ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ចេញប្រតិកម្មខ្លាំងៗចំពោះសហគមន៍អន្តរជាតិដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការចាប់ខ្លួនលោក កឹម សុខា។ លោកចាត់ទុកសេចក្តីថ្លែងការណ៍ទាំងនោះ គឺគ្រាន់តែជាការការពារមេបក្សប្រឆាំងឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី សហគមន៍អន្តរជាតិនៅតែបន្តចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅប្រធានគណបក្សសង្គ្រោះជាតិ ថាជា "អាយ៉ង" របស់បរទេស ហើយលោកបានទាត់ចោលសេចក្តីថ្លែងការណ៍ទាំងអម្បាលម៉ានរបស់សហគមន៍អន្តរជាតិជុំវិញការចាប់ខ្លួនលោក កឹម សុខា៖ « អ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារជននេះ គឺគ្រាន់តែដើម្បីការពារអាយ៉ងរបស់ខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យភាពជាតិរបស់កម្ពុជា មិនត្រូវប្រើវិធីផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌នោះទេ » ។
លោក ហ៊ុន សែន ដែលហាក់ជឿជាក់ទាំងស្រុងទៅលើឃ្លីបវីដេអូនៃការថ្លែងរបស់លោក កឹម សុខា នោះ បានចោទប្រកាន់ថា បញ្ហាអស្ថិរភាពសង្គមដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៣ មកទល់ពេលនេះ រួមមានទាំងការស្លាប់កម្មករនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែរនោះ គឺជាផែនការរៀបចំទុកជាមុនរបស់លោក កឹម សុខា ដែលមានសហរដ្ឋអាមេរិក នៅពីក្រោយខ្នង។
ក្នុងពិធីសម្ពោធវិហារឥស្លាមមួយនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ កញ្ញា លោក ហ៊ុន សែន អះអាងថា ជោគវាសនារបស់លោក កឹម សុខា គឺស្ថិតក្នុងដៃតុលាការ ហើយលោកអះអាងថានឹងស្រាវជ្រាវរកជនដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យដឹងថា តើអ្នកណាខ្លះដែលរួមគំនិតក្នុងរឿងនេះ៖ « យើងសូមផ្ញើសារទៅជនបរទេសដែលបានប្រើប្រាស់មនុស្សនេះ ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយយើងនឹងស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យដឹងថាអ្នកណាខ្លះបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ។ ជនបរទេសណាខ្លះដែលគេថាមកពីអាមេរិក និងកាណាដា » ។
ទោះបីយ៉ាងណា ការចោទប្រកាន់របស់ប្រមុខរដ្ឋាភិបាលនេះ គឺមិនដូចគ្នាទៅនឹងការរកឃើញរបស់អង្គការជាតិ និងអន្តរជាតិនោះឡើយ។ របាយការណ៍របស់អង្គការជាតិ និងអន្តរជាតិ ក្នុងនោះក៏រួមមានទាំងរបស់អង្គការសហប្រជាជាតិផង សុទ្ធតែបង្ហាញថា ព្រឹត្តិការណ៍ហិង្សា និងអស្ថិរភាពសង្គមកាលពីពេលកន្លងទៅ បង្កឡើងដោយកងកម្លាំងប្រដាប់អាវុធ និងអ្នកមានទំនាក់ទំនងស្និទ្ធជាមួយលោក ហ៊ុន សែន តួយ៉ាងដូចជាព្រឹត្តិការណ៍គប់គ្រាប់បែកចូលក្នុងហ្វូងបាតុករអហិង្សាដឹកនាំដោយលោក សម រង្ស៊ី និងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ ព្រមទាំងការបាញ់បង្ក្រាបទៅលើក្រុមកម្មករនៅផ្លូវវ៉េងស្រេង និងក្បែររោងចក្រយ៉ាកជីន (Yakjin) ជាដើម។
ងាកមកសហគមន៍អន្តរជាតិវិញ ពួកគេនៅតែបន្តការទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដដែល។
