មេធាវី​អន្តរជាតិ ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំពាន​នីតិវិធី​យ៉ាង​សម្បើម​របស់​តុលាការ​កម្ពុជា ក្នុង​សំណុំ​រឿង​​កញ្ញា សេង ធារី

មេធាវី​អន្តរជាតិ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំពាន​នីតិវិធី​យ៉ាង​សម្បើមសូម្បី​តែ​ក្នុង​សវនាការ​ខ្លី​មួយ​ក្នុង​សំណុំ​រឿង​កញ្ញា សេង ធារី កាលពី​ថ្ងៃទី៧ ខែធ្នូ។

លោក ចារិត ហ្កិនស័រ (Jared Genser) ជាមេធាវី​អន្តរជាតិ​ជនជាតិ​អាមេរិក និង​ជាមិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​កញ្ញា សេង ធារី ដែល​បានទៅ​ផ្តល់កម្លាំងចិត្ត និង​តាមដាន​សវនាការ​ដោយ​ផ្ទាល់​ ប្រាប់​វិទ្យុអាស៊ី​សេរី​ក្រោយ​សវនាការ​នោះ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​រំលោភបំពាន​នីតិវិធី​ជា​ច្រើន។ នីតិវិធី​ទាំង​នោះ រួមមាន ការហាមឃាត់​អ្នក​កាសែត​បរទេស មិន​ឲ្យ​ចូល​ស្តាប់​សវនាការ​ ដោយ​សារ​យក​លេស​ថា មិន​បាន​ចុះឈ្មោះ​ជា​មុន ការ​រករឿង​កញ្ញា សេង ធារី មិន​ចង់​ឲ្យ​ចូល​បន្ទប់​សវនាការ​ ដោយសារ​តែកញ្ញាស្លៀកពាក់​សម្លៀកបំពាក់​ជា​អប្សរា និង​បង្គាប់ឲ្យ​កញ្ញា​ដូរ​សម្លៀក​បំពាក់​នេះ​ចេញ នៅ​ពេល​ចូល​សវនាការ​លើក​ក្រោយ​ជា​ដើម។

លោក ចារិត ហ្កិនស័រ ថា​ចំណុច​ទាំង​ពីរ​នេះមន្រ្តី​តុលាការ​រំលោភ​ច្បាប់​កម្ពុជា​ដែល​ចែង​ថា​សវនាការ​សំណុំ​រឿង​ព្រហ្មទណ្ឌត្រូវបើក​ចំហរ​ជា​សាធារណៈស្របពេល​ដែល​កម្ពុជា​ពុំមាន​ច្បាប់​ណា​ចែង​ហាម​ឃាត់​ការ​ស្លៀកសម្លៀក​បំពាក់​អប្សរា​ចូល​ក្នុង​សវនាការ​នោះ​ឡើយ។

មេធាវី​អន្តរជាតិ​រូប​នេះថា​ការ​ធ្វើបែប​នេះគឺជា​ការ​បំពាន​សិទ្ធិរបស់​កញ្ញា សេង ធារី និង​ជន​ជាប់​ចោទ​ដទៃ​ទៀតក្នុង​ការ​ទទួល​បាន​សវនាការ​ជាសាធារណៈ។

ជាងនេះ​ទៅ​ទៀតលោក​កត់​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ករណី​ជូនដំណឹង​អំពី​ដីកា​របស់​តុលាការដល់​កញ្ញា សេង ធារី និង​កូនក្តីដទៃ​ទៀត។ លោកថា​ ក្នុង​ថ្ងៃសវនាការ​នោះមេធាវី​ជាច្រើន​របស់​កូនក្តី​ដទៃ​ទៀតបាន​ត្អូញត្អែថា មិនបាន​ទទួល​ដីកា​កោះដើម្បី​ឡើង​សវនាការ​នេះ​ទេ។មួយ​ទៀត​លោកថាដល់​ថ្ងៃសវនាការ​ទៅហើយ តុលាការ​ដូរចៅក្រម ដោយ​មិន​ជូន​ដំណឹង​កូន​ក្តី​មុន។

ចុងក្រោយ​លោកថា​តុលាការ​បានបំបែក​សំណុំ​រឿង​ធំដែល​មាន​ជនជាប់​ចោទ ៤២ នាក់​នោះទៅ​ជា​សំណុំរឿង​បី​ផ្សេង​គ្នា។ ក្នុង​នោះ​កញ្ញា សេង ធារី ត្រូវ​តុលាការ​កំណត់​ឲ្យឡើង​សវនាការ​តែ​ម្នាក់​ឯង​នៅ​ថ្ងៃទី២៨ ខែធ្នូ ដែល​នៅ​ចន្លោះ​ថ្ងៃ​បុណ្យ​អន្តរជាតិ។ លោក ចារិត ហ្កិនស័រ ថា​ការបើក​សវនាការ​កៀក​ថ្ងៃ​សម្រាក​បុណ្យ​អន្តរជាតិ​នេះធ្វើឲ្យ​លោក​បារម្ភអំពី​ការ​ថយចុះ​ការតាមដាន​ដំណើរការ​ក្តី​ព្រោះ​ពលរដ្ឋ​នៅ​លើពិភពលោកត្រូវ​ឈប់​សម្រាក​បុណ្យ​នេះ។

ទោះជា​យ៉ាង​នេះក្ដី លោក​អំពាវនាវ​ឲ្យពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​ នាំគ្នា​តាម​ដាន​រឿង​ក្តី​នេះ​ឲ្យ​បាន​ច្រើន​កុះករ​នៅថ្ងៃទី២៨ ខែធ្នូ​ ខាងមុខ ហើយ​លោក​នឹង​ព្យាយាម​ចូលរួម​សវនាការ​នោះ​ទៀត​ បើ​លោក​អាច​លៃ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។