អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) នៅថ្ងៃទី២៤ ខែសីហានេះ បានបន្តកិច្ចពិភាក្សាជាមួយក្រុមយុវជនចលនាមាតាធម្មជាតិ ក្រុមយុវជនខ្មែរថាវរៈ និងតំណាងកម្មករណាហ្គាវើលដ៍។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជំនួបពិភាក្សានេះ គឺមានសារៈសំខាន់សម្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
កិច្ចពិភាក្សារវាង អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) និងតំណាងកម្មករណាហ្គាវើលដ៍ ក្រុមយុវជនមាតាធម្មជាតិ និងខ្មែរថាវរៈ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែសីហានេះ។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងកិច្ចពិភាក្សាជាមួយលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) លោកបានលើកឡើងពីបទចោទរបស់សកម្មជនចលនាមាតាធម្មជាតិកន្លងមក ជាពិសេស គឺបទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ហើយលោកចាត់ទុកការចោទប្រកាន់នេះ គឺជាការគំរាមកំហែងដល់ក្រុមសកម្មជនចលនាមាតាធម្មជាតិ កុំឱ្យក្រុមរបស់លោកធ្វើការងារទាក់ទងនឹងបរិស្ថានដោយរលូន។
ស្រដៀងគ្នានេះដែរ សកម្មជនក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ បានថ្លែងថា លោកបានលើកឡើងពីអំពើហិង្សាថ្មីៗ ដែល ក្រុមកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី បានវាយលោក និងអ្នកសារព័ត៌មាន វីអូឌី (VOD) ម្នាក់ទៀត ហើយបានបញ្ជូនក្រុមរបស់លោក និងអ្នកសារព័ត៌មាន វីអូឌី (VOD) ទៅកាន់អធិការដ្ឋានស្រុកបាទី។ លោកក៏បានបន្ថែមថា ក្រុមយុវជនខ្មែរថាវរៈ មិនអាចទទួលយកការកាត់ក្ដីពីតុលាការមិនឯករាជ្យ ដែលបានកាត់ទោសក្រុមរបស់លោកពីបទ ញុះញង់ ដោយអយុត្តិធម៌ឡើយ។ ជាមួយគ្នានេះ លោក ហ៊ុន វណ្ណៈ រីករាយ ដោយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានផ្ដល់តម្លៃការងាររបស់ក្រុមសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ហើយជំរុញឱ្យរដ្ឋាភិបាលដោះស្រាយសំណុំរឿង ដែលបានចោទប្រកាន់សកម្មជនកន្លងមក៖
ចំណែកតំណាងក្រុមកម្មករណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថ ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញា បានប្រាប់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អំពីការតវ៉ាទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ គោរពសិទ្ធិកម្មករ និងទទួលយកការទាមទារទូទាត់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករជាង ១០០នាក់ ឱ្យបានឆាប់ ដើម្បីបញ្ចប់វិវាទការងារមួយនេះ។ កញ្ញា ឈឹម ស៊ីថ បន្ថែមថា កញ្ញាក៏បានលើកឡើងអំពីការគំរាមកំហែងផ្សេងៗ មកលើក្រុមកម្មករណាហ្គាវើលដ៍កន្លងមក ដើម្បីឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ារបស់កម្មករ ហើយសកម្មភាពអាជ្ញាធរ ក្រសួងពាក់ព័ន្ធតុលាការ និងក្រុមប៉ូលិសទាំងនោះបានលំអៀងទៅខាងក្រុមហ៊ុន៖
ជុំវិញជំនួបពិភាក្សានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ជំនួបនេះ គឺមានសារៈសំខាន់ សម្រាប់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទទួលយកធាតុចូលជាក់ស្ដែង និងមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីដាក់ចូលទៅក្នុងរបាយការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២។ លោក អំ សំអាត បន្ថែមថា ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជាគួរទទួលយកការរិះគន់ និងចំណុចកែលម្អពីរបាយការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្សកន្លងមក៖
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានមកធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាតាំងពីថ្ងៃទី១៥ ខែសីហា ហើយគ្រោងបញ្ចប់ទស្សនកិច្ចរបស់លោកនៅថ្ងៃទី២៦ ខែសីហា ខាងមុខនេះ។ កាលពីឆ្នាំ២០២១ របាយការណ៍សិទ្ធិមនុស្សកម្ពុជារបស់អង្គការសហប្រជាជាតិ បានរកឃើញថា លំហសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានច្រានចោលរបាយការណ៍ការនេះ ដោយថា វាមិនបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។