សកម្មជនចលនាមាតាធម្មជាតិអះអាងក្នុងសវនាការថា ពួកគេមិនបានធ្វើសកម្មភាពប្រមាថអង្គព្រះមហាក្សត្រ ឬប្រឆាំងរដ្ឋាភិបាល ដូចការចោទប្រកាន់របស់តុលាការនាពេលកន្លងមកនោះទេ។ មន្ត្រីសង្គមស៊ីវិលថា សកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិមិនមានកំហុស និងជាការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ នៅថ្ងៃទី២៩ ខែឧសភា បានឡើងសវនាការសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារង លោក សេង ហៀង ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
សកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត។ ក្នុងពេលឡើងសវនាការនោះ ពួកគេបានស្លៀកសំលៀកបំពាក់មួយឆុតសរក្នុងន័យ ដើម្បីបង្ហាញពីសោកនាដកម្ម នៃប្រព័ន្ធយុត្តិធម៌ខ្មែរ។ លើសពីនេះ លោក ថុន ថុនរដ្ឋា និងលោក យីម លាងហ៊ី បានកោរសក់ ដើម្បីបង្ហាញពីការលះបង់របស់ពួកគេ ដើម្បីការងារសង្គម និងដើរកាន់ផ្កាឈូក ដើម្បីសម្ដែងនូវអហោសិកម្ម ឬមិនមានគំនុំគុំកួនជាមួយបុគ្គលណាម្នាក់ជាដើម។ រីឯ កញ្ញា ស៊ុន រដ្ឋា លោក ពក ខើយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានអវត្តមានក្នុងសវនាការ។ ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ជនជាតិអេស្ប៉ាញ (Spanish) ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញ និងហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥។

សកម្មជនចលនាមាតាធម្មជាតិ និងជាប្រធានស្ដីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក យីម លាងហ៊ី លើកឡើងថា តុលាការបានសាកសួរសំណួរជាទូទៅពាក់ព័ន្ធនឹងសកម្មជនម្នាក់ៗ និងក្រោយមកតុលាការបានសួរទៅកាន់លោកតែម្នាក់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកជាមួយក្រុមចលនាមាតាធម្មជាតិ នាពេលកន្លងមក។ លោកបានអះអាងថា សកម្មភាពរបស់លោក និងសកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិផ្សេងទៀត ដែលបានធ្វើកន្លងមក គឺដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានដល់កូនចៅជំនាន់ក្រោយ។
លោក យីម លាងហ៊ី បានបញ្ជាក់ក្នុងសវនាការថា សកម្មជនចលនាមាតាធម្មជាតិមិន ដែលប្រព្រឹត្តសកម្មភាពណាមួយប្រមាថទៅលើអង្គព្រះមហាក្សត្រ ឬប្រឆាំងរដ្ឋាភិបាលដូចការចោទប្រកាន់របស់តុលាការកន្លងមកនោះទេ។
លោក យីម លាងហ៊ី៖«ជាភស្តុតាងអាចលើកឡើងវិញ អំពីកិច្ចប្រជុំកន្លងមក ប៉ុន្តែ មិនជាធ្ងន់ធ្ងរទេ ពីព្រោះដូចបញ្ជាក់ឡើងវិញ អ៊ីចឹងគ្រប់ការងាររបស់មាតាធម្មជាតិធ្វើក្នុងគោលបំណងការពារបរិស្ថានតែប៉ុណ្ណឹង គឺអត់មានទៅកៀរគររកប្រមូលប្រជាពលរដ្ឋ ចង់ផ្ដួលរំលំរដ្ឋាភិបាល ឬក៏ចង់ឱ្យស្អប់នរណា សូម្បីតែស្អប់ ក៏ចលនាមាតាធម្មជាតិមិនមានគោលការណ៍ណាឱ្យបុគ្គលណាម្នាក់ស្អប់បុគ្គលណាម្នាក់ដែរ»។
ប្រធានចៅក្រមជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បិទបញ្ចប់ការសាកសួរត្រឹមលោក យីម លាងហ៊ី នឹងសម្រេចបន្តសវនាការ នៅថ្ងៃទី៥ ខែមិថុនា ។ សវនាការនេះ ក៏មានមន្ត្រីតំណាងទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មន្ត្រីតំណាងអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលចូលរួមឃ្លាំមើលផងដែរ។
