្តែ​លោក បញ្ជាក់​ថា មក​ទល់​ពេល​នេះ គ្មាន​មូលដ្ឋាន ឬ​ភស្តុតាង​ណាមួយ​បង្ហាញ​ថា ព័ត៌មាន​ក្លែងក្លាយ បង្កើត​ឡើយ​ដោយ​ក្រុម​អ្នកនយោបាយ​ប្រឆាំង ឬ​ជន​ឱកាសនិយម​ណា​នោះ​ទេ៖ «ខ្ញុំ​ចង់​ឃើញ​ឆន្ទៈ ឬ​សកម្មភាព​ជាក់ស្ដែង​របស់​ភាគី​រដ្ឋាភិបាល​ដែរ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជាពិសេស ការ​ស្ដែង​ឱ្យ​ឃើញ​សកម្មភាព​ទាំងអស់​នេះ វា​គួរតែ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ព័ត៌មាន ហើយ​និង​ការ​គាំទ្រ និង​ការពារ​ដល់​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​សេរី​ជាដើម ដើម្បី​ជួយ​ជំរុញ​ឱ្យ​មានការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងអស់​ហ្នឹង ដោយ​ស​បញ្ជាក់​ថា ព័ត៌មាន​ណា​ក្លែងក្លាយ ឬ​ព័ត៌មាន​ណា​ត្រូវ​បាន​ប្រឌិត ដើម្បី​បំផ្លាញ​សង្គម​យើង»។

គិត​ចាប់ពី​ខែ​មករា មកដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មាន​សកម្មជន​ន​យោ​យ​បាយ សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ និង​យុវជន ប្រមាណ​៥០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​ពួកគេ​ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ រួម​ទាំង​សិទ្ធិ​ស្វែងរក ទទួល​បាន និង​ចែករំលែក​ព័ត៌មាន​គ្រប់​ប្រភេទ​។ ជាមួយគ្នា​នេះ រដ្ឋាភិបាល​ទទួលខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ចាំបាច់​សម្រាប់​ការពារ និង​លើកស្ទួយ​សិទ្ធិ​ទាំងឡាយ រួម​ទាំង​សិទ្ធិ​សុខភាព​ផង​ដែរ​។ អង្គការ​អន្តរជាតិ​មួយ​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ឈប់​ការ​យាយី និង​ការ​ចោទប្រកាន់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រាន់តែ​បំពេញការងារ​របស់​ពួកគេ ក្នុង​ការ​រាយការណ៍​អំពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​និយាយ និង​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។