អ្នកជំនាញសារព័ត៌មានវាយតម្លៃថា ឆ្នាំ២០១៨ ជាឆ្នាំអាក្រក់មួយសម្រាប់អ្នកកាសែតនៅកម្ពុជប់ស្ថានភាពបំពេញវិជ្ជាជីវៈរបស់អ្នកកាសែតនៅកម្ពុជា ដោយសារតែពួកគេត្រូវប្រឈមមុខនឹងការរឹតត្បិតសិទ្ធិសេរីភាពខ្លាំង ការធ្វើទុក្ខបុកម្នេញ និងការរើសអើងគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលអង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders (RSF) ទើបបានចេញរបាយការណ៍បូកសរុបមួយ អំពីស្ថានភាពអំពើហិង្សា និងការរំលោភបំពានប្រឆាំងនឹងអ្នកកាសែតនៅជុំវិញពិភពលោក ដែលបង្ហាញថា អ្នកធ្វើការក្នុងវិស័យព័ត៌មាន កំពុងប្រឈមនឹងអរិភាពប្រឆាំងនឹងពួកគេក្នុងកម្រិតមួយមិនធ្លាប់មានពីមុនមក។
អ្នកជំនាញក្នុងវិស័យសារព័ត៌មាន និងជានាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី មើលឃើញថា ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា នៅតែជាកន្លែងដ៏គ្រោះថ្នាក់មួយសម្រាប់អ្នកកាសែត ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ។ លោកថា បញ្ហាប្រឈមសំខាន់ដែលអ្នកកាសែតនៅកម្ពុជាកំពុងជួបប្រទះសព្វថ្ងៃ រួមមានការគំរាមកំហែង ដោយភ្ជាប់ទៅនឹង «បដិវត្តពណ៌» និងការរើសអើងសកម្មភាពរបស់អ្នកសារព័ត៌មានឯករាជ្យ៖ «ខ្ញុំអាចវាយតម្លៃអំពីស្ថានភាពនៃការអនុវត្តការងាររបស់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៨ ហ្នឹង សម្រាប់ខ្ញុំគឺជាឆ្នាំមួយដែលខ្ញុំគិតថា អ្នកសារព័ត៌មានទោះបីជាមិនមានការសម្លាប់ តែពិបាកក្នុងការធ្វើការងារខ្លាំង ប្រសិនបើយើងពិនិត្យអំពីសកម្មភាពរបស់អ្នកសារព័ត៌មាននៅក្នុងឆ្នាំផ្សេងទៀត។ មូលហេតុគឺដោយសារតែឆ្នាំ ២០១៨ នេះ ជាឆ្នាំដែលមានការបោះឆ្នោត ហើយស្ថានភាពរបស់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៨ ខ្ញុំគិតថា ជាឆ្នាំមួយដែលអាក្រក់ជាងឆ្នាំ២០១៦ និង២០១៧ ទៅទៀត»។
លោក ណុប វី កត់សម្គាល់ឃើញថា អ្នកកាសែតនៅកម្ពុជានៅតែទទួលរងការចោទប្រកាន់ និងការប្ដឹងផ្ដល់ពីសំណាក់របបក្រុងភ្នំពេញ បន្ថែមពីលើករណីអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប ដែលបច្ចុប្បន្នតុលាការពុំទាន់ទម្លាក់ចោលបទចោទប្រឆាំងនឹងពួកគេនៅឡើយ។ លោកថា បទចោទដែលរស៊ើបបំផុត ហើយដែលរបបនេះនិយមយកមកប្រើប្រឆាំងនឹងអ្នកកាសែត គឺបទចោទពាក់ព័ន្ធនឹងការលួចផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ដែលលោកថា ជាផ្នែកមួយអាចជាការរារាំងដល់សកម្មភាព និងការបំពេញតួនាទីឲ្យបានពេញលេញរបស់អ្នកកាសែត។
លោក ណុប វី នៅពុំទាន់មើលឃើញពីស្ថានភាពប្រែប្រួលជាវិជ្ជមានសម្រាប់អ្នកកាសែតនៅឡើយទេ ជាពិសេសក្រោយពេលដែលរបបក្រុងភ្នំពេញ បង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយស្ថានការណ៍នយោបាយតាមរយៈអ្វីមួយដែលរបបនេះហៅថា ការពង្រីកលំហប្រជាធិបតេយ្យនៅកម្ពុជា កាលពីដើមខែធ្នូ កន្លងទៅនេះ។
គិតត្រឹមយប់ថ្ងៃទី១៨ ធ្នូ អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ដើម្បីសុំប្រតិកម្មរបស់លោកជុំវិញកង្វល់ទាំងឡាយមកលើអ្នកកាសែត ដូចអ្វីដែលលោក ណុប វី បានលើកឡើងនេះនៅឡើយទេ។
