ក្រុមកម្លាំងសមត្ថកិច្ចរាប់រយនាក់បានប្រើអំពើហិង្សាទៅលើក្រុមសហជីពនិងកូដករបនល្បែងណាហ្គាវើលដ៏ជាច្រើននាក់នៅពេលដែលពួកគេដើរយកញត្តិទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១១ខែកញ្ញា។មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការប្រើអំពើហិង្សាទៅលើក្រុមសហជីពនិងកូដករពីសំណាក់កម្លាំងសមត្ថកិច្ចទាំងនេះគឺជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពពួកគេកុំឱ្យតវ៉ាស្វែងរកដំណោះស្រាយវិវាទការងារទៅលើក្រុមសហជីពតទៀត។

ក្រុមអាជ្ញាធរក្រុងភ្នំពេញនិងកម្លាំងមានសមត្ថកិច្ចជាងមួយរយនាក់ (១០០នាក់) បានប្រើអំពើហិង្សាទៅលើក្រុមតំណាងសហជីពនិងកូដករជាច្រើននាក់នៅខាងក្រោមស្ពានអាកាស៥មករាខាងមុខសាលាតិចណូខណៈក្រុមកូដករមិនព្រមបញ្ឈប់ការដើរយកញត្តិទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ កម្លាំងសមត្ថកិច្ចបានទះកំផ្លៀង ក្ដិច ទាត់ធាក់និងបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើក្រុមកូដករដែលភាគច្រើនជាស្ត្រីភេទ ហើយក្នុងនោះសូម្បីតែអ្នកសង្កេតការណ៍ជាសកម្មជនសង្គម ក៏ត្រូវបានកងកម្លាំងសមត្ថកិច្ចធាក់បណ្ដាលឱ្យហើមជើងផងដែរ។
តំណាងសហជីពម្នាក់នៃក្រុមកូដករកាស៊ីណូណាហ្គាវើលដ៏ លោកស្រី រី សុវណ្ណឌី ប្រាប់វិទ្យុអាស៊ីសេរីថាក្រុមកូដករជាច្រើននាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចទាត់ធាក់ខ្លាំងៗនិងលួចបន្លំក្ដិចភ្លៅនិងពោះហើយលោកស្រីក៏ត្រូវបានក្រុមអាជ្ញាធរទាត់ធាក់បណ្ដាលឱ្យហើមស្មងជើង។លោកស្រី រី សុវណ្ណឌី ដែលបានធ្វើការឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏អស់រយៈពេលជាង១៦ឆ្នាំមកហើយនោះបន្ថែមថាមូលហេតុដែលក្រុមកូដករដើរដាក់ញត្តិទៅឱ្យទីស្ដីការគណៈរដ្ឋមន្ត្រីព្រោះក្រុមកូដករយល់ថាមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលមានឥទ្ធិពលអាចជួយដោះស្រាយបញ្ហាថៅកែក្រុមហ៊ុនមិនព្រមគោរពច្បាប់ស្ដីពីការងារនៅកម្ពុជាកន្លងមកនេះ៖ « ថៅកែអត់ដោះស្រាយគឺដោយសារតែមានទាំងក្រសួងទាំងខាងសាលាក្រុងទាំងអីពាក់ព័ន្ធទាំងអស់ហ្នឹងគឺគាត់ជួយកាងឱ្យក្រុមហ៊ុនទាំងអស់ហ្នឹងគឺជាហេតុធ្វើឱ្យថៅកែពេលដែលចូលតុចចារគឺគេអត់ដែលខ្វល់អីទេ»។

