សកម្មជន​ចេញ​ពី​ពន្ធនាគារ បន្ត​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌ និង​សេរីភាព​ពេញលេញ

0:00 / 0:00

សកម្មជន​ការពារ​បរិស្ថាន ធនធានធម្មជាតិ និង​សង្គម ដែល​ទើប​ចេញ​ពី​ពន្ធនាគារ នៅ​តែ​បន្ត​ប្តេជ្ញា​តស៊ូ​មតិ ដោយ​សន្តិវិធី​តាម​មធ្យោបាយ​រៀងៗ ខ្លួន ដើម្បី​ទាមទារ​រក​​យុត្តិធម៌ និង​សេរីភាព​ពេញលេញ។ ពួក​គាត់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ឈឺ​ឆ្អាល​បញ្ហា​សង្គម និង​មិន​បាន​ប្រព្រឹត្តិ​អ្វី​ល្មើស​ច្បាប់ មិន​គួរ​ណា​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​បែប​នេះ​នោះ​ទេ។

ក្រោយ​ចេញ​ពី​ពន្ធនាគារ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ សកម្មជន​មាតា​ធម្មជាតិ និង​សមាជិក​ក្រុម​ការងារ ១០០រាត្រី ដែល​សុទ្ធតែ​ត្រូវ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ជាង​មួយ​ឆ្នាំ និង​ព្យួរ​ទោស ២ឆ្នាំ ដោយសារ​តែ​សកម្មភាព​តវ៉ា​បញ្ហា​បរិស្ថាន ធនធាន​ធម្មជាតិ សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម នៅ​តែ​ចាត់​ទុក​ថា សង្គម​កម្ពុជា ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព ពោរពេញ​ទៅ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​ និង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​ពួក​គាត់​មិន​អាច​នៅ​ស្ងៀម ឱប​ដៃ​ឈរ​មើល​បាន​នោះ​ឡើយ ទោះ​ជា​ពួក​គាត់​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​ពី​អាជ្ញាធរ​រដ្ឋ​​យ៉ាង​ណា​ក៏​ដោយ។

ពួកគាត់​បាន​ជ្រើសរើស​យក​វិធី​អហិង្សា​ផ្សេងៗ ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ដែល​ធ្លាប់​បង្អត់​អាហារ​ខ្លួន​ឯង​នៅ​ក្នុង​ពន្ធនាគារ​ជិត ៩ខែ (ពី​ថ្ងៃ​ទី១៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១) និង​ទើប​ចេញ​ពី​មន្ទីរពេទ្យ ដោយសារ​ខ្សោយ​កម្លាំង​ខ្លាំង​ថា ការ​ដោះ​លែង​កញ្ញា ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ពេល​នេះ មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​កញ្ញា​ទេ ព្រោះ​តុលាការ​កាត់​សេចក្ដី​ឲ្យ​កញ្ញា​មានទោស ទាំង​កញ្ញា​មិន​បាន​ប្រព្រឹត្តិ​ខុស និង​តុលាការ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​កញ្ញា​បន្ត​រហូត​ដល់ ២ឆ្នាំ​ទៅ​មុខ​ទៀត។

