មេធាវី​អន្តរជាតិ​ព្រមាន​ពី​ការ​រិះគន់​កាន់តែ​ខ្លាំង​ពី​អន្តរជាតិ រឿង​ហាមមិនឲ្យ​លោក​ចូល​កម្ពុជា

0:00 / 0:00

មេធាវី​អន្តរជាតិ​ជនជាតិ​អាមេរិក ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាមមិនឲ្យ​ជាន់​ទឹកដី​កម្ពុជា​ជា​រៀង​រហូត​នោះ​ថា ទង្វើ​បែប​នេះ ធ្វើឲ្យ​ការងារ​តស៊ូ​មតិ​របស់​លោក​លើ​ឆាក​អន្តរជាតិ​កាន់តែ​ងាយ​ស្រួល នៅ​ពេល​លោក ហ៊ុន សែន ធ្វើដំណើរ​មក​ចូលរួម​ប្រជុំ​កំពូល​អា​ស៊ាន-​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​សហរដ្ឋអាមេរិក​នៅ​ខែកុម្ភៈ។
មេធាវី​អន្តរជាតិ​ជនជាតិ​អាមេរិក ដែល​ធ្លាប់​ការពារ​ក្តី​ឲ្យ​អ្នកទោស​នយោបាយ​ល្បីៗ នៅ​លើ​ឆាក​អន្តរជាតិ និង​ជា​មិត្តភក្តិ​របស់​កញ្ញា សេង ធារី គឺ​លោក ចារិត ហ្គិនស័រ (Jared Genser) ថា លោក​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាម​លោក​មិន​ឲ្យ​ជាន់​ទឹកដី​កម្ពុជា​ជា​រៀង​រហូត​បែប​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី២០ ខែមករា លោក ចារិត ហ្គិនស័រ (Jared Genser) ថា លោក​មិន​ភ្ញាក់ផ្អើល​នឹង​ទង្វើ​បែប​នេះ​នោះ​ទេ ព្រោះ​វា​បង្ហាញ​អំពី​ភាព​ភ័យខ្លាច​នៃ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ហ៊ាន​និយាយ​ការ​ពិត រិះគន់​រដ្ឋាភិបាល​នេះ​មិន​ថា ការ​រិះគន់​នោះ​ចេញ​ពី​ពលរដ្ឋ​ខ្មែរ ឬ​ជនបរទេស​នោះ​ឡើយ។

លោក​ចាត់​ទុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មេ​ដឹកនាំ​ផ្ដាច់ការ​មួយ​រូប ដែល​មិន​ចេះ​រៀន​សូត្រ​ពី​បរាជ័យ​នៃ​មេ​ដឹកនាំ​ផ្ដាច់ការ​ឯ​ទៀត ក្នុង​រឿង​ធ្វើទុក្ខបុកម្នេញ​អ្នក​ហ៊ាន​និយាយ​ការពិត​ ​ហើយ​យល់​ខុស​ថា ការ​ហាមឃាត់​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ដូច​រូប​លោក​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត​ថា​ជា​ភាព​ខ្លាំង​របស់​លោក ហ៊ុន សែន។ លោក​ថា តាមពិត​នោះ​គឺជា​ភាព​កំសោយ​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ។

យោង​តាម​ទង្វើ​រំលោភបំពាន​យ៉ាង​ចំហ​របស់​លោក ហ៊ុន សែន បែប​នេះ លោក​ព្រមាន​ថា នៅ​ពេល​លោក ហ៊ុន សែន ធ្វើដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អា​ស៊ាន-​អាមេរិក នៅ​ខែកុម្ភៈ ទាំង​រូប​លោក​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឯ​ទៀត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង នឹង​មានឱកាស​រំលេច​ព័ត៌មាន​អំពី​ការពិត​នៃ​ចរិត​របស់​លោក ហ៊ុន សែន ដើម្បីឲ្យ​ជន​ជាតិ​អាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​ដឹង។

