ក្រុមសង្គមស៊ីវិលបន្តធ្វើយុទ្ធនាការសប្ដាហ៍ទី១២ ដើម្បីទាមទារដោះលែងយុវជនបរិស្ថាន៦នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ សាច់ញាតិរបស់អ្នកជាប់ឃុំ ឲ្យដឹងថា សកម្មជនបរិស្ថានផ្ដាំមកអរគុណ និងអំពាវនាវឲ្យពលរដ្ឋចូលរួមចែករំលែកយុទ្ធនាការនេះឲ្យបានច្រើន។
នៅសប្ដាហ៍ទី១២នេះ ក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តទាមទារឱ្យដោះលែងយុវជនការពារបរិស្ថានទាំង ៦ រូបបន្តទៀត។ ពួកគេគឺជាយុវជនសកម្មក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ សប្ដាហ៍ទី១២នេះ ក្រុមសង្គមស៊ីវិលបានបង្ហោះរូបសកម្មជនបរិស្ថានម្នាក់ក្នុងចំណោម៦នាក់គឺកញ្ញា ស៊ុន រដ្ឋា ដែលបានលើកឡើងពីបញ្ហាសំរាម និងប្លាស្ទិក បណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន។

ក្រុមសង្គមស៊ីវិល បន្តសំណេរថា យុវជនទាំង៦នាក់ គ្រាន់តែលើកបញ្ហាដែលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណជន និងចង់ឱ្យគ្រប់គ្នាចូលរួមថែរក្សា ការពារបរិស្ថានប៉ុណ្ណោះ។ ពួកគេបានលើកជាសំណួរថា តើភាពសកម្មនិយមនេះ គឺជាអំពើល្មើសច្បាប់ និងត្រូវជាប់ពន្ធនាគារឬ? សង្គមស៊ីវិលក៏អំពាវនាវឲ្យពលរដ្ឋចែករំលែករូបភាពនៃយុទ្ធនាការនេះ និងគាំទ្រ ហើយលើកទឹកចិត្តដល់សកម្មភាពដើម្បីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិក្នុងប្រទេសកម្ពុជាទាំងអស់គ្នា។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង សង្កេតឃើញថា យុទ្ធនាការរយៈពេល ១២ សប្ដាហ៍នេះ ទទួលបានការគាំទ្រច្រើនពីពលរដ្ឋទូទៅ និងអ្នកស្រលាញ់បរិស្ថានអន្តរជាតិ។ លោកបន្តថា ក្រុមសង្គមស៊ីវិលនឹងបន្តយុទ្ធនាការនេះរហូតដល់ទិវាសិទ្ធិមនុស្ស១០ធ្នូ ខណៈក្រុមសង្គមស៊ីវិលនៅតែរក្សាជំហរជឿជាក់ថា សកម្មជនទាំង ៦ នាក់ គ្មានកំហុស និងទាមទារឲ្យតុលាការដោះលែងដោយគ្មានលក្ខខណ្ឌ៖ «សម្រាប់សកម្មជនបរិស្ថាន និងសកម្មជនសង្គម យើងនឹងធ្វើរហូតដល់ទិវាសិទ្ធិមនុស្ស ហើយសកម្មជនកសិករ ហើយ ឬក៏សកម្មជនផ្សេងទៀត យើងកំពុងពិចារណារើសគាត់ឲ្យចូលដើម្បីទាមទារដែរ។ ជារួមឲ្យតែអ្នកដែលត្រូវបានគេរំលោភសិទ្ធិ យើងនឹងមិនផាត់ចោលទេ»។
ក្រុមអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការទាមទារដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សចំនួន ១១ សប្ដាហ៍មកហើយ ដោយចែកជា ២ ក្រុម គឺក្រុមសកម្មជនសង្គមទាំង ៧ រួមនិងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន និងក្រុមសកម្មជនបរិស្ថានទាំង ៦ នាក់។ សង្គមស៊ីវិល នឹងបន្តធ្វើយុទ្ធនាការបង្ហោះសារតាមហ្វេសប៊ុក (Facebook)នេះ រហូតដល់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ ពួកគាត់ ក៏កំពុងពិចារណាបន្ថែមការទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លី ឬអ្នកដែលត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ទាំងអស់ដែរ។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន បានទេនៅថ្ងៃទី១ ខែវិច្ឆិកា។ ប៉ុន្តែលោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត តែងតែប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលមិនអាចលូកដៃចូលក្នុងកិច្ចការតុលាការទេ ខណៈការធ្វើយុទ្ធនាការស្របច្បាប់ គឺជាសិទ្ធិរបស់ពលរដ្ឋ។

សាច់ញាតិរបស់អ្នកជាប់ឃុំក៏តែងតែគាំទ្រយុទ្ធនាការនេះដែរ ដើម្បីទាមទារសេរីភាពឲ្យសកម្មជនបរិស្ថានវិញ។ ប្រពន្ធរបស់សកម្មជនបរិស្ថានកំពុងជាប់ឃុំ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ប្រាប់អាស៊ីសេរីថា សកម្មជនបរិស្ថានមានមោទនភាពចំពោះការគាំទ្ររប់សពលរដ្ឋក្នុងសកម្មភាពរបស់ខ្លួនកន្លងមក ហើយពួកគាត់បានផ្ដាំអរគុណ និងអំពាវនាវឲ្យពលរដ្ឋចូលរួមយុទ្ធនាការនេះឲ្យបានច្រើន។ លោកស្រីបន្តថា សកម្មជនទាំងអស់ក៏ខិតខំថែរក្សាសុខភាព និងហាត់ប្រាណជាប្រចាំ ប៉ុន្តែបញ្ហាកមរមាស់ គឺកើតមានគ្រប់គ្នា ដោយសារបរិយាកាសបន្ទប់ឃុំឃាំងគ្មានអនាម័យ៖ « គាត់ ( ថុន រដ្ឋា ) បានផ្ដាំផ្ញើខ្ញុំឲ្យនិយាយទៅកាន់អង្គការអ្វីថា គាត់ពិតជាអរគុណខ្លាំងមែនទែន សម្រាប់ការជួយកន្លងមក ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់គាត់»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង ៦ នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារសកម្មភាពសម្ដែងមតិទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិ និងការពារបរិស្ថានផ្សេងទៀត។ ពួកគាត់កំពុងប្រឈមនឹងបទចោទធ្ងន់ធ្ងរ និងច្រើនបទល្មើស ដូចជា បទញុះញង់ បទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។
សកម្មជនទាំងនេះ មាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១៨ ទៅ ២០ខែក្នុងបទចោទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បន្ថែមពីនេះចៅក្រម ក៏កំពុងស៊ើបអង្កេតករណីបទចោទបន្ថែមមួយករណីទៀតគឺបទ «រួមគំនិតក្បត់» លើសកម្មជនទាំង ៣នាក់នេះដែរ។ ឯសកម្មជន ៣ នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឃុំខ្លួនកាលពីខែមិថុនា គឺលោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ ពួកគាត់ទាំង៣នាក់ កំពុងស្ថិតក្នុងនីតិវិធីឃុំខ្លួនបណ្ដោះអាសន្នពីបទ «ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។