ក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជានារី បានទទួលរងអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខរបស់កាស៊ីណូយ៉ាងដំណំ បណ្ដាលឱ្យមានអ្នករងបួស និងសន្លប់។ ពួកគាត់ចាត់ទុកករណីនេះ ជាទង្វើអមនុស្សធម៌ ដែលបន្ថែមពីលើការរំលោភសិទ្ធិការងាររបស់ម្ចាស់ក្រុមហ៊ុនបនល្បែងមួយនេះ។ មន្ត្រីសង្គមស៊ីវិលថា ក្រុមហ៊ុនណាហ្គាវើលដ៍គួរទទួលយកបុគ្គលិកចាស់ឱ្យចូលធ្វើការវិញ ដើម្បីបញ្ចប់ការធ្វើកូដកម្ម និងការចោទប្រកាន់ថាក្រុមហ៊ុនមួយនេះមានបំណងរើសអើងសហជីព។
ក្រុមកូដករណាហ្គាវើលដ៍នៅថ្ងៃសុក្រនេះបន្តការធ្វើកូដកម្មនៅមុខក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ប៉ុន្តែត្រូវបានក្រុមសន្តិសុខរបស់ក្រុមហ៊ុន ប្រើប្រាស់អំពើហិង្សា រុញច្រាន បណ្ដាលឱ្យមានអ្នករបួស និងសន្លប់។
កូដករណាហ្គាវើលដ៍រងគ្រោះម្នាក់ គឺកញ្ញា ពៅ រស្មី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កញ្ញា ថាកញ្ញាបានទទួលរងអំពើហិង្សារហូតសន្លប់នៅនឹងកន្លែង ដោយសារក្រុមសន្តិសុខក្រុមហ៊ុនជាច្រើននាក់ រុញសង្កត់ជាប់នឹងរនាំងដែក។ កញ្ញារៀបរាប់ថា កញ្ញារងរបួសបែកមាត់ហូរឈាម បាក់ធ្មេញមុខ និងក្អកធ្លាក់ឈាម។ នៅពេលសន្លប់កញ្ញាបានឮក្រុមកូដករដទៃទៀតស្រែកសុំពីក្រៅបារ៉ាស់ដើម្បីចូលមកមើលកញ្ញា ប៉ុន្តែកញ្ញាត្រូវក្រុមសន្តិសុខ លើកបោះទៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យរងរបួសបន្ថែមទៀត។ កញ្ញាចាត់ទុកទង្វើរបស់ក្រុមសន្តិសុខទាំងនោះ ជាការប្រើហិង្សាព្រៃផ្សៃ អមនុស្សធម៌ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ៖ « គាត់ ( មេសន្តិសុខរបស់ក្រុមហ៊ុន ) បានឱ្យកូនចៅរបស់គាត់ធ្វើការយកបារ៉ាស់ហ្នឹងចងភ្ជាប់គ្នាហើយយកមករុញបំបុកពួកខ្ញុំ។ និយាយទៅគឺស្លាប់រស់គាត់អត់គិតទេ គឺធ្វើម៉េចរុញពួកខ្ញុំឱ្យចេញទៅក្រៅហ្មង » ។
ស្រដៀងគ្នានេះដែរ កូដករណាហ្គាវើលដ៍រងគ្រោះម្នាក់ទៀត គឺកញ្ញា វ៉ាន់ រីណា ឱ្យដឹងថា នៅក្នុងថ្ងៃនេះ ក្រុមកូដករបន្តការតវ៉ាជាធម្មតា ប៉ុន្តែមួយសន្ទុះក្រោយមក កញ្ញាឃើញក្រុមសន្តិសុខចេញមកខាងមុខព្រោងព្រាតប្រហែលជិត ១រយនាក់ យកខ្សែចងភ្ជាប់បារ៉ាស់ បន្ទាប់មកពួកគេបាន កៀរ រុញមួយទំហឹង និងអូសទាញក្រុមកូដករឱ្យចេញពីមុខក្រុមហ៊ុន ធ្វើឱ្យកូដករដួល ហើយទង្គិចនឹងរនាំងដែករងរបួសជាច្រើននាក់។ កញ្ញាចាត់ទុកករណីនេះ មិនមែនជារឿងចម្លែកនោះទេ ដែលក្រុមសន្តិសុខទាំងនោះប្រើប្រាស់អំពើហិង្សាលើក្រុមកូដករជាអតីតបុគ្គលិកដូចគ្នា ដើម្បីការពារប្រយោជន៍ឱ្យថៅកែបរទេសដែលបានរំលោភសិទ្ធិរបស់ជនជាតិខ្មែរ នៅលើទឹកដីខ្មែរ « វាប៉ះពាល់ខ្លាំងណាស់ សំខាន់អំពើហិង្សាមកលើរាងកាយ ផ្លូវចិត្តដោយការអូសបន្លាយពេលវេលា ផ្ដាច់នូវសេដ្ឋកិច្ចរបស់ពួកយើង » ។
