ក្រុមកូដករណាហ្គាវើលដ៍ បន្តតវ៉ាទាមទារអោយថៅកែក្រុមហ៊ុនបកល្បែងណាហ្គាវើលដ៍ដោះស្រាយ វិវាទការងាររបស់ពួកគេឱ្យបានឆាប់។ ក្រុមកូដករយល់ថា មូលហេតុដែលក្រុមហ៊ុនមិនអាចដោះស្រាយ វិវាទការងារនេះបាន ព្រោះរដ្ឋាភិបាលឈរខាងភាគីក្រុមហ៊ុនដោយមិនខ្វល់អំពីការអនុវត្តច្បាប់ និងទុក្ខលំបាករបស់ក្រុមកូដករ។ សង្គមស៊ីវិលទទូចដល់រដ្ឋាភិបាល ដោះស្រាយវិវាទរ៉ាំរ៉ៃមួយនេះដល់កូដករ ដើម្បីស្តារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។
ក្រុមកូដករណាហ្គាវើលដ៍ជិត១រយនាក់នៅល្ងាចថ្ងៃទី៤ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សានិងស្រែកតវ៉ាប៉ុន្តែក្រុមហ៊ុននៅតែមិនផ្តល់ដំណោះស្រាយដល់កូដករឡើយ។ កូដករបានឈលើកបដាដោយសរសេរទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងារនិងទទួលយកកម្មកររួមទាំងថ្នាក់ដឹកនាំសហជីពចូលធ្វើការងារដូចដើមវិញនិងទម្លាក់ចោលបទចោទលើកូដករហើយស្នើឱ្យថៅកែណាហ្គាវើលដ៏ កុំយកលុយទិញសេរីភាពសហជីព។
កូដករណាហ្គាវើលដ៍កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៤ខែកញ្ញាថា ក្រុមហ៊ុនណាហ្គាវើលដ៏(Nagaworld) មិនព្រមដោះស្រាយវិវាទការងារនិងទទួលយកកូដកររួមទាំងសហជីពចូលធ្វើការវិញឡើយប៉ុន្តែប្រកាសរើសបុគ្គលិកថ្មីចូលធ្វើការ។ កញ្ញាបន្តថា កូដករនៅតែបន្តប្រើសិទ្ធិកូដកម្មស្របតាមច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៏(Nagaworld) រហូតមាន ដំណោះស្រាយ៖« ខ្ញុំយល់ថា ក្រុមហ៊ុនគាត់អត់ព្យាយាមដោះ ស្រាយនៅក្នុងវិវាទនេះ ទេ ហើយគាត់នៅតែព្យាយាមអូសបន្លាយពេលវេលា ដើម្បីអោយកូដករគាត់ដាច់សេដ្ឋកិច្ច ហើយចូលធ្វើការខ្លួនឯង ដោយគាត់គេចវេះ ក្នុងការដោះ ស្រាយ។ យើងបានធ្វើកូដកម្មរយៈ ពេល៩ខែមកហើយ ។ ហើយយើងបានដើរដាក់ញត្តិគ្រប់ស្ថាប័នទាំងអស់ ប៉ុន្តែយើងមើលឃើញថា គឺអត់មានស្ថាប័នណាមួយ ហ៊ានចេញមុខដោះ ស្រាយនៅក្នុងបញ្ហានេះ ទេ។ យើងមើលឃើញច្បាស់ថាក្រុមហ៊ុនណាហ្គាវើលដ៏បានរំលោភបំពាននូវច្បាប់ នៃប្រទេសកម្ពុជា ដែលមានបានចេញនៅក្នុងរដ្ឋធម្មនុញ្ញ »។
ស្រដៀងគ្នានេះកូដករណាហ្គាវើលដ៍ម្នាក់ទៀតកញ្ញា ច័ន្ទ ស្រីរ័ត្ន ថ្លែងថា កញ្ញាជឿជាក់លើច្បាប់កម្ពុជាថាអាចដោះស្រាយវិវាទការងាររបស់កូដករបាន ដោយ ជំរុញអោយក្រុមហ៊ុនដោះស្រាយដោយផ្អែកលើច្បាប់កម្ពុជា។ កញ្ញាបន្តថាបើអាជ្ញាធរឬស្ថាប័នពាក់ព័ន្ធមានឆន្ទៈដោះស្រាយវិវាទការងារនេះបានបញ្ចប់យូរហើយប៉ុន្តែក្រុមហ៊ុនប្រើឥទ្ធិពលរបស់ខ្លួនយកឈ្នះយកចាញ់លើក្រុមកូដករទើបបញ្ហានេះនៅតែបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃ៖ « មកដល់ពេលនេះ គឺមានតែលាបពណ៌មកលើពួកខ្ញុំដែលជាកូដករ មានការបំពាន ប្រើហិង្សាអ្វីផ្សេងៗពីសំណាក់អាជ្ញាធររដ្ឋទាំងដែលពួកខ្ញុំជាម្ចាស់ប្រទេស ជាម្ចាស់ពន្ធ ។ ពួកខ្ញុំរងនូវភាពអយុត្តិធម៌ ពីសំណាក់អាជ្ញាធររដ្ឋ នេះ ហើយជាឥទ្ធិពលថៅកែណាហ្គាវើលដ៏ គាត់ប្រើធនធានទៅលើរដ្ឋ អ៊ីចឹងបានពួកគាត់គ្មានឆន្ទៈ ដោះ ស្រាយអោយពួកខ្ញុំ បែរជាឈរកាងអោយថៅកែបរទេស ដែលគេមករកស៊ីលើស៊ី លើទឹកដីខ្មែរហើយរំលោភច្បាប់ប្រទេសខ្លួនឯង »។
