ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ឲ្យដឹងថា ពួកគេត្រូវក្រុមបុរសស្លៀកពាក់ជាជនស៊ីវិលចំនួន៧នាក់ចេញមុខគំរាមពួកគេជាថ្មីទៀតកាលពីថ្ងៃទី១៩ សីហា ម្សិលមិញបន្ទាប់ពីអាក់ខានរយៈពេល ២ថ្ងៃកន្លងមក។
កូដករណាហ្គាវើលដ៍ អ្នកស្រី គង់ សាវឿន ឲ្យដឹងថា កាលពីនៅរសៀលថ្ងៃសុក្រ ទី១៩ សីហា បុគ្គលិកចូលរួមបន្តធ្វើកូដកម្មដោយមានអ្នកចូលរួមជាង ១០០នាក់(១០៧) អ្នកស្រីរៀបរាប់ថា ពេលដែលពួកគាត់ប្រមូលផ្តុំគ្នានៅក្បែររបងមុខក្រុមហ៊ុននោះ ស្រាប់តែមានជនស៊ីវិលមួយក្រុមបានចេញមុខគំរាមចំមុខកូដករតែម្តង ដោយជេរប្រមាថ និងធ្វើសកម្មភាពគំរាមផ្សេងទៀត ខណៈពួកគាត់កំពុងលើកសារ និងបដា ទាមទារឱ្យថៅកែក្រុមហ៊ុនចេញមកជួបដោះស្រាយវិវាទមួយនេះ៖ «ជនស៊ីវិលអត់មានអត្តសញ្ញាណច្បាស់លាស់ មកឈរមើលស្ទើរជារៀងរាល់ថ្ងៃ ជួននៅស្ងៀម ជួនមកជេរប្រមាថ ប្រើសកម្មសកម្មភាពផ្សេង ជួនបញ្ជាសមត្ថកិច្ចឲ្យវាយពួកយើង គឺគាត់មានសិទ្ធិបញ្ជាឲ្យអាជ្ញាធរវាយកូដករ គំរាមដកកាំភ្លើងបាញ់ ដូចថ្ងៃនេះគេយកស្បែកជើងប្រមាថវាយថតរកគប់ ហើយព្រមានថា បើសិនជិះម៉ូតូចេញក្រៅ ឃើញនៅតាមថ្នល់អីគេនឹងវាយឲ្យងាប់…» ។
ក្រុមកូដករពេលនេះ កំពុងមានក្តីបារម្ភពីសុវត្ថភាពរបស់ពួកគាត់។ ក្រុមកូដករក៏បានបញ្ជាក់ថា បើកូដករណាម្នាក់មានបញ្ហាគ្រោះថ្នាក់អ្វីមួយគឺមិនមាននរណាក្រៅពីជនស៊ីវិលមួយក្រុមចំនួន ៧នាក់នេះឡើយ។
រយៈពេល២ថ្ងៃកន្លងមកនេះ គឺនៅថ្ងៃទី១៧ និង១៨ សីហា កម្លាំងសន្តិសុខរាជធានីភ្នំពេញ បានបន្ធូរដៃបង្ក្រាបក្រុមកូដករនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានចុះឃ្លាំមើលការធ្វើកូដកម្មនោះដោយផ្ទាល់កាលពីថ្ងៃទី១៧ សីហា។
សហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ មើលឃើញថា ឥរិយាបថរបស់អាជ្ញាធរាជធានីភ្នំពេញបែបនេះបានផ្លាស់ប្ដូរភ្លាមៗ១រយភាគរយតែម្តងបើប្រៀបធៀបនឹងសប្តាហ៍មុនៗ ជាពិសេសពេលមិនទាន់មានតំណាងជាន់ខ្ពស់ UN មានវត្តមាននៅកម្ពុជា។
ក្រុមកូដករទាមទារឲ្យរដ្ឋាភិបាល ជំរុញទៅក្រសួងការងារឲ្យឆាប់ដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍នេះឲ្យបានឆាប់ ព្រោះរយៈពេល ៨ខែមកហើយ ដែលពួកគេរស់នៅទាំងវេទនា អត់ការងារធ្វើ អត់ប្រាក់ចំណូលគ្រួសារ ហើយពេលចេញតវ៉ារកយុត្តិធម៌ម្តងៗត្រូវក្រុមសមត្ថកិច្ចប្រើអំពើហិង្សាវាយដំឲ្យរបួសរាងកាយធ្ងន់ធ្ងរ និងមានការគំរាមកំហែងដល់អាយុជីវិតព្រមទាំងការធ្វើទុក្ខបុកម្នេញផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។