សហគមន៍​ដីធ្លី​នៅ​កោះកុង​ខកចិត្ត​ដែល​ក្រសួង​ដែនដី​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់

ប្រជាពលរដ្ឋ​មកពី​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន​៤​នៅ​ខេត្ត​កោះកុង​ខកចិត្ត​ដែល​ក្រសួង​រៀបចំ​ដែនដី​មិន​ផ្ដល់​ដំណោះស្រាយ​បញ្ហា​ដីធ្លី​តាម​ការ​ស្នើ​របស់​ពួកគាត់ ហើយ​ក្រសួង​បែរ​ជា​គំរាមកំហែង និង​បង្ខំ​ឱ្យ​ពួកគាត់​ទទួល​យក​ដំណោះស្រាយ​របស់​ក្រសួង​ទៅវិញ​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា​ក្រសួង​មិន​គួរ​គំរាមកំហែង​ពលរដ្ឋ និង​គួរ​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគាត់។

ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​មកពី​សហគមន៍​ចំនួន​៤​រួមមាន​សហគមន៍​ក្រុម​១៩៧ សហគមន៍​ក្រុម​១៧៥ សហគមន៍​ក្រុម​៨៤៣ និង​សហគមន៍​ព្រលាន ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហ៊ុយ នៅ​ថ្ងៃទី​២៨ ខែឧសភា ធ្វើដំណើរ​ពី​ខេត្តកោះកុង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

តំណាង​សហគមន៍​១៧៥ លោកស្រី ផាវ ញ៉ើង បាន​ឱ្យ​ដឹង​ថា លោកស្រី​មក​ជួប​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ចំនួន ១៧​គ្រួសារ​ដែល​ពួកគាត់​ព្រម​ដោះដូរ​ដី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ ប៉ុន្តែ​ពួកគាត់​មិនទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅឡើយ។

លោកស្រី ផាវ ញ៉ើង បន្ត​ថា ភាគី​ក្រសួង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ តែ​ផ្ទុយទៅវិញ​បែរជា​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​ពលរដ្ឋ​ទទួល​យក​តាម​ការកំណត់​របស់​ក្រសួង និង​គំរាម​មិន​ឱ្យ​ពួកគាត់​លើកឡើង​ពី​បញ្ហា​ទាំងនេះ​ជាមួយ​សារព័ត៌មាន​ទៀត​ផង។

លោកស្រី ផាវ ញ៉ើង៖ «ហើយ​អ៊ីចឹង​គាត់​ថា គាត់​អត់​ដោះស្រាយ​ទៀត​ទេ បើ​អត់​ក៏​អត់​ទៅ​ទៅ​ឱ្យ​ដើរ​ប្ដឹង​ណា​ក៏​ប្ដឹង​ទៅ​បើ​មិន​សុខចិត្ត តែ​ខ្ញុំ​ថា​ខ្ញុំ​អត់​ដើរ​ប្ដឹង​ណា ខ្ញុំ​នៅតែ​និយាយ​ខ្ញុំ​នៅ​តវ៉ា បើ​គាត់​គិតថា​ចង់​ដាក់គុក​ដាក់​ច្រវាក់​ខ្ញុំ​ទៀត ខ្ញុំ​ក៏​ដាក់​ទៅ​ព្រោះ​ខ្ញុំ​អត់​ទាន់​បាន​ធ្វើ​ខុស​ច្បាប់​ទេ ហើយ​ចេះតែ​ផ្សព្វផ្សាយ​ថា​ដោះ​ឱ្យ​ខ្ញុំ​រួច ខ្ញុំ​ថា​អត់​ទាន់​ដោះ​ទេ យក​ដី​របស់ខ្ញុំ​ទៅ​ឱ្យ ហេង ហ៊ុយ»។

ចំណែក​តំណាង​សហគមន៍​ក្រុម​១៩៧ លោកស្រី ដេត ហួរ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​ជាង​១​រយ (១២២) គ្រួសារ​នៅតែ​ទាមទារ​ឱ្យ​ក្រសួង​ដែនដី​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​មក​ឱ្យ​ពួកគាត់។ លោកស្រី​ថា ចាប់តាំងពី លោក ហេង ហ៊ុយ យក​ដីស្រែ​ចម្ការ​ពួកគាត់​ដោយ​គ្មាន​សំណង​មក ពួកគាត់​បាន​បាត់បង់​មុខរបរ​រហូត​ដល់​ឱ្យ​កូនៗ ឈប់​រៀន​ទាំង​វ័យក្មេង​ដើម្បី​ស្វែងរក​ការងារ​ចិញ្ចឹមជីវិត។

