លោក ហ៊ីង ប៊ុនហៀង ថា លោក​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បោក​គ្រាប់​បែក​ ឆ្នាំ១៩៩៧

0:00 / 0:00

មេ​អង្គ​រក្ស​លោក ហ៊ុន សែន គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អះអាង​ថា លោក​មិន​ដឹង​ពី​ការ​កោះហៅ​របស់​តុលាការ​បារាំង ក្នុង​រឿង​គប់​គ្រាប់​បែក​សម្លាប់​ បាតុករ​កាល​ពី​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ នោះ​ទេ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ថា ព័ត៌មាន​នៃ​ការ​កោះ​ហៅ​លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ ដោយ​តុលាការ​បារាំង គឺ​ជា​ការ​ពិត ហើយ​នេះ ជា​ការ​កោះ​ហៅ​លើកទី៣ហើយ ឱ្យ​មេ​ទ័ព​ទាំង​ពីរ​ចូល​សវនាការ​បារាំង។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ថា ជន​រងគ្រោះ​ក្នុង​ សំណុំ​រឿង​នេះ នឹង​បាន​យុត្តិធម៌​ពី​តុលាការ​បារាំង។

មេ​បញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កង​អង្គ​រក្ស​លោក ហ៊ុន សែន គឺ​ លោក ហ៊ីង ប៊ុនហៀង ទទួល​ស្គាល់​ថា តុលាការ​បារាំង​មាន​យុត្តិធម៌ និង​មិន​ចេះ​តែ​ធ្វើ​តាម​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ប្រមាថ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ទ័ព​ឡើយ។ មេ​អង្គ​រក្ស​រូប​នេះ​ថា លោក សម រង្ស៊ី ទៅ​វិញ​ទេ ដែល​ជា​ទណ្ឌិត​ក្បត់​ជាតិ នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​លោក សម រង្ស៊ី ចូល​ទឹក​ដី​កម្ពុជា។

ហ៊ីង ប៊ុនហៀង ថា គ្មាន​ការ​ចាំ​បាច់​បញ្ជូន​មេធាវី​ទៅ​ការពារ​ក្ដី​នៅ​បារាំងទេ

លោក ហ៊ីង ប៊ុនហៀង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ខែ​មីនា ថា លោក​មិន​ពាក់ព័ន្ធ​នឹង​តុលាការ​បារាំង​ឡើយ ហើយ​គ្មាន​ការ​ចាំ​បាច់​បញ្ជូន​មេធាវី​ទៅ​ការពារ​ក្ដី​នៅ​បារាំង ក្នុង​រឿង​បោក​គ្រាប់​បែក​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ដែរ។ លោក​អះអាង​ថា រឿង​ក្ដី​នេះ កើត​ចេញ​ពី​ការ​ចោទ​ប្រកាន់​បែប​សរសៃ​ប្រសាទ និង​គ្មាន​ភស្តុតាង​របស់​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

លោក ហ៊ីង ប៊ុនហៀង៖«ខ្ញុំ​មើល​ទៅ​គាត់ ដូច​ជា គាត់​ចោទ​តែ​ពាស​លើ​កង​ទ័ព​លើ​កម្លាំង​ប្រដាប់​អាវុធ គ្មាន​ផល​ហេតុ​អំណះអំណាង​ណា​មួយ​ដែល​មក​ចោទ​លើ​ខ្ញុំ លើ​ឯកឧត្ដម ហ៊ុយ ពិសិដ្ឋ ណា​កើត។ ខ្ញុំ​គ្មាន​ការ​ចាប់​អារម្មណ៍​ណា​មួយ​ដែរ គឺ​ថា សម្រាប់​គាត់ គឺ​ខ្ញុំ​ចាត់​ទុក​ថា នៅ​ស្រុក​ខ្មែរ​នេះ គេ​បាន​ចាត់​ទុក​ថា គាត់​ជន​ក្បត់​ជាតិ ៣ ជំនាន់​តាំង​ពី​ឪពុក​គាត់​មក ។ ​បើ​នៅ​តុលាការ​កម្ពុជា គេ​កំពុង​តាម​ចាប់​ខ្លួន​គាត់​រឿង​ហេតុ​ផល​វា​អ៊ីចឹង ហើយ​មក​ចោទ​លើ​ខ្ញុំ​ប៉ុន្មាន ៣០ ឆ្នាំ​ជាង​ហើយ មក​ទាក់ទិន​ការ​ចោទ​ប្រកាន់​ថា អត់​អំណះអំណាង​ណា​ដែល​ត្រូវ!មាន​រូប​ណា​ដែល​ខ្ញុំ​បញ្ជា​ឱ្យ​បោក​គ្រាប់​បែក​ទេ[តើ]មាន​រូប​ថត​ទេ?»។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី៨ ខែ​មីនា ថា លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ នឹង​ត្រូវ​កាត់​ទោស​នៅ​ទី​ក្រុង​ប៉ារីសនៅ​ថ្ងៃ ទី១៩-២០-២១ ខែ​មីនា ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នៅ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ៣០ ខែ​មីនា ឆ្នាំ១៩៩៧។