ទោះបីមានការបង្រ្កាបដោយកម្លាំងបាយពីអាជ្ញាធរ សន្តិសុខក្រុមហ៊ុន និងគ្មានប្រាក់ចំណូលក្ដី ក៏ស្ថានភាពក្រុមកូដករអហិង្សាមួយនេះនៅតែបន្ត។ ក្រុមកូដករប្រុស ស្រី ចម្អិនម្ហូប ចៀនពងទា សាច់ជ្រូក នឹងចង្ក្រានហ្គាស៍ក្រោមឆត្រតូចៗ នៅចន្លោះកណ្ដាលរនាំងការពារ ដែលមានសន្តិសុខស្លៀកពាក់ស៊ីវិលឈរព័ទ្ធជុំវិញ។ អ្នកខ្លះអង្គុយវាយស្គរ ផ្លុំត្រែ ប្រគំជាតន្ត្រី ដើម្បីផ្ដល់កម្លាំងចិត្តឱ្យអ្នកលើកបដាតវ៉ាខ្លះទៀត មើលថែអ្នកត្រូវរបួស ឬសន្លប់ដោយសារការបង្ក្រាបរបស់សន្តិសុខ និងមានកូដករខ្លះបោះតង់ដេកនៅមុខកាស៊ីណូណាហ្គាវើលដ៍តែម្ដង។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី១៦ កញ្ញា។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន យល់ឃើញថា វាគ្មានអ្វីជាការលំបាកនោះទេ ប្រសិនបើក្រុមហ៊ុនណាហ្គាវើលដ៍ មានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាពិតមែននោះ។ ប៉ុន្តែអ្នកស្រីមើលឃើញថា កត្តាដែលក្រុមហ៊ុននៅតែឱ្យកម្មករបន្តធ្វើកូដកម្មទោះបីវាជារឿងប៉ះពាល់មុខមាត់ក្រុមហ៊ុនបែបនេះ គឺដោយសារក្រុមហ៊ុនហាក់មានបំណងចង់រំលាយសហជីពតែប៉ុណ្ណោះ។ លោកស្រីលើកឡើងថា រដ្ឋាភិបាលនិងក្រុមហ៊ុនគួរបញ្ចប់វិវាទការងារមួយនេះដោយសន្តិវិធី និងទៅតាមនីតិវិធីច្បាប់ ដើម្បីស្ដារមុខមាត់ក្រុមហ៊ុន និងចូលរួមគោរពច្បាប់នៅក្នុងប្រទេសកម្ពុជា៖ « អ៊ីចឹងរដ្ឋហ្នឹងត្រូវតែអន្តរាគមន៍នៅក្នុងការដាក់សម្ពាធឬក៏ជំរុញឱ្យនិយោជកហ្នឹងបញ្ឈប់ការរើសអើងសហជីព ហើយយកកម្មករដែលជាថ្នាក់ដឹកនាំសហជីព ឬក៏សកម្មជន សមាជិកផ្សេងៗទៀតចូលធ្វើការ ហើយដោះដូរក៏បាន ហើយបើដោះដូរយកចូលធ្វើការថែមទៀតក៏បាន ព្រោះណាហ្គា៣ នៅក្នុងដំណើរការកសាងបន្តទៀតហើយ។ អាហ្នឹងជាការបញ្ចប់វិវាទដោយយុត្តិធម៌ មិនមែនបញ្ចប់ដោយអយុត្តិធម៌នោះទេ » ។
គិតមកដល់ថ្ងៃនេះ ការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ (Naga World) បានអូសបន្លាយអស់រយៈពេលជាង ៩ខែមកហើយ ក្នុងនោះពួកគេតែងរងការធ្វើបាបដោយអំពើហិង្សា ពីអាជ្ញាធរ និងសន្តិសុខរបស់ក្រុមហ៊ុន។ការបង្ក្រាបនេះធ្វើឱ្យ ក្រុមកូដកររងទុក្ខទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយការវាយដំ បោកខ្ទប់ ទាត់ទាក់ បណ្ដាលឱ្យ បាក់ធ្មេញ បែកមុខ ក្អកចេញឈាម និងសន្លប់រហូតដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានករណីកូដករម្នាក់រលូតកូនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។