ក្រុមកូដករណាហ្គាវើលដ៍ជិត ១រយនាក់ (១០០នាក់) នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា បន្តធ្វើកូដកម្ម ដោយឈរនៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ ស្រែកខ្លាំងៗហៅថៅកែណាហ្គាវើលដ៏ចេញមកដោះស្រាយវិវាទការងារជាមួយពួកគេ។ កូដករកាន់បដា ដែលមានខ្លឹមសារដូចជា ក្រុមហ៊ុនណាហ្គាវើលដ៏ត្រូវបញ្ឈប់ប្រើកិច្ចសន្យាមិនត្រឹមត្រូវ និងស្នើ តុលាការទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពទាំង ១៥ នាក់។
ក្រៅពីនេះ កូដករក៏ដាក់ឧបករណ៍បំពងសម្លេងចម្រៀង ពីជីវិតកម្មករធ្វើការណាហ្គាវើលដ៏ ជាច្រើនបទ និងចម្រៀងតស៊ូមតិជាដើម។ កូដករមួយចំនួនបានលើកបដា រូបថត វាយស្គរ ផ្លុំត្រែ និងយកឆ្នាំង ខ្ទះឆា បន្លែ ត្រី សាច់មាន់ សម្រាប់ធ្វើអាហារថ្ងៃត្រង់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៏២ នឹងត្រៀម ភួយ តង់ ដើម្បីដេកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏។
កូដករបញ្ជាក់ថាក្រុមសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៏រាប់រយនាក់បានពាក់ឯកសណ្ឋាននៅមុខក្រុមហ៊ុនណាហ្គាវើលដ៏២។ ចំណែកអាជ្ញាធរចំរុះបានដាក់កងកម្លាំងបង្កប់នៅក្បែរហាងកាហ្វេ និងហាងបាយនៅក្បែរៗក្រុមហ៊ុនណាហ្គាវើលដ៏។
កូដករម្នាក់កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថាថ្ងៃ១៨កញ្ញាថា អាជ្ញាធរ ពាក់ព័ន្ធ និងក្រុមហ៊ុនណាហ្គាវើលដ៏នៅតែគ្មានដំណោះស្រាយ ដល់ពួកគេដដែល។ កញ្ញាបន្តថា អាជ្ញាធរអសមត្ថភាព និងគ្មានឆន្ទះដោះស្រាយបញ្ហានេះ ដែលបានអូសបន្លាយមកជិត១០ខែហើយ ប៉ុន្តែនៅតែមិនអាចបញ្ចប់វិវាទការងារមួយនេះបាន៖ « ចំពោះខ្ញុំ ខ្ញុំមើលឃើញថាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ គឺគាត់អសមត្ថភាពខ្លាំងតែម្ដង នៅក្នុងការដោះស្រាយ ព្រោះជាក់ស្ដែងកាលពីថ្ងៃទី១១ ដែលយើងបានយកញត្តិទៅដាក់នៅក្រសួងការងារហ្នឹង និងទីស្ដីការគណៈរដ្ឋមន្ត្រីហ្នឹង។ ខាងលោកពូ មាន ចាន់យ៉ាដា គាត់បាននិយាយថា និងយករឿងហ្នឹងទៅដោះស្រាយហើយយកគោលការណ៍នៃច្បាប់ការងារជាគោល នៅក្នុងការដោះស្រាយហ្នឹង ប៉ុន្តែបច្ចុប្បន្ន កាលថ្ងៃទី១៥ហ្នឹង គឺយើងអត់បានឃើញពួកគាត់ ដោះតាមច្បាប់ នៃសៀវភៅការងារទេ។ អ៊ីចឹងមានន័យថាគាត់អត់មានសមត្ថភាពក្នុងការដោះស្រាយទេ»។
កញ្ញាបន្តថា ក្រុមកូដករនឹងបន្តការតវ៉ាជាបន្តបន្ទាប់ទៅមុខទៀតរហូតមានដំណោះស្រាយសមរម្យជូនដល់ពួកគេ។
កន្លងមកអង្គការសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលកម្ពុជា តែងតែតាមដាន ការធ្វើកូដកម្មបុគ្គលិកណាហ្គាវើលដ៏ និងអំពាវនាវដល់រដ្ឋាភិបាល ដំណោះស្រាយដោយឈរលើស្មារតីយោគយល់គ្នា។
សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលជំរុញអោយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដំណោះស្រាយវិវាទការងារមួយនេះ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជានៅឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។