តំណាងសហជីពមកពី១៩ស្ថាប័ននិងក្រុមកូដករជិត៤០០រយនាក់បាននាំគ្នាធ្វើការតវ៉ាស្វែងរកដំណោះស្រាយពីក្រសួងការងារនិងទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា។ ក្រុមកូដករបានស្នើឱ្យមានការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ដោយទទួលយកថ្នាក់ដឹកនាំសមាជិកសហជីពជាងមួយរយនាក់ (១០០នាក់) ឱ្យចូលធ្វើការវិញនិងទម្លាក់ចោលបទចោទប្រកាន់លើថ្នាក់ដឹកនាំសកម្មជនសហជីពណាហ្គាវើលដ៏សរុបទាំង១៥រូបពីតុលាការក្រុងភ្នំពេញ។ជាមួយគ្នានេះក្រុមកូដករក៏បានស្នើសុំឱ្យដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពសរុបចំនួន៣១ករណីទៀតដែលមកពីសហជីពផ្សេងៗដូចជាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខាវដូ (C CAWDU) សហព័ន្ធសហជីពកម្ពុជាហៅកាត់ថា កាទូ (CATU) និងសហព័ន្ធសហជីពឯករាជ្យជាដើម។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសុំអត្ថាធិប្បាយបន្ថែមទាក់ទងនឹងអំពើហិង្សាពីក្រុមកងកម្លាំងសមត្ថកិច្ចបាននៅឡើយទេ នៅថ្ងៃទី១១ ខែកញ្ញា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។ ទោះយ៉ាងណា អភិបាលរងក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា និងមន្ត្រីតំណាងក្រសួងការងារ លោក និន វណ្ណៈ បានចេញទទួលយកញត្តិរបស់ក្រុមកូដករ ក៏ប៉ុន្តែពួកអស់លោកមិនបានថ្លែងសារអ្វី ឬផ្ដល់ការសន្យាជាក់លាក់ណាមួយនោះទេ។
ជុំវិញរឿងនេះដែរមន្ត្រីគម្រោងផ្នែកសង្កេតនិងតស៊ូមតិនៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលបានចូលរួមសង្កេតការធ្វើកូដកម្មនេះហើយត្រូវបានកម្លាំងមានសមត្ថកិច្ចទាត់ធាក់បណ្ដាលឱ្យហើមប្រអប់ជើងនោះយល់ឃើញថាការដែលក្រុមកម្លាំងមានសមត្ថកិច្ចប្រើអំពើហិង្សាទាំងកំរោលមកលើក្រុមកូដករបែបនេះគឺមានគោលបំណងចង់បំបាក់ស្មារតីក្រុមកូដករកុំឱ្យចូលរួមធ្វើការតវ៉ាបន្តទៀតនាពេលខាងមុខនេះ។ កញ្ញា សូ មេត្តា បន្តថា រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធគួរអន្តរាគមន៍ជួយដោះស្រាយបញ្ហាវិវាទការងារមួយនេះជូនក្រុមសហជីពនិងបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ឱ្យបានឆាប់រហ័សដើម្បីលើកកម្ពស់ការគោរពច្បាប់ស្ដីពីការងារឡើងវិញជាជាងបន្តការពារភាគីថៅកែក្រុមហ៊ុន៖ « ការកេងប្រវ័ញ្ចពលកម្មមនុស្សនេះវាធ្ងន់ធ្ងរមែនទែនអញ្ចឹងបើអាជ្ញាធរអត់ព្យាយាមលុបបំបាត់ហើយអត់ព្យាយាមអន្តរាគមន៍នឹងដោះស្រាយបញ្ហាហ្នឹងវាអាចនឹងឈានដល់មហារីកដំបៅប៉ះពាល់ទៅដល់កម្មករផ្សេងៗសហគ្រិនផ្សេងៗ ដែលគេយកគំរូអាក្រក់ពីក្រុមហ៊ុនហ្នឹងតទៅទៀត»។

ស្រដៀងគ្នានេះដែរប្រធានសហជីពចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់វិទ្យុអាស៊ីសេរីថាការដែលអាជ្ញាធរមកទទួលញត្តិរបស់ក្រុមកូដករនៅពាក់កណ្ដាលផ្លូវបែបនេះគឺជាការមិនត្រឹមត្រូវឡើយ។ អ្នកស្រី អ៊ូ ទេពផល្លីន បន្តថា បើទោះបីជាមានមន្ត្រីសាលាក្រុងនិងតំណាងពីក្រសួងការងារមកទទួលញត្តិពីក្រុមកូដករក្ដីប៉ុន្តែអ្នកស្រីសង្កេតឃើញថាក្រុមមន្ត្រីដែលមកទទួលញ្ញត្តិទាំងនោះមិនបានថ្លែងការណ៍ណាមួយបញ្ជាក់ពីជំហរជាក់លាក់របស់ពួកគេដើម្បីស្វែងរកដំណោះស្រាយវិវាទការងារជូនដល់ក្រុមកូដករនោះទេហើយថាការគេចវេសមិនថ្លែងសារទទួលញត្តិបែបនេះ បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធនៅតែមិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយវិវាទការងារជូនក្រុមកូដករនោះឡើយ៖ « សាលាក្រុងក្ដីគឺត្រូវតែដើរទៅទីស្ដីការគណៈរដ្ឋមន្ត្រីហើយយកញត្តិពួកយើងអាហ្នឹងបានត្រឹមត្រូវព្រោះមកទទួលញត្តិកណ្ដាលទីអញ្ចឹងអត់ត្រូវហើយត្រូវតែឱ្យសាលាក្រុងឬក៏តំណាងពីស្ថាប័នរដ្ឋហ្នឹងត្រូវតែធ្វើការថ្លែងសន្យានៅមុខកម្មករ និយោជិក មុខប្រជាពលរដ្ឋអំពីអ្វីដែលខ្លួននឹងធ្វើ រកដំណោះស្រាយជូនកម្មករនិយោជិក»។

កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ព្រមទាំងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិផង តែងតែជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ឈប់ការគំរាមកំហែងមកលើក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សា និងសន្តិវិធី ហើយរដ្ឋាភិបាលត្រូវអន្តរាគមន៍ ជួយដោះស្រាយវិវាទការងារដល់ក្រុមសហជីព និងក្រុមនិយោជិក ដើម្បីលើកកម្ពស់សិទ្ធិការងារក្នុងប្រទេសកម្ពុជា ជាជាងការពារថៅកែក្រុមហ៊ុនដែលជាជនបរទេស ហើយមកធ្វើបាបប្រជាពលរដ្ឋខ្លួនឯងបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។