កញ្ញា​ថា ពេល​នេះ ទៅ​នៅ​ក្រៅ​ឃុំ ក៏​កញ្ញា​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ជាប់​ក្នុង​ទ្រុង​ដដែល ព្រោះ​ទៅ​ណា​ក៏​មិន​បាន និង​ធ្វើ​អ្វី​ក៏​មិន​កើត។ ទោះ​បី​កញ្ញា​មាន​សុខភាព​ខ្សោយ​ខ្លាំង ក៏​កញ្ញា​ប្ដេជ្ញា​ថា នឹង​បន្ត​ការ​បង្អត់​អាហារ​ខ្លួន​ឯង​នេះ​ទៀត ដើម្បី​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់ ព្រមទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​រូប​កញ្ញា និង​សកម្មជន​ឯ​ទៀត។ កញ្ញា​ថា កាល​កញ្ញា​នៅ​ជាប់​ពន្ធនាគារ ស្ថានភាព​លំបាក​វេទនា​ខ្លាំង​បំផុត​ផង កញ្ញា​នៅ​តែ​អាច​ធ្វើ​ពហិការ​ដោយ​បង្អត់​អាហារ​នេះ​បាន​រាប់​ខែ។ ដូច្នេះ កញ្ញា​ជឿ​ថា ពេល​នៅ​ក្រៅ​ពន្ធនាគារ​បែប​នេះ កញ្ញា​ពិត​ជា​អាច​បន្ត​ការ​តស៊ូ​មតិ​ដោយ​មធ្យោបាយ​អហិង្សា​នេះ​បាន ដោយ​មិន​រារែក​ចិត្ត​នោះ​ឡើយ៖ «ពហិការ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ពេល​នោះ​ជើង​ខ្ញុំ​ឈឺ​វេទនា​ផង ខ្ញុំ​នៅ​តែ​ស៊ូទ្រាំ​បាន។ ក្នុង​ពន្ធនាគារ​ខ្ញុំ​អត់​មាន​លុយ​ទិញ​អ្វី​ញ៉ាំ​គ្រប់គ្រាន់​ផង ខ្ញុំ​នៅ​អាច​ស៊ូ​បាន ហើយ​ខ្ញុំ​ជ្រើសរើស​វិធី​ហ្នឹង ដោយសារ​យើង​ធ្វើ​ដោយ​សន្តិវិធី​ អហិង្សា​ ខ្ញុំ​យក​ទ្រឹស្តីពី​តាម​បុព្វបុរស​យើង តាម​លោក​គ្រូ កែម ឡី និង​តាម​លោក មហាត្មៈ គន្ធី គាត់​យក​យុត្តិសាស្ត្រ​អហិង្សា​ហ្នឹង គាត់​ធ្វើ​ទៅ​បាន​ជោគជ័យ»។

ស្រដៀង​គ្នា​នេះ​ដែរ ភាព​ជោគជ័យ​នៃ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ក្នុង​សង្គម​ដែល​រង​ការ​រិះគន់ និង​ថ្កោលទោស​ជុំ​ទិស​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ បើ​តាម​សកម្មជន​មួយ​រូប​ទៀត ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ដែរ លោក​ថា វា​ចំណុះ​ទៅ​លើ​ការ​តាំង​ចិត្ត និង​ពលិកម្ម​របស់​សាមី​ខ្លួន។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែរ និង​ជា​អតីត​ព្រះសង្ឃ ដែល​ត្រូវ​អាជ្ញាធរ​ផ្សឹក​ទាំង​បង្ខំ និង​ចាប់​ខ្លួន​ទាំង​កម្រោល​ដោយ​គ្មាន​ដីកា​ត្រឹមត្រូវ​ផង​នោះ លោក កើត សារ៉ាយ ជ្រើសរើស​វិធី​តស៊ូ​មតិ​ដោយ​អហិង្សា​តាម​មួយ​បែប​ទៀត គឺ​ការ​មិន​ពាក់​ស្បែក​ជើង។ លោក​បញ្ជាក់​ថា ទោះ​តុលាការ​ដោះ​លែង​ឲ្យ​លោក​ចេញ​ក្រៅ​ឃុំ​ក៏​ពិត​មែន ក៏​លោក​មិន​សប្បាយ​ចិត្ត ឬ​រំភើប​ត្រេកអរ​អ្វី​បន្តិច​សោះ ព្រោះ​លោក​ថា តុលាការ​កាត់​ទោស​លោក ឲ្យ​មាន​ឈ្មោះ​ជា​ជន​ល្មើស និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ ២ឆ្នាំ​ទៅ​ទៀត ទាំង​លោក​ជា​មនុស្ស​ស្អាតស្អំ គ្មាន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទាល់​តែ​សោះ​នោះ។

