មេធាវីអន្តរជាតិជនជាតិអាមេរិក ដែលជាមិត្តភក្តិរបស់កញ្ញា សេង ធារី ផងនោះ ពេលនេះកំពុងមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីឃ្លាំមើលដំណើរការក្តីដោយផ្ទាល់នៅតុលាការកម្ពុជា ដែលលោកហៅថា ជា «សវនាការឆាកល្ខោន»។
លោក ចារិត ជិនស័រ (Jared Genser) ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៦ ខែធ្នូ ថាវត្តមានរបស់លោកនៅកម្ពុជានៅពេលនេះ គឺជាឱកាសដើម្បីលោកបានតាមដានដោយផ្ទាល់នូវដំណើរការក្តីនេះ និងដើម្បីឲ្យលោកអាចវាយតម្លៃ បានថា តើតុលាការកម្ពុជា អនុវត្តតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តបទដ្ឋានច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិដែរឬយ៉ាងណា។
ទោះជាយ៉ាងនេះក្ដី លោកថា លោកបានកត់សម្គាល់ឃើញថា តុលាការកម្ពុជាបានរំលោភនីតិវិធីត្រឹមត្រូវរបស់តុលាការជាហូរហែមកហើយ ទាក់ទងករណីកញ្ញា សេង ធារី៖ «សម្រាប់ខ្ញុំ ខ្ញុំមើលឃើញច្បាស់ហើយថា កញ្ញា សេង ធារី ត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានបញ្ហាអសន្តិសុខសង្គម និងរួមគំនិតក្បត់ ដែលបទចោទទាំងគ្មានអ្វីក្រៅពីបទល្មើសនយោបាយនោះទេ។ កញ្ញា សេង ធារី ត្រូវឡើងតុលាការជាមួយមនុស្សជាច្រើនទៀត នៅក្នុងសវនាការដែលជាឆាកល្ខោន ដែលធ្វើបង្គ្រប់កិច្ច ដើម្បីឲ្យមើលទៅដូចជាកញ្ញា បានទទួលការជំនុំជម្រះក្តីត្រឹមត្រូវ។ ប៉ុន្តែ កន្លងមកមានការរំលោភបំពានលើនីតិវិធីតុលាការនេះ។ រឿងក្តីនេះអូសបន្ថាយពេលអស់ជាងមួយឆ្នាំមកហើយ ដែលធ្វើឲ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង ថាតើនឹងមានអ្វីកើតឡើងបន្តទៀតនៅក្នុងសវនាការនេះ»។
លោកបន្ថែមថា បញ្ហាការអូសបន្ថាយពេលវេលាយូរ សម្រាប់ការជំនុំជម្រះក្ដីនេះ គឺជាការបំពានដល់ច្បាប់អន្តរជាតិ ដែលតម្រូវឲ្យតុលាការកាត់ក្តីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាងនេះទៅទៀត លោកថា កញ្ញា សេង ធារី ចង់ការពារក្ដីដោយខ្លួនឯង នៅក្នុងតុលាការ ប៉ុន្តែត្រូវបានតុលាការបដិសេធ។ លោកបន្តថា កញ្ញា សេង ធារី មិនគួរណារងការបង្ខំឲ្យព្រមយកមេធាវី ដែលកញ្ញាគ្មានសិទ្ធិសម្រេចជ្រើសរើសនោះឡើយ។ ជាងនេះទៅទៀត លោកថា ការកាត់ក្តីជុំគ្នា ដែលមានជនជាប់ចោទរាប់សិបនាក់ ក្នុងសំណុំរឿងតែមួយបែបនេះ គឺជាបំពានធ្ងន់ធ្ងរមួយដល់ច្បាប់អន្តរជាតិ ព្រោះការជំនុំជម្រះក្តីបែបនេះ តុលាកាសម្រេចក្តីបែបប្រញាប់ប្រញាល់ និងមិនបានផ្តល់ឱកាសគ្រប់គ្រាន់ដល់កូនក្ដី ក្នុងការការពារខ្លួនជាដើម៖ «តាមពិត នីតិរដ្ឋតម្រូវថាពេលណានណាម្នាក់ត្រូវបានតុលាការចោទប្រកាន់ ពីបទឧក្រិដ្ឋអ្វីមួយ អ្នកនោះមិនត្រឹមតែមានសិទ្ធិដឹងអំពីបទចោទ និងមូលហេតុ និងភ័ស្តុតាងប្រឆាំងគាត់នោះទេ ប៉ុន្តែពួកគាត់ត្រូវការពេលវេលាគ្រប់គ្រាន់ ដើម្បីពិនិត្យមើលបទចោទនោះ និងមានមេធាវីទៅតាមការជ្រើសរើសរបស់ខ្លួន មានសិទ្ធិចោទសួរសាក្សីដាក់បន្ទុក មានសិទ្ធិស្នើដាក់សាក្សីដោះបន្ទុក មានសិទ្ធិជំនុំជម្រះក្តីជាសាធារណៈ និងកាត់ក្តីឆាប់រហ័សនៅចំពោះមុខតុលាការឯករាជ្យជាដើម។ ប៉ុន្តែចំណុចទាំងអស់នេះ មានបញ្ហាគ្រប់ចំណុចទៅហើយ ក្នុងរឿងក្ដីនេះ? បញ្ហាធំមួយនោះ គឺការកាត់ក្តីជុំគ្នាច្រើននេះឯង» ។
