ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) រិះគន់​ចៅក្រម​នៃ​សាលាដំបូង​ភ្នំពេញ​ថា សាកសួរ​លំអៀង

0:00 / 0:00

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ចាត់​ទុក​ការ​សាកសួរ​របស់​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ញុះញង់​ថា មិន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ និង​មាន​ចេតនា​ការពារ​ដើម​ចោទ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ដើម​ចោទ​ក្នុង​សំណុំរឿង​នេះ​ឆ្លើយ​យក​រួច​ខ្លួន និង​មិន​មាន​ភស្តុតាង​ច្បាស់លាស់ ដាក់​បន្ទុក​លើ​តំណាង​សហជីព​ណាហ្គាវើលដ៍ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែមេសា។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សឿង ចរិយា បន្ត​ការ​សាកសួរ​សមត្ថកិច្ច ដែល​ជា​ដើម​បណ្ដឹង​សំណុំរឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម គឺ​ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វ៉ាន់ឌី និង​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សេង ស៊ីណា ប៉ុន្តែ​ពួក​គាត់​មិន​បាន​ផ្ដល់​ចម្លើយ​សមស្រប​តាម​ភស្តុតាង ដែល​មាន​នោះ​ទេ។ ក្រុម​កូដករ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បើ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ទេ គួរតែ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហជីព​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ តំណាង​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៩នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន និង​មនុស្ស​មួយ​ចំនួន​ទៀត ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ។

សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ នៃ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ មេសា​ថា នៅ​ក្នុង​បន្ទប់​សាកសួរ ចៅក្រម​បាន​សួរ​ទៅ លោក សេង ស៊ីណា និង លោក សំ វ៉ាន់ឌី ដែល​ជា​ដើម​បណ្ដឹង​ថា ភស្តុតាង ដែល​ក្រុម​កូដករ​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម ហ្សូម (Zoom) នោះ ពិត​ជា​បាន​លើក​ឡើង​អំពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មែន ឬ​អត់ ហើយ​មុន​ពេល​ពួក​គាត់​ចុះ​ទៅ​បង្ក្រាប​ក្រុម​កូដករ តើ​មាន​បាន​ជូន​ដំណឹង​ឱ្យ​ពួក​គេ​ជា​មុន ឬ​ទេ? ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​ឆ្លើយ​ថា មិន​ដឹង​ទេ ព្រោះ​របាយការណ៍ ដែល​ប្រមូល​បាន​មាន​ច្រើន​ទំព័រ ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ចាំ​បាន។ ចំណែក​ចៅក្រម​មិន​បាន​សួរ​ដេញដោល​ទៀត​នោះ​ទេ ក៏​សន្និដ្ឋាន​ថា ពួក​គេ​បាន​ប្រឆាំង​រដ្ឋាភិបាល​មែន។ កញ្ញា​បញ្ជាក់​ថា មូលហេតុ ដែល​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ទាំង​អស់​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ ហ្សូម (Zoom) ដោយសារ​មាន​ជំងឺ​​កូវីដ១៩ រាតត្បាត ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ចេញ​មក​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​បាន ហើយ​រឿង​ទាំង​នេះ​មិន​អាច​យក​មក​ចោទ​ប្រកាន់​ថា ពួក​គេ​មាន​បំណង​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល​បាន​ឡើយ។

កញ្ញា ឈឹម សុខន៖«ពេល​មេធាវី​សួរ​គាត់​ថា កន្លែង​ណា​ខ្លះ​ដែរ​ប៉ូលិស​បញ្ជាក់​ពួកគាត់​ពិតជា​បាន​ញុះញង់​គាត់​ឆ្លើយ​អត់​កើត​ដោយសារ​វា​មាន​ច្រើន​ទំព័រ​អត់​អាច​ចាំ​ទាំងអស់ វា​មើល​ឃើញ​ថា គាត់​ភាគី​ដើម​បណ្ដឹង​យ៉ាង​ហោច​ណាស់ ក៏​គាត់​ក្ដោប​បាន​សំណុំ​រឿង​មាន​ចំណុច​សំខាន់​ណា​ដែរ គាត់​ចោទ​បង​ជា​បទ​ញុះញង់​ណា​អូន​វា​អត់​មាន​សោះ វា​អត់​មាន​វែកញែក​ឱ្យ​ច្បាស់​នៅ​កន្លែង​ហ្នឹង​ទេ»។

លោក សេង ស៊ីណា និង​លោក សំ វ៉ាន់ឌី ជា​ដើម​បណ្ដឹង ដែល​ប្ដឹង​តំណាង​ក្រុម​កូដករ​ណាហ្គាវើលដ៍។ ក្រុម​កូដករ​អះអាង​ថា ពួក​គេ​មាន​វិវាទ​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​មែន​មាន​វិវាទ​ជាមួយ​អាជ្ញាធរ​ទេ។ ដូច្នេះ​អាជ្ញាធរ​មិន​គួរ​ប្រឌិត​ភស្តុតាង ដើម្បី​ចោទ​ពួក​គេ​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ កូដករ​ណាហ្គាវើលដ៍​ម្នាក់​ទៀត គឺ​លោកស្រី ឃ្លាំង សុបិន្ត ថ្លែង​ថា ក្នុង​សវនាការ ចៅក្រម​ហាក់​មិន​ចង់​ឱ្យ​ដើម​បណ្ដឹង​ឆ្លើយ​សំណួរ ដែល​ក្រុម​មេធាវី​បាន​សួរ​សមត្ថកិច្ច អំពី​ភស្តុតាង​ដែល​ថា កូនក្ដី​លោក​បាន​ប្រមូលផ្ដុំ​គ្នា​ច្រើន​បង្ក​ឱ្យ​ភ្ញៀវ​បរទេស​ភ័យ​ខ្លាច មិន​ហ៊ាន​មក​កម្សាន្ត​បរិវេណ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ប៉ុន្តែ​លោកស្រី​ថា ក្នុង​ការ​សួរ​ដេញដោល​សមត្ថកិច្ច​នោះ មិន​មាន​ភស្តុតាង​ណា​មួយ​ច្បាស់លាស់​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​កូដករ​ឡើយ។