លោក កើត សារ៉ាយ ថា ផ្លូវ​ទៅ​រក​យុត្តិធម៌​សង្គម ជា​ផ្លូវ​វែង​ឆ្ងាយ និង​លំបាក។ ប៉ុន្តែ​លោក​យល់​ថា ឲ្យ​តែ​លោក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ លោក​ជឿ​ជាក់​ថា លោក​អាច​ធ្វើ​បាន។ លោក​ចាត់​ទុក​ថា ការ​ធ្វើ​ពហិការ​របស់​លោក ជា​និមិត្តរូប​នៃ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី ដើម្បី​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ យក​មក​អនុវត្ត និង​ចូលរួម​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ៖ «គោលដៅ​នៃ​ការ​មិន​ពាក់​ស្បែក​ជើង​របស់​ខ្ញុំ គឺ​ដើម្បី​ស្វែង​រក​យុត្តិធម៌​រួច​ទៅ​ហើយ។ ដូច្នេះ ចង់ ឬ​មិន​ចង់​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ និង​សកម្មជន​នយោបាយ បរិស្ថាន និង​សិទ្ធិ​មនុស្ស​ទូទៅ។ ចំណុច​ទី២ គឺ​ខ្ញុំ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ ដែល​ខ្ញុំ​គិត​ថា គ្រប់​យ៉ាង​គួរ​តែ​យើង​ដាក់​ចិត្ត​លះបង់​ជាមួយ​វា ចង់​បាន​វា ធ្វើ​វា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ហ៊ាន​លះបង់​គ្រប់​កាលៈទេសៈ​ទាំង​អស់»។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​លោក កើត សារ៉ាយ ដែល​សង្ឃ​គង់​នៅ​វត្ត​ដំរីស ក្រុង​បាត់​ដំបង កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់​ពី​លោក​​ប្រកាន់​ជំហរ​ដឹក​នាំ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​មន្ត្រី​សង្ឃ​បាន​ផ្សឹក​លោក​​ភ្លាមៗ ក្រោម​ហេតុ​ផល​ថា លោក​ចចេស​មិន​ស្ដាប់​គណៈ​សង្ឃ និង​ប្រព្រឹត្ត​ខុស​វិន័យ​ត្រង់​ប្រការ​ហាម​អ្នក​បួស​ចូល​រួម​ធ្វើ​បាតុកម្ម។

ចំណែក​ឯ​កញ្ញា សូ មេត្តា ដែល​មាន​ឈ្មោះ​ពិត​ថា អេង ម៉ាឡៃ វិញ កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ដើមខែកញ្ញា ឆ្នាំ២០២០ នោះដែរ នៅ​ខណ្ឌ​ច្បារ​អំពៅ ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម។ ការ​ចាប់​ខ្លួន​នេះ ​ធ្វើឡើង​ក្រោយ​កញ្ញា សូ មេត្តា ​និង​យុវជន​ដទៃ​ទៀត ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែ​គម្រោង​នេះ​បាន​បរាជ័យ​ ដោយសារ​ការ​រារាំង​ពី​អាជ្ញាធរ។

នៅ​ក្នុង​ខែកញ្ញាដដែល​នោះ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បាន​សម្រុក​ចាប់​សកម្មជន​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ផង​ដែរ ក្នុង​នោះ​មាន​កញ្ញា ឡុង គន្ធា ដោយសារ​តែ​កញ្ញា​គ្រោង​រៀបចំ​ដង្ហែក្បួន​បែប​អហិង្សា​ដោយ​ស្លៀក​ពាក់​ស​ពី​វត្ត​ភ្នំ​ ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​យុវជន ទាក់ទិន​នឹង​ការ​លុប​បឹង​ និង​ការ​សាងសង់​នៅ​លើ​ផ្ទៃ​បឹង​តា​មោក។ កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ។ តុលាការ​ទើប​ដោះ​លែង​កញ្ញា​វិញ កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា។

