លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈថា ប្រទេសកម្ពុជា បច្ចុប្បន្នមានពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើទំព័រសារព័ត៌មាន។ លោក ហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការស្ថានីយអ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លើកឡើងម្តងហើយម្តងទៀតក្នុងសុន្ទរកថារយៈពេលជាង ៣០នាទីរបស់លោកថា កម្ពុជា សព្វថ្ងៃនេះមានពីរប្រភេទ គឺកម្ពុជាពិត និងកម្ពុជានៅលើទំព័រសារព័ត៌មាន។
លោក ហ៊ុន សែន ពន្យល់ទៅកាន់មន្ត្រីរដ្ឋាភិបាល ប្រមុខការទូត មន្ត្រីអង្គការអន្តរជាតិ និងអ្នកវិនិយោគថា កម្ពុជាពិត គឺជាប្រទេសដែលមានការអភិវឌ្ឍ និងមានការវិនិយោគ ផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលបង្ហាញតែអំពីចំណុចអវិជ្ជមានរបស់កម្ពុជា៖«កម្ពុជា ខ្ញុំពិតជាមានពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើទំព័រសារព័ត៌មាន។ កម្ពុជា លើទំព័រសារព័ត៌មានតាមរយៈនៃការសរសេរផ្សាយរបស់មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជា មួយចំនួន គឺកម្ពុជា មិនគួរឲ្យចង់រស់នៅ និងមិនគួរចង់មកទស្សនកិច្ចនោះទេ»។
ប្រសាសន៍របស់ លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអ្នកជំនាញផ្នែកសារព័ត៌មានយល់ឃើញថា ជាការលើកឡើងមួយដែលមិនមានភាពពេញលេញ។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បញ្ជាក់ថា សារព័ត៌មានមានសិទ្ធិចុះផ្សាយទាំងរឿងវិជ្ជមាន ឬអវិជ្ជមានរបស់សង្គម។ លោក មឿន ឈានណារិទ្ធ បន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដែលមានលក្ខណៈវិជ្ជាជីវៈ ដើរតួសំខាន់ក្នុងការឆ្លុះបញ្ចាំងការពិតនៃសង្គម៖«សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។ បើសង្គមនោះមានលក្ខណៈសេរី សារព័ត៌មាននោះក៏មានលក្ខណៈសេរីដូចនោះដែរ។ បើសង្គមនោះមានលក្ខណៈស្អាតស្អំ យើងអាចមើលតាមទំព័រសារព័ត៌មានឆ្លុះបញ្ចាំងសង្គមបែបនោះហើយ ប៉ុន្តែការឆ្លុះបញ្ចាំងនោះ គឺអាស្រ័យទៅលើការបំពេញតួនាទីត្រឹមត្រូវរបស់អ្នកសារព័ត៌មាន»។
លោក មឿន ឈានណារិទ្ធ បន្ថែមទៀតថា ការផ្សាយតែអំពីរឿងអវិជ្ជមានក្នុងសង្គម អាចមកពីកតា្តបុគ្គល ឬនិន្នាការរបស់ស្ថាប័ន៖«តាមគោលការណ៍វិជ្ជាជីវៈ យើងត្រូវមានតុល្យភាព។ យើងឆ្លុះបញ្ចាំងសង្គម បើរដ្ឋាភិបាលគាត់ធ្វើល្អ យើងត្រូវរាយការណ៍ព័ត៌មានដែលល្អ។ បើរដ្ឋាភិបាលគាត់ធ្វើទៅ មានអ្វីដែលត្រូវកែប្រែនោះ យើងត្រូវរាយការណ៍ទៅតាមនោះដែរ»។
អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះមើលឃើញថា បញ្ហាក្នុងវិស័យសារព័ត៌មាននៅកម្ពុជា បណ្ដាលមកពីការខ្វះខាតវិជ្ជាជីវៈ ដោយសារតែមានអ្នកសារព័ត៌មានខ្លះគាំទ្រ ឬប្រឆាំងរដ្ឋាភិបាលខ្លាំងពេក ចំណែកអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈនៅមានចំនួនតិចនៅឡើយ។
កាលពីចុងឆ្នាំ២០១៥ កន្លងទៅ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) រកឃើញថា វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងជួបហានិភ័យ ដោយសារភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈប្រមូលផ្ដុំខ្លាំង ធ្វើឲ្យវិស័យនេះស្ថិតក្នុងសភាពគ្រោះថ្នាក់។ ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧ ដែលអង្គការនេះស៊ើបអង្កេត មាន ៩នាក់ជាឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជិតស្និទ្ធនឹងគណបក្សកាន់អំណាច មានន័យថា ពួកគេមានជាប់ពាក់ព័ន្ធជាមួយមុខជំនួញផ្សេងទៀតក្រៅពីសកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្មទូទៅ រហូតដល់អចលនទ្រព្យ។
ទោះបីជាយ៉ាងណា សម្រាប់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ តួនាទីរបស់ពួកគេ គឺផ្សាយព័ត៌មានពិត ឥតលម្អៀង បើទោះបីជារឿងពិតនោះធ្វើឲ្យមន្ត្រីគ្រប់គ្រងរដ្ឋ មិនសប្បាយចិត្តក៏ដោយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។