ក្រុមហ៊ុនបានដាក់រនាំងព័ទ្ធជុំវិញក្រុមហ៊ុនណាហ្គាវើលដ៏ស្របពេលដែលអាជ្ញាធរបានស្លៀកពាក់ស៊ីវិលដើម្បីឃ្លាំមើលក្រុមកូដករ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញលោក សាន សុខសីហា និងលោកអភិបាលរង មាន ចាន់យ៉ាដា ដើម្បីអត្ថាធិប្បាយជុំវិញរឿ ងនេះ បានទេថ្ងៃទី៤ខែកញ្ញា ដោយទូរស័ព្ទទាក់ទងមិនបាន។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ(Licadho) លោក អំ សំអាត សង្កេតឃើញថាក្រុមហ៊ុនណាហ្គាវើលដ៍ដបានប្រើយុទ្ធសាស្ត្រកាត់ផ្តាច់សេដ្ឋកិច្ចរបស់កូដករដោយបន្តអូរបន្លាយនិងមិនដំណោះស្រាយដើម្បីឱ្យកូដករទទួលយក លក្ខខណ្ឌ ដែលក្រុមហ៊ុនតម្រូវ។ លោកបន្តថានៅពេលអាជ្ញាធរនិងក្រុមហ៊ុនបន្តមិនដោះស្រាយអាចនឹងកើតមានអំពើហិង្សានៅថ្ងៃអនាគត។
លោក អំ សំអាត ជំរុញឱ្យក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនចូលរួមដោះស្រាយវិវាទការងារនេះឱ្យបានឆាប់រហ័សដើម្បីកុំអោយវិវាទការងាររវាងកូដករ និងក្រុមហ៊ុន ប្រែក្លាយជាការប្រឈមមុខជាមួយអាជ្ញាធរដែលធ្វើអោយប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោក អំ សំអាត បន្តលើកកម្ពស់នូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការធ្វើកូដកម្មដោយសន្តិវិធីហើយអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបញ្ហានេះដោយសម្របសម្រួលក្រុមហ៊ុននិងបញ្ឈប់ការលាបព័ណ៍ផ្សេងដែលមិនមែនជាឬសគល់នៃបញ្ហា៖ « ខ្ញុំនៅតែយល់ឃើញ ថា ចៀសមិនផុតទេ បើគ្មានដំណោះស្រាយណាមួយ ដោយសន្តិវិធីដើម្បីបញ្ចប់រឿងហ្នឹងទេ អំពើហិង្សាអាចនិងកើតឡើងជាបន្តបន្ទាប់ទៅ ទៀ តនៅពេលខាងមុខ ។ ហើយវាអាចប៉ះពាល់សម្រាប់បញ្ហាសិទ្ធិមនុស្ស ហើយហ្នឹងប៉ះ ពាល់មុខមាត់រដ្ឋាភិបាលបន្ថែមទៀតទេប៉ុន្តែបញ្ហាទាំងអស់ បើយើងមើលទៅគឺជាវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ ជាមួយនឹងបុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ ប៉ុន្តែបើគ្មានដំណោះស្រាយទេ យើងឃើញហើយ កន្លងមកវាក្លាយជាការវិវាទរវាងក្រុមកូដករជាមួយអាជ្ញាធរ ហើយក្រុមហ៊ុនហាក់បីដូចជានៅឆ្ងាយពីបញ្ហាទាំងអស់ហ្នឹងទៅវិញ »។
គិតមកត្រឹមថ្ងៃទី៤ ខែកញ្ញាក្រុមកូដករបានធ្វើកូដកម្មរយៈពេលជាង៩ខែមកហើយប៉ុន្តែគ្មានដំណោះស្រាយសមរម្យនោះទេ។ កន្លងមកក្រុមអាជ្ញាធររដ្ឋបានចាត់ទុកស្តី្រកូដកររងគ្រោះជាសត្រូវនិងតែងប្រើអំពើហិង្សាធ្វើទុក្ខបុកម្នេញជាប្រចាំដោយចាប់រុញកូដករឡើងរថយន្តក្រុងរួចដឹកទៅទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញជាដើម។
ប៉ុន្តែក្រោយពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បានចុះពិនិត្យនិងឃ្លាំមើលដោយផ្ទាល់ដល់ទីតាំងដែលក្រុមកូដករតវ៉ាគឺមិនឃើញមានអាជ្ញាធរបង្ក្រាបដោយហិង្សាដូចពេលកន្លងទៅនោះទេ។
មន្ត្រីសង្គមស៊ីវិលនៅតែបន្តតាមដានការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៏ហើយសង្កេតឃើញថាកូដករបានប្រើសិទ្ធិធ្វើកូដកម្មដោយស្របតាមច្បាប់។ សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលជំរុញអោយរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធដំណោះស្រាយវិវាទការងារមួយនេះដើម្បីស្តារមុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។