នគរបាលប្រមាណ ១០នាក់ បានចុះឃាត់ខ្លួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីវេលាម៉ោង ៤រសៀល នៅថ្ងៃទី៥ ខែមេសា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការឃាត់ខ្លួនលោក កើត សារ៉ាយ នេះ នឹងធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពអង្គការសង្គមស៊ីវិលបន្ថែមទៀត។
អគ្គលេខាធិការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ថន ស័ក្កិដា ប្រាប់វិទ្យុអាស៊ីសេរីថា កម្លាំងនគរបាលប្រមាណ ១០នាក់ ដែលមានរថយន្តមួយគ្រឿង និងម៉ូតូ ៦គ្រឿង បានចុះឃាត់ខ្លួនលោក កើត សារ៉ាយ រួចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំ។ លោកបន្តថា ដោយសារតែនគរបាលបានអានដីកាឱ្យនាំខ្លួនត្រឹមតែមួយបន្ទាត់តែប៉ុណ្ណោះ ដូច្នេះ លោកមិនទាន់ដឹងអំពីបទចោទ ឬមូលហេតុ ដែលនាំឱ្យមានការនាំខ្លួនលោក កើត សារ៉ាយ ទៅសួរនាំនោះឡើយទេ។
លោក ថន ស័ក្កិដា៖«ដំបូងឡើយខ្ញុំស្មានតែគាត់មកសួរនាំអីធម្មតា ហើយខ្ញុំអញ្ជើញគាត់(ប៉ូលិស)ចូល គាត់ថា អត់ចូលទេ ហើយគាត់ថា អញ្ជើញលោក កើត សារ៉ាយ ចុះមក។ ខ្ញុំអានអត់ទាន់ទេ គ្រាន់តែអានបានបន្តិច មិនទាន់ចប់សេចក្ដីផង គេចាប់គាត់ចូលទៅឡានតែម្ដងហ្នឹង ហើយគាត់ឆ្លើយចុងក្រោយមកថា នាំខ្លួនទៅស្នងការដ្ឋានរាជធានីភ្នំពេញ»។
លោក កើត សារ៉ាយ គឺអតីតសង្ឃធ្លាប់ជាប់ពន្ធនាគារពីបទញុះញង់ ដោយសារលោកគ្រោងតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែកញ្ញា ឆ្នាំ២០២០។ លោកត្រូវបានសមត្ថកិច្ចដោះលែងឲ្យនៅក្រៅឃុំវិញកាលពីចុងឆ្នាំ២០២១ ក្រោយពីជាប់ពន្ធនាគារប្រមាណ ១ឆ្នាំ ២ខែ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសាកសួរព័ត៌មានបន្ថែមជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៥ ខែមេសា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដោយសារតែលោក កើត សារ៉ាយ គឺជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានដូច្នេះតិច ឬក៏ច្រើន ការឃាត់ខ្លួននេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពលំហសេរីភាពការងារសង្គមស៊ីវិលបន្ថែមទៀត។ លោកបន្តថា បើទោះបីជាសមត្ថកិច្ចបានអានដីកាឃាត់ខ្លួនមួយបន្ទាត់មុនឃាត់ខ្លួនលោក កើត សារ៉ាយ ក្ដី ក៏ការឃាត់ខ្លួននេះមិនត្រឹមត្រូវតាមច្បាប់នោះឡើយ ព្រោះតាមច្បាប់ មន្ត្រីនគរបាលត្រូវអានដីកាឱ្យនាំខ្លួនឱ្យចប់មុននឹងនាំខ្លួនបុគ្គលណាម្នាក់ទៅសាកសួរ។
លោក អំ សំអាត៖«បើមើលទៅលើសកម្មភាពរបស់លោក កើត សារ៉ាយ កន្លងមកនេះ គឺមិនមានអ្វីក្រៅពីការចូលរួមក្នុងការងារសង្គម ការងារសិទ្ធិមនុស្ស បរិស្ថាន ដីធ្លីនោះទេ អ៊ីចឹងការឃាត់ខ្លួននេះក៏វាជាផល ជះឥទ្ធិពលមួយសម្រាប់យុវជន ដែលធ្វើការងារសង្គម ការងារបរិស្ថាន ការងារសិទ្ធិមនុស្សផងដែរ»។
បើទោះបីជាធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ផ្សឹក និងតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្ដី ប៉ុន្តែលោក កើត សារ៉ាយ មិនបានបោះបង់ចោលការងារសង្គមនោះឡើយ ក្រោយពេលចេញពីពន្ធនាគារវិញ។ ជាក់ស្ដែង ក្រៅពីភាពសកម្មការងារចុះទៅជួបប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ ហើយនោះ លោក កើត សារ៉ាយ ក៏ពហិការមិនពាក់ស្បែកជើងនោះឡើយ ដរាបណាសង្គមនៅតែសម្បូររឿងអយុត្តិធម៌។ ដោយឡែក កាលពីពេលថ្មីៗ នេះ អភិបាលរងខេត្តព្រះវិហារ ក៏បានបង្ហោះរូបភាពលោក កើត សារ៉ាយ ដោយបានភ្ជាប់ជាមួយលិខិតរដ្ឋបាលខេត្តព្រះវិហារ ចោទប្រកាន់អង្គការសង្គមស៊ីវិល ដែលបានចុះទៅជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារថា មានបំណងទុច្ចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាព ដោយដាក់បញ្ចូលព័ត៌មានពេញលេញ
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។