ក្រសួង​យុត្តិធម៌​ថា គ្មាន​ពេល​ឆ្លើយតប​សំណើ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​ស្នើ​ទៅ​ទទួល​ពានរង្វាន់​នៅ​បរទេស

0:00 / 0:00

យុវជន​ចលនា​មាតា​ធម្មជាតិ ហួសចិត្ត​ចំពោះ​ភាព​យឺតយ៉ាវ​មិនទាន់​ឆ្លើយ​តប​លិខិត​ស្នើសុំ​ចេញ​ទៅ​ទទួល​ពាន​រង្វាន់ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅ​ប្រទេស​ស៊ុយអែត (Sweden) ពី​ក្រសួង​យុត្តិធម៌។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ក្រសួង​យុត្តិធម៌​គួរ​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ចេញ​ទៅ​ទទួល​ពាន​រង្វាន់ ដើម្បី​លើក​កម្ពស់​គំរូ​ភាព​ការងារ​ស្ម័គ្រចិត្ត​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

យុវជន​ចលនា​មាតា​ធម្មជាតិ ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ គួរ​អន្តរាគមន៍​ទៅ​តុលាការ អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ុយអែត ឱ្យ​បាន​ឆាប់ ខណៈ​ការ​ប្រារព្ធ​ពិធី​ប្រគល់​ពានរង្វាន់​អន្តរជាតិ Right Livelihood កាន់តែ​ខិត​ជិត​មក​ដល់។

យុវជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​តុលា លោក​ហួសចិត្ត​នៅ​ពេល​មន្ត្រី​របស់​ក្រសួង​យុត្តិធម៌ ប្រាប់​លោក​ថា ឯកសារ​ដែល​លោក​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អនុញ្ញាត​ឱ្យ​រូបលោក កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ុយអែត ដើម្បី​ទទួល​ពានរង្វាន់​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ពានរង្វាន់​អន្តរជាតិ ណូបែល សន្តិភាព មិនទាន់​បាន​ទៅ​ដល់ដៃ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ខណៈ​ការ​ដាក់​ញត្តិ​ធ្វើ​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​៦ ខែ​តុលា។ លោក​បន្ត​ថា ដោយសារ​វត្តមាន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​នៅ​លើ​ឆាក​អន្តរជាតិ អាច​នឹង​ឆ្លុះបញ្ចាំង​អំពី​ការ​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​លំហ​សេរីភាព​ការងារ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ផង​នោះ ដូច្នេះ​ក្រសួងយុត្តិធម៌​គួរ​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ពួក​លោក​បាន​ចេញ​ទៅ​ទទួល​ពានរង្វាន់​ឱ្យ​បាន​ឆាប់ៗ ជាជាង​បន្ត​ពន្យារពេល ឬ​មិន​អនុញ្ញាត​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​កាន់តែ​មានកេរ្តិ៍ឈ្មោះ​មិនល្អ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ថុន រដ្ឋា៖ «យើង​សំណូមពរ​ឱ្យ​ឯកឧត្ដម​រដ្ឋមន្ត្រី​យុត្តិធម៌​ហ្នឹង គួរ​ណាស់​តែ​ពន្លឿន​ថា ឆ្លើយ​ព្រម ឬ​មិន​ព្រម​ហ្នឹង គួរ​ណាស់​តែ​លឿន​ក្នុង​ការ​ឆ្លើយ ទោះបីជា​គាត់​មិន​ព្រម ប៉ុន្តែ​បើ​គាត់​ឆ្លើយ​យឺត​ពេល​អាហ្នឹង​ស្នើ​ហ្នឹង​គាត់​មិន​ព្រម​ដដែល ដែល​ធ្វើ​ឱ្យ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ពី​មហាជន ជុំវិញ​អ្វី​ដែល​គាត់​បាន​ធ្វើ ដែល​មិន​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ គាត់​មានឱកាស​ទទួល​ពាន​រង្វាន់​កិត្តិយស​នេះ​សម្រាប់​ពិភពលោក​បាន»។

