ការហ៊ាននិយាយការពិតក្នុងសង្គម គឺជាតួនាទីសំខាន់មួយរបស់អ្នកនិពន្ធ។ តួនាទីនេះគឺកាន់តែសំខាន់ទៅទៀតនៅពេល ដែលពលរដ្ឋក្នុងសង្គមរស់នៅក្នុងភាពភ័យខ្លាចពីការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធ និងច្រៀងចម្រៀងបែបរ៉ែប (Rap) ជាប្រភេទអ្នកនិពន្ធកម្រ ដែលបានបំពេញតួនាទីសំខាន់របស់អ្នកតែងនិពន្ធនេះ។ ការណ៍នេះស្ដែងចេញតាមរយៈស្នាដៃជាច្រើនរបស់លោកជាពិសេសបទចម្រៀង «ឈាមបាតុករ»។
កូដករ សហជីព និងអ្នកស្រឡាញ់ការតែងនិពន្ធចាត់ទុកស្នាដៃតែងរបស់យុវជន គា សុគន្ធ ថាបានឆ្លុះបញ្ចាំងពីការពិតដែលម្ចាស់ស្នាដៃបែបនេះគួរបានការសរសើរនិងការលើកទឹកចិត្តឬចាត់ទុកថាជាគំរូនៃអ្នកនិពន្ធឆ្លុះបញ្ចាំងការពិតនិងបណ្ដុះស្មារតីស្នេហាជាតិ។

កូដករដែលចេញតវ៉ារយៈពេលជាង១ឆ្នាំមកហើយទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដដ៏ (Naga World) គោរពសិទ្ធិការងារនិងសេរីភាពសហជីព កញ្ញា អានិច លើកឡើងថា កញ្ញាចូលចិត្តស្ដាប់ចម្រៀងរបស់លោក គា សុគន្ធ ជាពិសេសបទចម្រៀងចេញថ្មីរបស់លោកគឺបទ «ឈាមបាតុករ» នេះឯង។ កញ្ញាបន្តថា ពលរដ្ឋក្នុងសង្គមបច្ចុប្បន្ននេះសុទ្ធតែបានដឹងថា ពិតជាមានរឿងកើតឡើងដូចបទចម្រៀងរបស់លោក គា សុគន្ធ មែន ប៉ុន្តែពួកគេភាគច្រើនមិនហ៊ានលាតត្រដាងការពិតទាំងនោះទេដោយសារតែភាពភ័យខ្លាច។កញ្ញាសង្កត់ធ្ងន់ថា ការតវ៉ារបស់ក្រុមបាតុករនៅក្នុងបទចម្រៀងនោះក៏ស្រដៀងគ្នានឹងការតវ៉ារបស់កូដករនៅណាហ្គាវើលដ៏ដែរ។
«សម្រាប់ខ្ញុំគឺវាឈឺចាប់ណាស់ ដោយសារតែខ្ញុំជួបផ្ទាល់ហើយ។ វាត្រូវគ្នាស្រដៀងនឹងរឿង ដែលឥឡូវហ្នឹងពួកខ្ញុំកំពុងកូដកម្មជាមួយណាហ្គា រឿងសហជីពដូចគ្នា ហើយនឹងរឿងតាមទាមទារប្រាក់ខែវិវាទការងារ»។
យុវជន គា សុគន្ធ ជាអ្នកនិពន្ធនិងអ្នកចម្រៀងរ៉ែប (Rapper) ផ្តោតលើបញ្ហាក្នុងសង្គម។ យុវជនវ័យ២២ឆ្នាំរូបនេះ បានចេញបទចម្រៀងជាច្រើនផ្សព្វផ្សាយតាមបណ្ដាញសង្គម។ បទចម្រៀងថ្មី ដែលចេញនៅក្នុងខែមករាដើមឆ្នាំ២០២៣នេះគឺ «ឈាមបាតុករ»ដែលរៀបរាប់ពីអំពើហិង្សានៅផ្លូវវេងស្រេងនិងការទន្ទឹងយុត្តិធម៌នៃអ្នករងគ្រោះដោយអំពើហិង្សានេះដែលរម្លងរយៈពេល៩ឆ្នាំមកហើយ។
«ចម្រៀង៖ ឆ្នាំ២០១៤ ឈឺចាប់បេះដូងអង្រួន ព្រឹត្តិការណ៍ផ្លូវវេងស្រេងហាក់ដូចគំនុំគុំកួនតវ៉ារឿងប្រាក់ឈ្នួលដើម្បីតែជីវភាព អ្នកតស៊ូ ដើម្បីសិទ្ធិដើម្បីសេរីភាពស្វែងរកនូវយុត្តិធម៌ពោពេញដោយឧបសគ្គ។ឯណាអ្នកទទួលខុសត្រូវលើផ្លូវដែលគ្រោះថ្នាក់ក្នុងស្ថានការណ៍ដែលកំពុងតែវឹកវរបាតុករបានប៉ះទង្គិចជាមួយអាជ្ញាធរបង្កជាហិង្សារងគ្រោះអាយុជីវិតមានអ្នកស្លាប់ មានអ្នករបួស ឈឺចាប់»។