កញ្ញា ឡុង គន្ធា ចាត់​ទុក​ការ​កាត់​ទោស និង​ឃុំឃាំង​កញ្ញា​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​នោះ គឺ​ជា​អំពើ​អយុត្តិធម៌​បំផុត ព្រោះ​កញ្ញា​ថា កញ្ញា​មិន​ដែល​ធ្វើ​អ្វី​ខុស​ទាល់​តែ​សោះ។ កញ្ញា​ថា សកម្មភាព​របស់​កញ្ញា គឺ​ដើម្បី​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ និង​ទាមទារ​រក​យុត្តិធម៌​សង្គម។ ប៉ុន្តែ បែរ​ជា​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ទៅ​វិញ។ ទោះ​បី​ជា​បាន​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ក៏​កញ្ញា​ថា កញ្ញា​គ្មាន​សេរីភាព​ពេញលេញ​នោះ​ដែរ ព្រោះ​រង​សម្ពាធ​ពី​ការ​កាត់​ក្តី​ដោយ​អយុត្តិធម៌​ពី​តុលាការ៖ « ខ្ញុំ​មាន​សេរីភាព​បាន​មក​ជួបជុំ​គ្រួសារ​វិញ​មែន ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​ គឺ​ត្រូវ​បាន​គេ​វាស់​ដី​ឲ្យ​ខ្ញុំ​ដើរ។ ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​បំពេញការងារ ឬ​សកម្មភាព​ផ្សេងៗ។ ម្យ៉ាងទៀត ខ្ញុំ​អត់​ដែល​បាន​ធ្វើ​អ្វី​ដែល​ខុស ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កន្លង​មក​ទេ។ យើង​ជា​បុគ្គល​ស្អាតស្អំ ហើយ​សកម្មភាព​ដែល​ខ្ញុំ​ធ្វើ​កន្លង​មក​គឺ ដើម្បី​តែ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ។ ធ្វើ​អ្វី​តែ​តាម​ច្បាប់។ អត់​មាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ទេ។ ដូច្នេះ ខ្ញុំ​នៅ​តែ​ទាមទារ​ឲ្យ​មាន​យុត្តិធម៌ ចំពោះ​ពួក​ខ្ញុំ​ទាំង​ប្រាំ​មួយ​នាក់ ដែល​ពួក​យើង​អត់​ដែល​បាន​ធ្វើ​អ្វី​ខុស​សោះ ហើយ​ត្រូវ​ទទួល​រង​បទ​ចោទ​ជាច្រើន។ ខ្ញុំ​ផ្ទាល់​ទាំង​បទ​ញុះញង់ ហើយ​នៅ​មាន​បទ​រួម​គំនិត​ក្បត់​ទៀត។ រហូត​មក​ដល់​ពេល​នេះ ជាប់ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ គិត​ហើយ​គិត​ទៀត​ថា ខ្លួន​ឯង​ខុស​អ្វី ទាំង​ដែល​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ខុស​សោះ ហើយ​ខ្ញុំ​រួម​គំនិត​ក្បត់ ក្បត់​នរណា​គេ។ ខ្ញុំ​អត់​ដឹង​សោះ​ថា ខ្ញុំ​ធ្វើ​អ្វី​ខុស »

សមាជិក​នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដទៃ​ទៀត​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ដូច​កញ្ញា ឡុង គន្ធា ដែរ​រួម​មាន​លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និង​កញ្ញា​ ស៊ុន រដ្ឋា។ អ្នក​ទាំង​នេះ ត្រូវ​បាន​តុលាការ​ដោះ​លែង​ក្នុង​ថ្ងៃ​ជាមួយ​គ្នា និង​ជាប់​ការ​តាមដាន​របស់​តុលាការ​ដូចគ្នា។

កញ្ញា ឡុង គន្ធា បញ្ជាក់​ថា កញ្ញា​មិន​ផ្លាស់​ប្តូរ​គោល​ជំហរ​នៅ​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ​ទេ ប៉ុន្តែ​នឹង​ប្ដូរ​យុទ្ធសាស្ត្រ។