កាលពីថ្ងៃទី១៨ ធ្នូ អង្គការអ្នកអង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders ( RSF ) ទើបនឹងបានចេញរបាយការណ៍បូកសរុបមួយ អំពីស្ថានភាពអំពើហិង្សា និងការរំលោភបំពានប្រឆាំងនឹងអ្នកកាសែតនៅជុំវិញពិភពលោក។ អង្គការនេះ រកឃើញថា ក្នុងឆ្នាំ២០១៨ នៅទូទាំងពិភពលោក មានអ្នកកាសែត ៨០នាក់ ត្រូវបានគេសម្លាប់ អ្នកកាសែត ៣៤៨ នាក់ បច្ចុប្បន្នកំពុងជាប់គុក ខណៈអ្នកកាសែត ៦០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង។ អង្គការនេះ គូសបញ្ជាក់ថា តួលេខប្រឆាំងនឹងអ្នកកាសែតនៅទូទាំងពិភពលោកនេះ មានការកើនឡើងលើគ្រប់ផ្នែក រួមមានអំពើឃាតកម្ម ការចាប់ដាក់គុក ការចាប់ជាចំណាប់ខ្មាំង និងការបាត់ខ្លួនជាដើម។ ជារួម អង្គការនេះថា អ្នកកាសែតនៅទូទាំងពិភពលោកទទួលរងនូវអំពើហិង្សា និងការរំលោភបំពានកាន់តែខ្លាំងបំផុត ដែលមិនធ្លាប់មានពីមុនមក ក្នុងឆ្នាំ២០១៨ នេះ។
អំពើឃាតកម្មប្រឆាំងនឹងអ្នកកាសែតដើមកំណើតអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) លោក ចាម៉ាល់ កាសូហ្គី (Jamal Khashoggi) និងអ្នកកាសែតជនជាតិស្លូវ៉ាគី វ័យក្មេងឈ្មោះ ចាន គូស្យាក (Jan Kuciak) បង្ហាញឲ្យឃើញពីចេតនារបស់អ្នកប្រឆាំងនឹងសេរីភាពសារព័ត៌មាន ហ៊ានប្រព្រឹត្តិមកលើអ្នកកាសែត។
អគ្គលេខាធិការអង្គការអ្នកកាសែតគ្មានព្រំដែនលោក គ្រីស្តូហ្វឺ ដឺឡ័រ (Christophe Deloire) ថ្លែងក្នុងសេចក្ដីថ្លែងការរបស់អង្គការនេះថា អំពើហិង្សាប្រឆាំងនឹងអ្នកកាសែត បានឈានដល់កម្រិតមួយមិនធ្លាប់មានពីមុនមក នៅក្នុងឆ្នាំនេះ ហើយស្ថានភាពនេះ រឹតតែអាក្រក់នាពេលបច្ចុប្បន្ននេះ។ លោកបន្តថា អំពើស្អប់ខ្ពើមអ្នកកាសែត ពេលខ្លះ ត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមអ្នកនយោបាយ មេដឹកនាំសាសនា និងអ្នកជំនួញដែលអសីលធម៌ ដែលការណ៍នេះ បានបណ្ដាលឲ្យមានលទ្ធផលប្រកបដោយសោតនាដកម្មលើអ្នកកាសែត ហើយបានឆ្លុះបញ្ចាំងឲ្យឃើញ តាមរយៈការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងអ្នកកាសែតដ៏គួរឲ្យរំខានបំផុត។
ក្នុងឆ្នាំ២០១៨ នេះ ប្រទេសអាហ្គានីស្តាន ស៊ីរី និងម៉ិកស៊ីកូ គឺជាប្រទេស៣ ដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត ដោយសារតែពួកគេត្រូវបានសម្លាប់ចោលច្រើនជាងកន្លែងដទៃទៀតនៅលើពិភពលោក ខណៈប្រទេសចិននៅតែជាប្រទេសដែលចាប់អ្នកកាសែតដាក់គុកច្រើនជាងគេបំផុតនៅលើពិភពលោក។
ផ្អែកតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨ របស់អង្គការអ្នកកាសែតគ្មានព្រំដែន ក្នុងចំណោម ១៨០ប្រទេស កម្ពុជា បានធ្លាក់ចំណាត់ថ្នាក់យ៉ាងគំហុក រហូតដល់ ១០ លេខ គឺធ្លាក់ពីលេខ ១៣២ ក្នុងឆ្នាំ ២០១៧ មកលេខ ១៤២ ក្នុងឆ្នាំ២០១៨ នេះ។ អង្គការនេះថា សេរីភាពសារព័ត៌មាននៅកម្ពុជា អាក្រក់ដោយសារតែរបបលោក ហ៊ុន សែន កំពុងចម្លងតាមគំរូប្រទេសចិនកុម្មុយនិស្ត ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្ររដ្ឋ និងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