លោកស្រី ឃ្លាំង សុបិន្ត៖«ការ​ដេញដោល​ខាង​មេធាវី​មិន​សូវ​បាន​សិទ្ធិ​និយាយ​ពេញ​មាត់​ពេញ​ក​ទេ​ពីព្រោះ​ដោយសារ​ខាង​តំណាង​អយ្យការ​ក៏ដូចជា​ចៅក្រម​គាត់​នៅតែ​ព្យាយាម​ការពារ​ខាងដើម​បណ្ដឹង​ពីព្រោះ​ខាង​ដើមបណ្ដឹង​និយាយ​អី​ក៏​បាន​ដល់​ពេល​ខាង​ណេះ​និយាយ​ល្មមៗ​គាត់​ឡើង​ជំទាស់​ហើយ​របៀប​ថា​ប្រើ​ភាសា​ស៊កសៀត​ឌឺដង​តាម​រយៈ​អ្នក​ច្បាប់​ដែរ​អ៊ីចឹង»។

1_Nagaworld_workers_Kleang_Soben_at_PP_Court_hearing_040323_Treetop.JPG
លោកស្រី ឃ្លាំង សុបិន្ត កូដករ​ណាហ្គាវើលដ៍ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅទល់មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី ស្ថានទូត​អូស្ត្រាលី (Australia) មន្ត្រី​ស្ថានទូត​អាមេរិក (USA) និង​អ្នក​សង្កេត​ការណ៍​អង្គការ​សហប្រជាជាតិ (UN)។

ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ខាង​ក្រៅ​ឯ​ណោះ​វិញ មាន​កូដករ​ប្រមាណ ៤០នាក់ ឈរ​ចាំ​លើក​ទឹក​ចិត្ត​ដល់​តំណាង​របស់​ពួក​គេ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​នាំ​គ្នា​លើក​រូបថត កញ្ញា ឈឹម ស៊ីថរ ភ្ជាប់​ដោយ​ពាក្យ​ថា ប្រជាធិបតេយ្យ​សហជីព សមាជិក​ជា​អ្នក​សម្រេច​ចិត្ត​គ្មាន​នរណា​ញុះញង់​ទេ។ លើស​ពី​នេះ មាន​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូលរួម​ឃ្លាំមើល និង​មាន​អាជ្ញាធរ​ស្លៀកពាក់​ឯកសណ្ឋាន និង​ស្លៀកពាក់​ស៊ីវិល​ប្រមាណ ២០នាក់​ឈរ​យាម​នៅ​ខាង​មុខ​សាលាដំបូង​រាធានីភ្នំពេញ។ សវនាការ​នេះ​មាន ៤ស្ថាប័ន្ថ​ចូល​បំភ្លឺ រួមមាន នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង ២ស្ថាប័ន​ទៀត ដែល​នឹង​ត្រូវ​បន្ត​ការ​សាកសួរ នៅ​ថ្ងៃ​ទី១១ ខែមេសា​ខាង​មុខ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា តុលាការ​គួរ​តែ​ស្រាវជ្រាវ​លើ​សំណុំរឿង​នេះ​បន្ថែម ពីព្រោះ​ការ​ឆ្លើយ​របស់​ដើម​បណ្ដឹង​មិន​អាច​យក​ជា​ការ​បាន​ទេ។ លោក​ថា ម្យ៉ាង​ទៀត បើ​គ្មាន​ភស្តុតាង​ច្បាស់លាស់ តុលាការ​គួរតែ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ស៊ឹង សែនករុណា៖«ការណ៍​នេះ​ខ្ញុំ​ក៏​បាន​ចូល​ឃ្លាំ​មើល​សវនាការ​ដែរ យើង​ឃើញ​មាន​ច្រើន​ដែល​មតិ​សង្ស័យ​មួយចំនួន​អ៊ីចឹង​ផល​ប្រយោជន៍​នេះ​ហ្នឹង​ទៅ​ដល់​ជន​ជាប់​ចោទ​អ៊ីចឹង​គួរ​ពិចារណា​ដើម្បី​សម្រេច​សេចក្ដី​លើ​ទម្លាក់​បទ​ចោទ​ឱ្យ​ខាង​ក្រុមហ៊ុន​មាន​ធ្វើ​យ៉ាង​មាន​ដំណោះស្រាយ​ជូន​ក្រុម​កូដករ​ដែល​កំពុង​រងគ្រោះ​ទាំងអស់​នោះ»។

សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី​ពីរ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយពី កញ្ញា វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី (Australia) ក្រោម​បទ​ចោទ​ថា ល្មើស​បម្រាម​តុលាការ។ រីឯកូដករប្រមាណ១០នាក់ទៀត ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ពួក​គេ​ទាមទារ​ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ។ ក្រុម​កូដករ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​ដាក់​សម្ពាធ​លើ​កូដករ ដោយ​រុញ​ទៅ​ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ចេញ​មក​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

កន្លង​មក សហរដ្ឋ​អាមេរិក និង​ស្ថានទូត​អូស្ត្រាលី រួម​ទាំង​សហព័ន្ធ​សហជីព​អន្តរជាតិ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សហជីព​កម្មករ​ទាំង​អស់ និង​បើក​ឱ្យ​ពួក​គេ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ពួកគេ​មើល​ឃើញ​ថា ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។