ប្រតិកម្ម​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ​បែបនេះ ធ្វើឡើង​ក្រោយពី មន្ត្រី​រដ្ឋបាល​ក្រសួង​យុត្តិធម៌ បាន​ឆ្លើយតប​ទៅ​កាន់​ក្រុម​យុវជន​ថា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មិន​ទាន់​បាន​ពិនិត្យ​ញត្តិ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ឡើយ​ទេ ដោយសារ​ជាប់រវល់​បំពេញការងារ​ផ្សេងៗ​។ ការ​ឆ្លើយតប​នេះ ធ្វើឡើង​នៅពេល​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវ​រស្មី បាន​ទៅដល់​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​២០ ខែ​តុលា ដើម្បី​តាមដាន​ការ​ដាក់​ញត្តិ​សុំ​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ស៊ុយអែត ដែល​ពួកគេ​បាន​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៦ ខែតុលា។

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ កាល​នៅ​ថ្ងៃទី​២ ខែតុលា បានសម្រេច​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ទទួល​ពានរង្វាន់​នោះ​ឡើយ ដោយ​លើក​ហេតុផល​ថា គ្មាន​ភាព​ចាំបាច់។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់ឃើញ​ថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​គ្មាន​ចេតនា ចង់​គេចវេស​ពី​ការ​ឃ្លាំមើល​របស់​តុលាការ​ឡើយ ដូច្នេះ​ក្រសួងយុត្តិធម៌ គួរ​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ចេញទៅ​ទទួល​ពានរង្វាន់​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពួកគេ​រៀបចំ​ឯកសារ។

លោក យង់ គិមអេង៖ «ខ្ញុំ​មិន​ដឹង​ថា ភាព​មមាញឹក​នៅក្នុង​ក្រសួង មាន​ទំហំ​ប៉ុណ្ណា​ទេ ខ្ញុំ​អាច​គិតថា​មមាញឹក​ខ្លាំង ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​តាមរយៈ​ក្រសួង​មួយៗ មាន​មន្ត្រី​ច្រើន​តាម​ខ្ញុំ​ដឹង រដ្ឋលេខាធិការ​អីហ្នឹង​ច្រើន​មែនទែន បើ​អ៊ីចឹង​ទេ​គួរតែ​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា អាច​សម្រួល​ឱ្យ​ពួកគាត់​បាន​ទៅ​ទទួល​ពានរង្វាន់ ខ្ញុំ​គិតថា​ជា​កិត្តិយស​របស់​រដ្ឋាភិបាល​ដែរ ព្រោះ​អ្នកទទួល​ក៏​ជា​ខ្មែរ​ដែរ»។

គណៈកម្មាធិការ​ជ្រើសរើស​អ្នកទទួល​រង្វាន់​អង្គការ Right Livelihood មកពី​ប្រទេស​៧៦​ប្រទេស និង​១៤៣​សញ្ជាតិ បានសម្រេច​ផ្ដល់​ពានរង្វាន់​អន្តរជាតិ Right Livelihood ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់ ណូបែល សន្តិភាព ទៅ​ឱ្យ​ចលនា​មាតា​ធម្មជាតិ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ចំពោះ​វីរភាព​ដ៏​ក្លាហាន​របស់​ពួកគេ លើ​កិច្ចការពារបរិស្ថាន លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា បើ​ទោះបីជា​ត្រូវ​ប្រឈមមុខ​នឹង​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងណាក្ដី​។ អង្គការ Right Livelihood បាន​តម្រូវ​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួមមាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា តំណាង​ឱ្យ​ចលនា​មាតា​ធម្មជាតិ ធ្វើដំណើរ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ នៅ​ទីក្រុង​ស្តុកហ៊ូម (Stokholm) ប្រទេស​ស៊ុយអែត ដោយ​ត្រូវ​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា និង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។