នៅខាងក្រៅសវនាការវិញ ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ដែលបានបីកូនអាយុ ៥ខែមកគាំទ្រប្ដីថ្លែងថា លោកស្រី នៅតែបារម្ភថា តុលាការអាចនឹងចាប់ខ្លួនប្ដីលោកស្រីម្ដងទៀត បើទោះជាលោកស្រីដឹងថា សកម្មភាពរបស់ប្ដីលោកស្រីកន្លងមក មិនបានប្រព្រឹត្តទង្វើខុសច្បាប់ក៏ដោយ។
លោកស្រី ប៉ាត់ រស្មី៖«និយាយទៅខ្ញុំស្នើសុំឱ្យតុលាការទម្លាក់រាល់បទចោទប្រកាន់លើរូបពួកគាត់ទាំងអស់គ្នា ព្រោះពួកគាត់សុទ្ធតែអ្នកស្រឡាញ់ធនធានធម្មជាតិ អ្នកការពារធនធានធម្មជាតិ ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយនឹងបានឃើញ ហើយបាននៅគង់វង្ស»។
ពលរដ្ឋរងការបណ្ដេញចេញពីបឹងតាមោក យុវជន និងព្រះសង្ឃជាង ១០អង្គ/នាក់ បានមកគាំទ្រ និងលើកបដា ដែលមានអត្ថន័យថា «ពួកយើងគាំទ្រមាតាធម្មជាតិ» ឬ «ការងារការពារបរិស្ថានមិនមែនជារឿងខុសច្បាប់» ជាដើម។
និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កញ្ញា រៀម ស្រីពេជ្យរតនា ឱ្យដឹងថា កញ្ញាមកចូលរួមគាំទ្រ ដោយសារតែកញ្ញាយល់ថា បទចោទរបស់តុលាការនេះផ្ទុយនឹងសកម្មភាពជាក់ស្ដែងរបស់ចលនាមាតាធម្មជាតិ ដែលបានធ្វើ ដើម្បីបរិស្ថាន និងពលរដ្ឋខ្មែរ។
កញ្ញា រៀម ស្រីពេជ្យរតនា៖«ពួកយើងឃើញសកម្មភាពមួយ ដែលពួកគាត់ធ្វើ ហើយពួកយើងយកជាគំរូភាព ពួកយើងគោរពពួកគាត់។ ប៉ុន្តែ ហេតុអីពេលយើងទទួលបានដំណឹងថា ពួកគាត់ជាប់បទចោទប្រមាថព្រះមហាក្សត្រ ក៏ដូចជា បទចោទរួមគំនិតក្បត់ពួកយើងចាប់ផ្ដើមមានអារម្មណ៍មួយថា ពួកយើងប្រសិនអត់បានមកលើកទឹកចិត្តដល់ពួកគាត់ ឬមកបង្ហាញពីភាពស្អាតស្អំរបស់ពួកគាត់ទេ ពួកយើងប្រហែលជាមនុស្សអាត្មានិយម»។
សកម្មជនចលនាមាតាធម្មជាតិធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defendersនិងពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden)ចំពោះភាពក្លាហាន និងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២៩ ខែឧសភា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលបានឃ្លាំមើលក្នុងសវនាការមានប្រសាសន៍ថា បើទោះជាសវនាការទើបនឹងបន្តសាកសួរជាថ្មីក្ដី ប៉ុន្តែអង្គការជាតិ និងអន្តរជាតិបានចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិនាពេលកន្លងមកថា ជាការរំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
លោក អំ សំអាត៖«គេចាត់ទុកថា ការឃុំខ្លួន និងការចោទប្រកាន់ហ្នឹង វាជារឿងរំលោភទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេស ពួកគាត់ ដែលជាយុវជននៅក្នុងការចូលរួមសកម្មនៅក្នុងកិច្ចការធនធានធម្មជាតិ បរិស្ថាននេះ គួរត្រូវបានលើកទឹក និងមិនគួរត្រូវបានចោទប្រកាន់»។
ក្នុងចំណោមសកម្មជន ដែលតុលាការកោះហៅនៅពេលនេះ មាន ៣នាក់ ធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ហើយតុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់» មួយករណីទៀត ពេលអ្នកទាំង៣ កំពុងជាប់ពន្ធនាគារ។
ចំណែកកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្នុងនោះកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល ៥ខែ។ តុលាការបានដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។