កងកម្លាំងប្រដាប់អាវុធបានបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករតវ៉ាទាមទារប្រាក់ខែគោលកាលពីដើមឆ្នាំ ២០១៤ នៅលើផ្លូវវ៉េងស្រេងនិងនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ដោយបានវាយដំនិងបាញ់រះធ្វើឱ្យមនុស្ស៤នាក់ស្លាប់៣៨នាក់របួសព្រមទាំងបាត់ខ្លួនក្មេងប្រុសម្នាក់។ យុវជន គា សុគន្ធ អះអាងថាបទចម្រៀងឈាមបាតុកររំឮកពីការតស៊ូរបស់កម្មករដែលបានលះបង់ឈាមស្រស់នៅក្នុងការតវ៉ារួមនឹងជាការពញ្ញាក់អារម្មណ៍ឱ្យគ្រប់ភាគីពាក់ព័ន្ធស្វះស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
យ៉ាងនេះក្ដីស្នាដៃនេះប្រែក្លាយជាដើមចមនៃការចោទប្រកាន់ថា «ញុះញង់»។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការការផ្សព្វផ្សាយបទចម្រៀង «ឈាមបាតុករ» ដោយចោទថា បទចម្រៀងនេះមានខ្លឹមសារ «ញុះញង់»អាចបង្កជាអសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះអង្គការសង្គមស៊ីវិលចំនួន៤ដែលបានរួមគ្នារម្លឹកខួប៩ឆ្នាំនៃអំពើហិង្សានិងបានផ្សព្វផ្សាយបទចម្រៀងនេះក៏ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ខំឱ្យលុបចម្រៀងនោះចេញពីបណ្ដាញសង្គមរបស់ពួកគេហើយដែរ។
ទាក់ទងនឹងរឿងនេះប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតែចេញផ្សាយរបាយការណ៍ការពិតពីពលរដ្ឋបាត់ដីស្រែនៅតាមព្រំដែនកម្ពុជាវៀតណាមមើលឃើញថាក្រសួងវប្បធម៌គួរតែជាស្ថាប័នយកចិត្តទុកដាក់ជំរុញឱ្យយុវជនក្លាហានដូច គា សុគន្ធ នេះ ដើម្បីបណ្ដុះគ្រាប់ពូជយុវជនស្នេហាជាតិ។ លោកថា ការបំបិទមាត់អ្នកហ៊ាននិយាយការពិតបែបនេះបង្ហាញពីវប្បធម៌ក្ដិចត្រួយ៖
«យុវជនបែបហ្នឹងជាយុវជនកម្រ ដែលយើងគួរតែលើកទឹកចិត្តគាត់ ទី១គឺឱ្យគាត់បន្តដើម្បីឱ្យយុវជនផ្សេងទៀតចូលរួមជាមួយបានច្រើន។ ប្រសិនបើយើងគ្រាន់តែឃើញមានពន្លកមួយមកមានឆន្ទៈជាតិ ហើយយើងជាន់ពន្លិចវិញ គឺយើងកំពុងតែចូលរួមធ្វើឱ្យសង្គមយើងដើរថយក្រោយទៅវិញទេ»។
ចំណែកអ្នកចូលចិត្តការតែងនិពន្ធនិងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ អ្នកនាង លឹម វីរីយ៉ា សោកស្ដាយដែលអាជ្ញាធរបន្ទច់បង្អាក់យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធហ៊ានលាតត្រដាងការពិតពីបញ្ហាក្នុងសង្គមបែបនេះ។ អ្នកនាងថា សង្គមមួយចាំបាច់ត្រូវមានអ្នកនិពន្ធ អ្នកសិល្បៈ ដែលជួយបណ្ដុះស្មារតីស្នេហាជាតិដែលមិនអាចខ្វះបាន៖
«វាពិតជាសំខាន់មែន សំខាន់ខ្លាំងណាស់ ព្រោះអីស្នាដៃសិល្បៈ ស្នាដៃចម្រៀង កំណាព្យ ការតែងនិពន្ធអីនេះវាធ្វើឱ្យមនុស្សចងចាំបានល្អប្រសើរជាងការនិយាយធម្មតាៗ»។
ចម្រៀង «ឈាមបាតុករ»ដែលនាំឱ្យមានភាពចម្រូងចម្រាស់នេះគ្រាន់តែជាផ្នែកមួយនៃស្នាដៃរបស់យុវជន គា សុគន្ធ ហើយយុវជនរូបនេះក៏ធ្លាប់បានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំក្នុងចំណោមទោសសរុប១ឆ្នាំ៨ខែ ដោយសារតែបទចម្រៀងទាំងនោះផង។ ចម្រៀងរបស់ គា សុគន្ធ ដែលមានអ្នកចូលមើលរាប់លាននាក់ក្នុងបណ្ដាញសង្គម យូធូប (You Tube) និងជាហេតុផលឱ្យអាជ្ញាធរចោទប្រកាន់ពីបទញុះញុងនោះរួមមាន៖ ទឹកភ្នែករាស្រ្ត សាសន៍កំសត់ ផ្លូវជីវិត និងដីខ្មែរជាដើម៖