ប្រតិកម្ម​របស់​មេធាវី​អន្តរជាតិ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ កាល​ពី​ថ្ងៃ​ទី២០ ខែមករា​ថា ក្រសួង​មហាផ្ទៃ​បាន​ចាត់​វិធានការ​ដាក់​លោក ចារិត ហ្គិនស័រ (Jared Genser) ទៅ​ក្នុង​ប្រព័ន្ធ​មុខ​សញ្ញា​អន្តោប្រវេសន៍ នៅ​គ្រប់​បណ្តា​ច្រក​ទ្វារ​អន្តរជាតិ​ទាំង​អស់ ដោយ​ហាមចូល​កម្ពុជា​ជា​រៀង​រហូត។

លោក​ចោទ​ជនជាតិ​អាមេរិក​រូប​នេះ ល្មើសច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​ធ្វើសកម្មភាព​ខុស​ពី​ទិដ្ឋាការ​ទេសចរណ៍ ដែល​បាន​ស្នើសុំ ព្រោះ​សុំ​ថា មក​ធ្វើ​ទេសចរណ៍ ប៉ុន្តែ​តាំងខ្លួនជា​មេធាវី​អន្តរជាតិ​មក​ការពារ​ក្ដី​ឲ្យ​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ចោទ​ក្នុង​រឿង​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​កម្ពុជា និង​បំពាន​ដែន​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​តុលាការ​កម្ពុជា ជាពិសេស ប៉ះពាល់​ដល់​ឯករាជភាព​របស់​តុលាការ ដែល​លោក​ថា មិន​អាច​ទទួលយក​បាន​ជាដាច់ខាត៖ «គាត់ថា ប្រសិនបើតុលាការកម្ពុជាកាត់ទោសឲ្យជនជាប់ចោទរូបនេះមានទោសនោះកម្ពុជានឹងប្រាកដជាទទួលបាននូវអ្វីផ្សេងៗ ដែលនេះជាការគំរាម​កំហែងមួយ។ ក្នុងនាមជាជនជាតិខ្មែរមួយរូបរស់នៅលើទឹកដីមួយដែលមានអធិបតេយ្យ មានបូរណភាព​ទឹក​ដីមានប្រជាពលរដ្ឋ មាន​ច្បាប់មានទម្លាប់ មានសា្ថប័នគ្រប់គ្រងជារឿងមួយគួរឲ្យឈឺចាប់ នៅ​ពេល​ដែលជនប្រទេសមកភូតស្ថាប័ន​ជាតិ មកស្រុកកម្ពុជា ហើយធ្វើកិច្ចការងារផ្សេង»
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ លោក ចារិត ហ្គិនស័រ (Jared Genser) ថា លោក ខៀវ សុភ័គ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ព្រោះ​ទី​មួយ​លោក​ពិត​ជា​បាន​ទៅលេង​ស្រុកខ្មែរ​ក្នុង​ដំណើរ​ទេសចរណ៍​មែន។ លោក​បាន​ទៅលេង​អង្គរវត្ត និង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង និង​បឹង​ជើង​ឯក​ជា​ដើម។ ចំណែក​ឯ​ការចូលរួម​ក្នុង​សវ​ន​ការ​ជម្រះ​ក្ដី​កញ្ញា សេង ធារី​នោះ លោក​ថា​លោក​ចូល​ស្ដាប់​ក្នុង​នាម​ជា​មិត្តភ័ក្ដិ ព្រោះ​លោក​គ្មាន​សិទ្ធិ​ការពារ​ក្ដី​ឲ្យ​កញ្ញា សេង ធារី ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត លោក​ថា លោក​មិនដែល​បាន​គំរាមកំហែង ឬ​ប្រមាថ​តុលាការ​កម្ពុជា​នោះ​ទេ។ លោក​គ្រាន់តែ​និយាយ​ថា បទ​ចោទ និង​សំណុំ​រឿង​ប្រឆាំង​កញ្ញា សេង ធារី គឺ​ជា​ការ​បំពាន​កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​ច្បាប់​អន្តរជាតិ ហើយ​លោក​បញ្ជាក់​ទៀត​ថា បើ​កញ្ញា សេង ធារី ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់ទោស​ទាំង​ខុស​ឆ្គង​បែប​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​មាន​បញ្ហា​ធ្ងន់។ លោក​ថា​នោះ​មិនមែន​ជា​ការ​គំរាមកំហែង​ទេ តែ​ជា​ការ​សន្យា​មួយ ដែល​ថា ពួកគាត់​នឹង​ដាក់ឲ្យ​មន្ត្រី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលខុសត្រូវ​នៅចំពោះមុខ​ស្ថាប័ន​អន្តរជាតិ ដូច​ជា ក្រុម​ការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ជាដើម។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​តស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស​បែប​នេះ​ធ្វើឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ជា​ការ​រករឿង​ខុស​បែប​បទ។ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២៣ ខែមករា​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កំពុង​លេងល្បែង​ផ្តេសផ្តាស​ក្នុង​ការ​បាញ់​អ្នក​រត់​សំបុត្រ ព្រោះ​ទៅ​រក​រឿង​លោក ចារិត ហ្គិនស័រ (Jared Genser) ដែល​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់តែសោះ​ ​គឺ​គ្រាន់តែ​ទៅលេង​ស្រុកខ្មែរ​ ​និង​គាំទ្រ​មិត្តភក្តិ​របស់​គាត់​។​ ​លោក​ថា​ ​ការពិត​ ​គឺ​នៅត្រង់​ថា​កញ្ញា​ ​សេង​ ​ធារី​ ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាំងអស់​ ​ហើយ​តុលាការ​គួរតែ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​រូប​កញ្ញា​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​។​ ​លោក​បន្ត​ថា​ ​កញ្ញា​ ​សេង​ ​ធារី​ ​ជាប់ចោទ​ដោយ​គ្រាន់តែ​គាត់​បញ្ចេញ​ទស្សនៈ​ជា​សាធារណៈ​ ​ដែល​ការ​បញ្ចេញមតិ​បែប​នេះ​ ​មិន​ត្រូវ​ចាត់ទុកថា​ជា​បទល្មើស​ឧក្រិដ្ឋ​នោះ​ទេ។