កន្លងមកតុលាការកម្រឲ្យសកម្មជននយោយបានណាម្នាក់រួចខ្លួន ដោយមិនបានផ្តន្ទាទោសនោះឡើយ បើទោះបីជាទោសនោះត្រូវកាត់តម្រឹម ឬព្យួរក៏ដោយ។ ក្នុងករណីនេះ លោក ចារិត ជិនស័រ ថាលោក និងកូនក្ដីរបស់លោក នឹងមិនអាចទទួលយកបាននោះឡើយ។ លោកទាមទារឱ្យតុលាការត្រូវទម្លាក់ចោលរាល់បទចោទប្រឆាំងលើកញ្ញា សេង ធារី ឬលើកលែងចោលការចោទប្រកាន់ទាំងស្រុង៖ «រដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកស្ម័គ្រចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិទាំងនោះ។ សន្ធិសញ្ញាអន្តរជាតិទាំងនោះ បានបញ្ជាក់ច្បាស់អំពីលក្ខខណ្ឌដែលត្រូវអនុវត្តតាម។ ក្នុងសន្និសញ្ញា ចែងច្បាស់ដែរថា កាលណាអ្នកព្រមចុះហត្ថលេខា អ្នកផ្តល់អាជ្ញាបណ្ណដល់សហគមន៍អន្តរជាតិ ឲ្យតាមឃ្លាំមើល ថាតើរដ្ឋាភិបាលរបស់អ្នក គោរពតាមបទដ្ឋានទាំងនោះដែរឬយ៉ាងណា។ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន មានកាតព្វកិច្ច ក្នុងការធ្វើយ៉ាងណាឲ្យច្បាប់ជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា អនុលោមតាមកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិទាំងនោះ»។
មេធាវីអន្តរជាតិជនជាតិអាមេរិកាំងរូបនេះ ព្រមានថា ការកាត់ក្តីកញ្ញា សេង ធារី ក្នុងសវនាការឆាកល្ខោន និងសំណុំរឿងដែលមានចរិតនយោបាយនេះ មិនអាចលាក់ជិតពីភ្នែករបស់សាធារណមតិជាតិ និងអន្តរជាតិបានឡើយ។ លោកថា រឿងច្បាស់ក្រឡែតបែបនេះ នរណាក៏ដឹងដែរថា ជាចេតនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង៖ «បើតុលាការកាត់ទោសកញ្ញា សេង ធារី បើទោះបីជាទោសនោះត្រូវព្យួរក៍ដោយ នោះវានឹងក្លាយទៅជាស្នាមខ្មៅមួយ ប្រឡាក់ជាប់រដ្ឋាភិបាលលោក ហ៊ុន សែន ហើយកម្ពុជានឹងរងប្រតិកម្មតបពីសហគមន៍អន្តរជាតិ។ នេះមិនមែនជារឿងល្អសម្រាប់កម្ពុជា ដែលជាប្រធានអាស៊ាននោះទេ។ មិនតែប៉ុណ្ណោះ កញ្ញា សេង ធារី មានសញ្ជាតិអាមេរិក។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កំពុងរៀបចំជំនួបកំពូលអំពីប្រជាធិបតេយ្យ។ ក្នុងនោះ នឹងមានកិច្ចពិភាក្សាជាច្រើនជាសាធារណៈជាមួយរដ្ឋាភិបាលនៃប្រទេសផ្សេងៗ អំពីអ្នកទោសនយោបាយ និងសិទ្ធិមនុស្ស។ ដូច្នេះបើតុលាការកម្ពុជាចាត់ការលើកញ្ញា សេង ធារី ក្នុងសប្តាហ៍នេះ ខ្ញុំជឿថា រឿងនេះនឹងទាក់ទាញចំណាប់អារម្មណ៍ជាអន្តរជាតិ មកលើរបបលោក ហ៊ុន សែន ជាក់ជាមិនខាន»។
សវនាការលើសំណុំរឿងកញ្ញា សេង ធារី និងសកម្មជននយោបាយជាច្រើនទៀត នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ក្រោយពន្យារពេលអស់ជាច្រើនខែ ដោយតុលាការយកលេសថា ដើម្បីបង្កាជំងឺកូវីដ-១៩។ សហគមន៍ជាតិ និងអន្តរជាតិកំពុងតាមដានយ៉ាងដិតដល់ចំពោះសវនាការនេះ។ នៅប៉ុន្មានថ្ងៃមុនសវនាការនេះ កញ្ញា សេង ធារី បានសម្រេចចិត្តគួរឱ្យភ្ញាក់ផ្អើលកោរសក់កញ្ញាក្នុងពេលកំពុងសម្ភាសផ្ទាល់ជាមួយវិទ្យុអាស៊ីសេរី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនយ៉ាងមោះមុតរបស់កញ្ញាក្នុងការតទល់ និងប្រឈមមុខក្នុងដំណើរការកាត់ក្តីដែលកញ្ញាថាជា «ឆាកល្ខោន» នេះ។ កញ្ញាអំពាវនាវដល់ពលរដ្ឋខ្មែរទូទៅ និងក្រុមអ្នកស្រលាញ់សេរីភាព និងប្រជាធិបតេយ្យឱ្យចូលរួមតាមដានសវនាការនេះនៅខាងមុខតុលាការក្រុងភ្នំពេញឱបានច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។