ពីទីក្រុងប្រ៊ុចសែល (Bruxelles) ប្រទេសបែលហ្ស៊ិក (Belgium) សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ទាំងក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភានោះ គឺជាការវិវឌ្ឍន៍នយោបាយគួរឲ្យគ្រោះថ្នាក់។
សហភាពអឺរ៉ុប បន្តថា បន្ថែមពីលើសកម្មភាពប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មាននោះ ការចាប់ខ្លួននេះបង្ហាញពីការខិតខំប្រឹងប្រែងរឹតតែខ្លាំងជាងមុន ដើម្បីរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជា និងលំហនៃការរិះគន់ ការបញ្ចេញមតិ និងការរាយការណ៍ព័ត៌មានដោយឯករាជ្យ៖« ដំណើរការប្រជាធិបតេយ្យឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខដ៏គួរឲ្យទុកចិត្តបាន គឺចាំបាច់ត្រូវតែមានបរិយាកាសមួយដែលគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចបន្តបំពេញតួនាទីស្របតាមច្បាប់របស់ពួកគេ ដោយគ្មានការភ័យខ្លាច ការគំរាមកំហែង និងគ្មានការរឹតបន្តឹងតាមតែអំពើចិត្តនោះទេ។ ហើយសហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជា ក្នុងបញ្ហានេះ »។
សហភាពអឺរ៉ុប សង្ឃឹមថា អាជ្ញាធរកម្ពុជា នឹងគោរពសិទ្ធិជំនុំជម្រះដោយស្មើភាពចំពោះពលរដ្ឋកម្ពុជា គ្រប់រូប និងចំពោះអង្គការទាំងឡាយដែលកំពុងបំពេញការងារនៅកម្ពុជា ហើយដោយយោងទៅលើអភ័យឯកសិទ្ធិសភា សហភាពអឺរ៉ុប រំពឹងថា អាជ្ញាធរនឹងដោះលែងលោក កឹម សុខា ជាបន្ទាន់។
ការចាប់ខ្លួនលោក កឹម សុខា ដោយចោទពីបទក្បត់ជាតិ យោងលើឃ្លីបវីដេអូដែលលោក កឹម សុខា ឈរនិយាយទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី នោះ ត្រូវបានអ្នកវិភាគចាត់ទុកថាជារឿងមិនទំនងនោះឡើយ។
ទីប្រឹក្សាផ្នែកច្បាប់ និងសិទ្ធិមនុស្ស លោក ប៊ីលី ជាលុង តៃ (Billy Chia-Lung Tai) ដែលត្រូវបានស្រង់សម្ដីក្នុងអត្ថបទចុងក្រោយបង្អស់របស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានថ្លែងថា ការចាប់ខ្លួននេះគ្មានមូលដ្ឋានច្បាប់អ្វីសោះឡើយ៖ « ការងារស្នូលរបស់គណបក្សនយោបាយប្រឆាំង គឺដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលហ្នឹងហើយតើ ! លោក កឹម សុខា មិនបាននិយាយថា លោកនឹងផ្លាស់ប្ដូររដ្ឋាភិបាលដោយមធ្យោបាយហិង្សា ឬការធ្វើបដិវត្តន៍នោះទេ។ ករណីនេះបូករួមទាំងការបិទកាសែត ឌឹ ខេមបូឌា ដេលី និងស្ថានីយវិទ្យុជាច្រើនផងនោះ គឺគ្រាន់តែជាការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបំបិទមាត់អ្នកមានគំនិតផ្ទុយប៉ុណ្ណោះ »។
ចំណែកអ្នកសង្កេតការណ៍ផ្សេងទៀត រួមទាំងពលរដ្ឋដែលបញ្ចេញមតិតាមបណ្ដាញសង្គម គណបក្សប្រឆាំង និងសហគមន៍អន្តរជាតិផង គឺសុទ្ធតែចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយដូចគ្នា លើកលែងតែមន្ត្រីរដ្ឋាភិបាល ស្ថាប័នប៉ូលិស ស្ថាប័នកងទ័ព និងអ្នកមាននិន្នាការគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបចាត់ទុករឿងនេះថាជាការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។