ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញពលរដ្ឋនាំគ្នាបន្តធ្វើយុទ្ធនាការសប្ដាហ៍ទី៧ ទាមទារឲ្យដោះលែងសកម្មជនបរិស្ថានកំពុងជាប់ឃុំចំនួន៦នាក់។ ចំណែកសាច់ញាតិក៏ទទូចឲ្យសមត្ថកិច្ចដោះលែងយុវជនទាំងអស់ឲ្យមានសេរីភាពវិញ។
នៅសប្ដាហ៍ទី៧នេះ ក្រុមសង្គមស៊ីវិល បានបន្តលើកឡើងពីការចាប់ឃុំខ្លួនយុវជនចលនាមាតាធម្មជាតិចំនួន ៦នាក់ ដែលកំពុងប្រឈមមុខនឹងបទចោទដ៏ច្រើន ហើយធ្ងន់ធ្ងរទៀត គឺបទញុះញង់ បទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។ ក្រុមសង្គមស៊ីវិល អះអាងថា យុវជនបរិស្ថានទាំង ៦នាក់ មានក្ដីស្រមៃសម្រាប់ជីវិតរបស់ពួកគេ គឺធ្វើការងារការពារបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសុខុមាលភាពរបស់ពលរដ្ឋ និងថែរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ។ ប៉ុន្តែគួរឱ្យសោកស្ដាយ ក្ដីស្រមៃរបស់ពួកគេមិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋទេ។ អ្នកទាំង៦នាក់បែរជាទទួលការគំរាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌ទៅវិញ។
ក្រុមសង្គមស៊ីវិលនៅតែបង្ហាញការបារម្ភថា ការផ្ដន្ទាទោសដាក់ពន្ធនាគារយុវជនទាំង៦នាក់នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ក្រុមអង្គការស្នើសុំឲ្យពលរដ្ឋចែករំលែកសកម្មភាព និងយុទ្ធនាការរបស់សកម្មជនបរិស្ថានទាំង៦នាក់ ដើម្បីជាប្រយោជន៍សង្គម។
សកម្មជនបរិស្ថានទាំង៦នាក់នោះ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ ក្នុងនោះ មាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១៨ ទៅ ២០ ខែ ក្នុងបទចោទ « ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។ ចៅក្រមក៏កំពុងស៊ើបអង្កេតករណីបទចោទបន្ថែមមួយករណីទៀត គឺបទ « រួមគំនិតក្បត់ » លើសកម្មជនទាំង ៣នាក់នេះដែរ។ ឯសកម្មជន ៣ នាក់ទៀត ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួនឃុំខ្លួនកាលពីខែមិថុនា គឺលោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ ពួកគាត់ទាំង៣នាក់ កំពុងស្ថិតក្នុងនីតិវិធីឃុំខ្លួនបណ្ដោះអាសន្នពីបទ « ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ »។
មន្ត្រីជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ា ចិត្រា បញ្ជាក់ថា យុទ្ធនាការនេះនឹងត្រូវបន្តធ្វើរហូតទាល់តែមានការទម្លាក់បទចោទ និងដោះលែងសកម្មជនទាំងអស់។ លោកមិនចង់ឲ្យតុលាការបន្តឃុំខ្លួនយុវជនទាំងអស់នេះទេ ព្រោះជាការខាតបង់ប្រយោជន៍ដល់សង្គម និងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ។ លោកស្នើសុំឲ្យតុលាការដោះលែងសកម្មជនទាំង៦នាក់វិញ៖ « យើងដល់ថ្នាក់សុំហើយឥឡូវនេះ គឺថាអង្វរលោកតុលាការឲ្យដោះលែងសកម្មជនបរិស្ថានយើងមកវិញមក ដើម្បីឲ្យគាត់បានជួបជុំគ្រួសារគាត់វិញ ហើយបន្តសកម្មភាពចូលរួមការពារបរិស្ថានបន្តទៀតណា ព្រោះឥឡូវនេះយើងឃើញថា នៅពេលដែលបាត់ពួកគាត់ទៅអាបញ្ហាព្រៃឈើអ្វីហ្នឹង ក៏វាគគ្រឹកគគ្រេងដែរ។ អាហ្នឹងយើងមើលភាពជាក់ស្ដែងណា»។
យុទ្ធនាការរយៈពេល ៧ សប្ដាហ៍មកនេះ ទទួលបានការគាំទ្រពីពលរដ្ឋ និងសហគមន៍នៅតាមមូលដ្ឋានច្រើន។ តំណាងសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងលោកស្រី ផាវ ញ៉ើង ឲ្យដឹងថា អ្នកសហគមន៍តែងតែនាំគ្នាចែករំលែកសារយុទ្ធនាការនេះ រៀងរាល់សប្ដាហ៍ ព្រោះពួកគាត់ក៏ចង់ឲ្យតុលាការដោះលែងយុវជនការពារបរិស្ថានទាំង ៦ នាក់ដែរ៖ «រឿងបរិស្ថានអ្វីហ្នឹងជាប្រយោជន៍សាធារណៈ។ អ៊ីចឹងប្អូនៗដែលរដ្ឋាភិបាល ឬក៏អាជ្ញាធរចាប់ខ្លួនហ្នឹងយើងគិតថាប្រហែលជាមានការភ័ន្តច្រឡំរឿងអ្វីមួយ។ អ៊ីចឹងទៅយើងក៏ចូលរួមទាមទារឲ្យមានការដោះលែងដែរ»។
ជុំវិញយុទ្ធនាការនៅសប្ដាហ៍ទី៧នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន បានទេនៅថ្ងៃទី២០ ខែកញ្ញា។ តែទោះជាយ៉ាងណាលោក កត្តា អ៊ន ធ្លាប់បញ្ជាក់ថា យុទ្ធនាការនេះមិនអាចជះឥទ្ធិពលដល់ដំណើរការក្ដីរបស់តុលាការទេ។
ប៉ុន្តែសាច់ញាតិ នៅតែទទូចស្នើសុំឲ្យមានការដោះលែងកូនប្រុសស្រីរបស់ពួកគាត់មកវិញ។ ម្ដាយរបស់កញ្ញា ស៊ុន រដ្ឋា គឺលោកស្រី ដួង រី ឲ្យដឹងថា រៀងរាល់មួយសប្ដាហ៍កញ្ញា ស៊ុន រដ្ឋា អាចទូរស័ព្ទមកជួបសាច់ញាតិបានម្ដងមានរយៈពេល៥នាទី។ កញ្ញាផ្ដាំកុំឲ្យបារម្ភពីនាង ព្រោះនាងមានសុខភាព និងស្មារតីល្អធម្មតា។ តែយ៉ាងណាលោកស្រី ដួង រី ចង់ឲ្យតុលាការដោះលែងកញ្ញា ស៊ុន រដ្ឋា បានមករៀនសូត្រវិញ៖ « គ្រាន់តែថាអាឡាក់ស៊ីច្រមុះ។ ប៉ុនហ្នឹងគ្មានអ្វីផង តេមកជួបនិយាយទៅថា អត់មានអ្វីផង ធម្មតា»។
របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស បរិស្ថាន គ្រូបង្រៀន និងអ្នកបញ្ចេញមតិរិះគន់ដាក់ពន្ធនាគារជិតកៅសិប(៩០)នាក់ហើយ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានហៅការចាប់ខ្លួនទាំងនោះថា ជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់ និងទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនទាំងអស់ឲ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។