«យើងបើអស់ដីគ្មានអ្វីនៅទៀតទេ កុំរវល់តែផឹកស៊ីប្រយ័ត្នផែនទីនៅលើគេ សាសន៍មួយចំនួនកំពុងតែឈ្លានពានពេលដែលយើងបាក់សាមគ្គីគេនឹងមកទន្រ្ទាន។ ស្ដាប់ខ្ញុំឱ្យជាក់ភ្ញាក់ពីដំណេកមក យើងជាវីរៈបុរស យកខ្នោះទៅចាប់ចោរ កម្ទេចពួកកេងប្រវ័ញ្ចន៍ ហើយចាក់សោ ស្វែងរកសេរីភាព។ កុំខ្លាចកុំឆោឡោ។ បើអ្នកខ្លាចអ្នកភ័យ ហើយអ្នកព្រួយ ចុះស្រុកកម្ពុជាបាននរណាគេមកជួយ បើបច្ចុប្បន្នកាលពោរពេញដោយពុករលួយ អាណានិគមជំនាន់ក្រោយ ច្បាស់ជាក្ស័យម្ដងមួយ»។
សមាជិកសមាគមអ្នកនិពន្ធខ្មែរ អ្នកនាង លឹម វីរីយ៉ា មើលឃើញព្រលឹងនៃអ្នកតែងនិពន្ធពិតប្រាកដនៅក្នុងខ្លួនរបស់យុវជនរូបនេះ។ អ្នកនាងថា មានតែអ្នកនិពន្ធដែលនិយាយពីការពិតក្នុងសង្គមទេដែលអាចបន្សល់ទុកស្នាដៃមានតម្លៃពិតប្រាកដសម្រាប់ជាគតិដាស់តឿនអ្នកជំនាន់ក្រោយ៖
«តែបើវាក្លាយជាប្រវត្តិសាស្រ្តហើយស្នាដៃរបស់អ្នកនិពន្ធ ដែលមានគុណតម្លៃខ្ពង់ខ្ពស់បំផុត ដែលគេនឹងលើកទៅនិយាយ គឺមានតែរឿង ដែលនិយាយពីការតស៊ូ ដើម្បីសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ ដើម្បីសន្តិភាពអីញ្ចឹងទេ ដែលវាមានតម្លៃ»។
ទាំងកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៏មេដឹកនាំសហជីពនិងអ្នកចូលចិត្តការតែងនិពន្ធរំពឹងថា អាជ្ញាធរនឹងពិចារណាទុកសេរីភាពនៃការតែងនិពន្ធឱ្យយុវជនបានបញ្ចេញមតិបាននិយាយពីបញ្ហាពិតជាក់ស្ដែងនិងអំពើអយុត្តិធម៌ក្នុងសង្គមដែលពួកគេកំពុងរស់នៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ិរីវត្ថ ដើម្បីឆ្លើយតបនឹងរឿងនេះបាននៅឡើយទេនៅថ្ងៃទី១៩ ខែមករា។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយតបថារដ្ឋាភិបាលធានាសេរីភាពពលរដ្ឋក្នុងការតែងនិពន្ធប៉ុន្តែការតែងនិពន្ធត្រូវស្ថិតក្នុងក្របខណ្ឌកំណត់ជាពិសេសនៅក្នុងស្ថានភាពមុនការបោះឆ្នោតបែបនេះ៖
« រដ្ឋាភិបាលត្រូវតែគ្រប់គ្រងស្ថានភាព ដើម្បីឱ្យដំណើរការបោះឆ្នោតប្រកបដោយសន្តិភាព សេរីភាព និងភាពស្និទ្ធស្នាលគ្នា ដើម្បីកសាងវប្បធម៌អ្វីមួយហៅថាប្រជាធិបតេយ្យហ្នឹងឯង ដូចជាចម្រៀងខ្លះ ការពិតខ្លះគេមិនឱ្យនិយាយណាការពិតវារែងស្លែង»។
ការតែងនិពន្ធនិងផ្សព្វផ្សាយជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិដែលមានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងស្របតាមបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលសេរីភាពនេះមិនត្រូវប្រើប្រាស់ជាដើមចមក្នុងការចាប់ឃុំខ្លួនដាក់ពន្ធនាគារឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។