លោកស្រី ដេត ហួរ ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី​ទទួលយក​សំណូមពរ​របស់​ពួកគាត់ និង​បែងចែក​ដី​ដល់​គ្រួសារ​ដែល​បាន​បាត់បង់​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់ ព្រោះ​ពួកគាត់​មិនអាច​ទ្រាំ​នឹង​ការ​អូសបន្លាយ​ផ្ដល់​ដំណោះស្រាយ​របស់​ក្រសួង​ត​ទៀត​បាន​ទេ។

លោកស្រី ដេត ហួរ៖ «ហើយ​រឿង​គោលនយោបាយ​ការ​ដោះស្រាយ​នេះ​សូម​លោក​ឱ្យ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ៗ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ទាមទារ ហើយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ដី​អាស្រ័យ​ផល​ជាក់ស្ដែង ពីព្រោះ​យើង​ក្រីក្រ​ខ្លាំង​មែនទែន ពួក​យើង​អត់​មាន​ដី​អាស្រ័យ​ផល​ទេ ប្រឈម​នឹង​ជំពាក់​បំណុល​ធនាគារ ហើយ​កូនៗ បាត់បង់​ការសិក្សា​ទៅ​ចំណាកស្រុក»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៨ ខែ​ឧសភា។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា តួនាទី​របស់​មន្ត្រី​មន្ត្រីរាជការ​ដែល​ទទួល​បាន​ប្រាក់ខែ​ពី​ពលរដ្ឋ​គឺជា​អ្នកបម្រើ​ពលរដ្ឋ ដូច្នេះ​លោក​ថា​មន្ត្រី​នានា​មិន​គួរ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ឱ្យ​ពលរដ្ឋ​ទទួលយក​គ្រប់ការ​សម្រេចចិត្ត​របស់​ខ្លួន​នោះ​ទេ​។ លោក នី សុខា បន្ត​ថា​ក្រសួង​គួរ​ដល់ពេល​ដោះស្រាយ​បញ្ហា​ឱ្យ​គ្រួសារ​រងគ្រោះ​ពី​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​សំណង​សមរម្យ។

លោក នី សុខា៖ «ប្រមែប្រមូល​ព័ត៌មាន​ប្រមែប្រមូល​បញ្ហា​ហ្នឹង​មក​ដាក់​លើ​តុ ដោះស្រាយ​ដោយ​តម្លាភាព​ដោយ​សុ​ចរិតភាព​ពិនិត្យមើល​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ហើយ​ទៅ​ហ្នឹង​ការ​កាន់កាប់​របស់​ប្រជាពលរដ្ឋ​ទៅ​ហ្នឹង​បញ្ហា​ទាំងអស់​ហ្នឹង ខ្ញុំ​គិតថា​មិនមែន​អី​លំបាក​នៅក្នុង​ការ​ដោះស្រាយ​ទេ ប្រសិនបើ​អាជ្ញា​ធរមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​រឿង​ហ្នឹង»។

សហគមន៍​ក្រុម​៨៤៣​គ្រួសារ និង​សហគមន៍​ព្រលាន​ក្រុម​២៤៣​គ្រួសារ បាន​អះអាង​ថា ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង​ស៊ូហ្គើរ (Koh Kong Sugar) និង កោះកុង ផ្លេនថេស៊ិន (Koh Kong Plantation Industry) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​បាន​រំលោភ​យក​ដី​ពួកគាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ។

សហគមន៍​ក្រុម​១៩៧​គ្រួសារ សហគមន៍​ក្រុម​១៧៥​គ្រួសារ មកពី​ឃុំ​ជីខ​លើ និង​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង តែងតែ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ស្ថាប័នរដ្ឋ​ផ្សេងទៀត ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់ ដោយ​បាន​អះអាង​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគាត់ តាំង​ពី​ឆ្នាំ​២០០៧​។ ប៉ុន្តែ​ការ​ឡើង​មក​តវ៉ា​របស់​ពួកគាត់​កន្លង​មក​នេះ បែរជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ពួកគាត់​៩​នាក់​ឱ្យ​ជាប់ពន្ធនាគារ​មួយ​រយៈ​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង បទ «បរិហារកេរ្តិ៍​» ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។