​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេធាវី​អន្តរជាតិ​បែប​នេះ​ ​មន្រ្តី​សិទ្ធិមនុស្ស​ជាតិ​ ​ថា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ចំពោះ​ចំណេះ​ជំនាញ​ផ្នែក​គតិ​យុត្តិ​របស់​ជនបរទេស​ ​នៅ​ក្នុង​រឿង​ក្តី​កញ្ញា​ ​សេង​ ​ធារី។

​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស (CHRAC) លោក រស់ សុដ្ឋា ថា វត្តមាន​របស់​មេធាវី​អន្តរជាតិ ដែល​ចូល​តាមដាន​សវនាការ​ផ្ទាល់​បែប​នេះ​អាច​ធ្វើឲ្យ​មន្ត្រី​តុលាការ​កម្ពុជា​មិន​អាច​ធ្វើអ្វី​បាន​តាមតែ​ចិត្ត​នឹក​ឃើញ។ ដូច្នេះ​ហើយ ទើប​លោក​គិត​ថា រដ្ឋាភិបាល​កម្ពុជា​ជ្រើសរើស​យក​វិធី​បិទ​ច្រក​មិន​ឲ្យ​មេធាវី​បរទេស​រូប​នេះ ចូល​ស្រុកខ្មែរ​បាន​រហូត​អស់មួយជីវិត​បែប​នេះ។ ប៉ុន្តែ​លោក​យល់​ថា នេះ​មិនមែន​ជា​ភាព​ឈ្លាសវៃ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​លោក​ថា​នៅ​ពេល​នេះ​រដ្ឋាភិបាល​អាច​គិត​ពី​ផល​ចំណេញ​រយៈពេល​ខ្លី គឺ​អាច​គ្រប់គ្រង​សភាពការណ៍​នយោបាយ​បាន​ខ្លះ ប៉ុន្តែ​ចំណាត់​ការ​នេះ​មិន​ចំណេញ​អ្វី​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​សម្រាប់​រយៈពេល​យូរអង្វែង​នោះ​ឡើយ៖ «ការណ៍ដែលមានបញ្ហាដែលគ្រាន់តែចូលមកក្នុងការភ្ជាប់ខ្លួនមកសួរសុខទុក្ខតាម​ផ្លូវសេរីភាពអីៗ នេះ គឺ​ថា ដូចជាមិន​គួរណារហូតដល់មួយជីវិតហ្នឹង​ ​វាធ្ងន់ធ្ងរពេកណាស់ ! រដ្ឋាភិបាលគិតចំណេញបន្តិចៗ នៅ​ចំពោះ​មុខ តែមិនគិតអំពីផលចំណេញធំរយៈ​ពេលវែង»


អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​វិញ លោក​មិន​ភ្ញាក់ផ្អើល ឬ​ចាត់​ទុក​រឿង​នេះ​ថា រឿង​អ្វី​ប្លែក​នោះ​ដែរ ព្រោះ​មុនៗ ឲ្យតែ​បរទេស​ណា​និយាយ ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង​អំណាច​របស់​មេៗ កាន់​អំណាច​ពួក​គេ​តែង​រង​ការ​បណ្ដេញ​ចេញ ឬក៏​ការ​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ដូច្នេះ​ដែរ។ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ គឺ​មាន​ទាំង​អ្នក​មាន​ដើម​កំណើត​ខ្មែរ​ផង។


អ្នកវិភាគ​ឯករាជ្យ​បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចំណាត់​ការ​បែប​នេះ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របប​នយោបាយ និង​អ្នក​ដេញ​គេ​ចេញ ឬ​បិទ​គេ​មិន​ឲ្យ​ចូល​ប្រទេស​នោះ​ទៅ​វិញ។

កន្លង​ជនជាតិ​អេស្ប៉ាញ ដែល​ជាសកម្ម​ជន​បរិស្ថាន និង​ធនធានធម្មជាតិ​លោក អាឡិច ហាន់​ដ្រូហ្គន់ហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញពី​កម្ពុជា កាល​ពី​ឆ្នាំ២០១៥ និង​លែងឲ្យ​ចូល​កម្ពុជា​វិញ ក្រោយ​ជនបរទេស​ដែល​ចេះ​និយាយ​ខ្មែរ​ស្ទាត់ជំនាញ​រូប​នេះ ចេញមុខ​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង។


មួយ​ឆ្នាំក្រោយ​មក​នៅ​ឆ្នាំ២០១៦ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដាក់​សមាជិកសភា​ខ្មែរ​អូស្រ្តាលី​ ​លោក ហុង លឹម ក្នុង​បញ្ជី​ខ្មៅ មិន​ឲ្យ​ជាន់​ទឹកដី​ខ្មែរ​ដែរ​ ​ក្រោយ​លោក ហុង លឹម ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ហៅ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ជារបប​តិរិច្ឆាន​។​


​ជុំវិញ​ការ​បិទ​ផ្លូវ លែងឲ្យ​មេធាវី​អន្តរជាតិ​លោក ចារិត​ ហ្គិនស័រ​ (Jared​ Genser) ​ចូល​ស្រុកខ្មែរ​ជា​រៀង​រហូត​នោះ​ ​អ្នកជំនាញ​ផ្នែក​ច្បាប់​ ​និង​នយោបាយ​អន្តរជាតិ​កញ្ញា​ ​សេង​ ​ធារី​ ​ថា​របប​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​ភ័យខ្លាច​ឥទ្ធិពល​មេធាវី​អន្តរជាតិ​ ​ដែល​ឃ្លាំមើល​សវនាការ​ ​រឿងក្ដី​ក្ដាំ​របស់​កញ្ញា​នៅ​តុលាការ​ ​ទើប​ដាក់​វិធាន​ការរារាំង​បែប​នេះ​។​ ​កញ្ញា​ថា​ ​ពេល​លោក​មេធាវី​រូប​នោះ​ ​មាន​វត្តមាន​នៅ​កម្ពុជា​ ​លោក​ជា​ពួកម៉ាក​ធម្មតា​របស់​កញ្ញា​ ​ហើយ​អ្វី​ដែល​លោក​បាន​ថ្លែង​ជា​សាធារណៈ គឺជា​ការ​និយាយ​ឬ​ផ្តល់​បទសម្ភាសន៍​ធម្មតា​ ​អត់មាន​ខុសឆ្គង​អ្វី​សោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។