ក្រៅ​ពី​យុវជន​សកម្មជន​សង្គម​ទាំង​នេះ សមាជិក​ក្រុម​ការងារ ១០០រាត្រី ឯ​ណោះ គាត់​ត្រូវ​ជាប់​ពន្ធនាគារ​ដែរ ដោយសារ​តែ​សកម្មភាព​សង្គម​នេះ​ដែរ។ លោក មួង សុភ័ក្រ ត្រូវ​តុលាការ​ផ្ដន្ទាទោស ដោយសារ​​ចូល​រួម​តវ៉ា​ឱ្យ​មាន​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ដើមខែកញ្ញា ឆ្នាំ២០២០។ ក្រោយ​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ លោក​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា​ដែរ ប៉ុន្តែ​តុលាការ​ព្យួរ​ទោស​គាត់ ៦ខែ។ លោក​ថា ការ​ព្យួរ​ទោស​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម ក្នុង​ពេល​ដែល​លោក​រង​ភាព​អយុត្តិធម៌​ច្រើន​ណាស់​ទៅ​ហើយ។ លោក​ថា លោក​នឹង​តស៊ូ​មតិ ដើម្បី​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់ និង​ដក​លក្ខខណ្ឌ​ទាំង​អស់​ចេញ​ពី​រូប​លោក។ លោក​នឹង​ដាក់​ពាក្យ​អំពាវនាវ​សុំ​ឲ្យ​អង្គការ​អន្តរជាតិ ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ។ លោក​ថា ប្រទេស​ប្រជាធិបតេយ្យ គេ​មិន​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្លួន​បែប​នេះ​នោះ​ឡើយ៖ «ការ​តស៊ូ​របស់​យើង​មិន​មែន​យើង​ទៅ​ជេរ​ប្រមាថ ឬ​ចោទ​ថ្នាក់​ដឹក​នាំ​អ្វី​នោះ​ទេ។ គ្រាន់​តែ​យើង​ធ្វើ​អ្វី​ទាមទារ​ភាព​ដែល​យើង​មិន​ពេញ​ចិត្ត​។ យើង​តាម​សង្គម​ប្រជាធិបតេយ្យ យើង​អាច​មាន​សិទ្ធិ​និយាយ។ ការ​ធ្វើ​របស់​រដ្ឋាភិបាល កាលណា​ខុស​ឆ្គង​កន្លែង​ណា​មួយ​ យើង​មាន​សិទ្ធិ​បញ្ចេញ​មតិ ក្នុង​ការ​ធ្វើ​របស់​គេ។ យើង​និយាយ​អំពី​នីតិវិធី​ច្បាប់​ យើង​មាន​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ ក្នុង​កតិកាសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចែង​ជាក់​ស្ដែង ហើយ​ថា​ពលរដ្ឋ​យើង​មាន​សិទ្ធិ​ធ្វើ។ ដូច្នេះ​តាម​ជាក់​ស្ដែង​សង្គមប្រជាធិបតេយ្យ វា​មិន​អាច​ទៅ​ចាប់​មនុស្ស​ រិះគន់​ក្នុង​ន័យ​ស្ថាបនា​អ្វី​មួយ​នោះ​ទេ »

នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គោល​ការណ៍​គោរព​សិទ្ធិ​ពលរដ្ឋ​ជា​ធំ​នេះ តែងតែ​ត្រូវ​រដ្ឋាភិបាល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន។ ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ រង​ការ​រិះគន់ និង​ថ្កោលទោស​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​ធ្វើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ឈាន​ទៅ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​​ឆ្នាំ២០១៧ និង​ការ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ក្រាប​សំឡេង​សកម្មជន​នយោបាយ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន ធនធាន​ធម្មជាតិ និង​សង្គម។ មាន​មនុស្ស ៩១នាក់ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​ជាង ១០០នាក់​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ ក្រៅ​ពី​នោះ សកម្មជន​ជា​ច្រើន​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព។

ជាង​នេះ​ទៅ​ទៀត តុលាការ​រង​ការ​រិះគន់​ថា ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ សកម្មជន​ទាំង​អស់ តែងតែ​បង្ហាញ​អំពី​ភាព​បាត់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់ ត្រូវ​បង្ខំ​ចិត្ត​ជ្រើសរើស​វិធី​តស៊ូ​មតិ ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ ដើម្បី​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។