តុលាការ​បារាំង កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​​​ជុំវិញ​ករណី​នេះ

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ ដែល​មនុស្ស​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ខែ​មីនា ថា ព័ត៌មាន​ដែល​លោក សម រង្ស៊ី បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នោះ គឺ​ជា​ការ​ពិត។ លោក​ថា តុលាការ​បារាំង កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ទាំង​ជន​រងគ្រោះ សាក្សី រួម​ទាំង​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ឱ្យ​ចូល​សវនាការ។

លោក ម៉ែន សុថាវរិន្ទ្រ៖«លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ឱ្យ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃទី១៩-២០-២១[ខែ​មីនា]!បី​ថ្ងៃ ហើយ​ថ្ងៃ​ទី២១[ខែ​មីនា]គេ​នឹង​សម្រេច​គាត់​មក​ឬ​មិន​មក​គេ​នឹង​សម្រេច​កាត់​ទោស​កំបាំង​មុខ​ហើយ។ គេ​ហៅ​គាត់​មក​នៅ​ថ្ងៃ​ទី១៩-២០-២១ ឱ្យ​មក​ចូលរួម​សវនាការ ដែល​មាន​ពាក្យ​បណ្ដឹង​គឺ​មាន​លោក សម រង្ស៊ី ហើយ​នឹង​[អ្នកស្រី]សូមួរ៉ាជូឡុង សាក្សី​ច្រើន​ទៀត[លោក]ប្រ៊ែត អាដាមស្អីៗ​ទៀត គេ​មាន​សាក្សី​កម្មករ​ដែល​គ្រោះ​ថ្នាក់​គប់​គ្រាប់​បែក​នោះ​ក៏​មាន​សាក្សី»។

លោក ម៉ែន សុថាវរិន្ទ្រ ថា ការ​កោះ​ហៅ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដោយ​តុលាការ​បារាំង​នៅ​ពេល​នេះ គឺ​ជា​លើក​ទី៣ហើយ ប៉ុន្តែ​លោក ហ៊ីង ប៊ុនហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​រឿង​ទេ។

ទោះបី​ជា​ពេល​នេះ​លោក ហ៊ីង ប៊ុនហៀង ឆ្លើយ​មិន​ដឹង​ក៏​ដោយ ក៏​កាល​ពី​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០២១ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​តុលាការ​យុត្តិធម៌​ក្រុង​ប៉ារីស (Judiciaire de Paris) ចៅក្រម សាប៊ីន ឃេរីស (Sabine Khéris) បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ក្នុង​ការ​រៀបចំ​ផែនការ​ វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ ការ​ប្រមូល​ផ្ដុំ​បាតុកម្ម​​របស់​ពលរដ្ឋ​និង​កម្មករ​រោងចក្រ ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ​ឆ្នាំ​១៩៩៧។ បាតុកម្ម​នេះ ក៏​មាន​ការចូលរួម​របស់​លោក សម រង្ស៊ី ដែរ ​ក្នុង​គោល​ដៅ​សំខាន់ ដើម្បី​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។

ដីកា​ចាប់​ខ្លួន​របស់ ​តុលាការ​យុត្តិធម៌​បារាំង​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ លោក សម រង្ស៊ី។ ដីកា​ក៏​បាន​កោះហៅ​លោក ហ៊ុន សែន ដែល​កាល​នោះ​ជា​នាយករដ្ឋមន្ត្រី សម្រាប់​តួនាទី​របស់​លោក ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដែរ ប៉ុន្តែ​ រដ្ឋាភិបាល​បារាំង​បាន​រារាំង​ការ​ចាប់​ខ្លួន​លោក ហ៊ុន សែន ដោយ​លើក​ហេតុ​ផល​ពី​អភ័យ​ឯកសិទ្ធិ​របស់​លោក​គ្រា​នោះ ជា​ប្រមុខ​រដ្ឋាភិបាល។

ជនសង្ស័យ​ទាំងពីរ​សុទ្ធតែឡើងតួនាទីធំៗ

លោក ហ៊ីង ប៊ុនហៀង គឺ​ជា​មេ​បញ្ជាការ​កង​អង្គ​រក្ស​លោក ហ៊ុន សែន រីឯ​លោក ហ៊ុយ ពិសិដ្ឋ ជា​មេ​បញ្ជាការ​កង​ពល​តូច​លេខ៧០។ បច្ចុប្បន្ន​លោក លោក ហ៊ីង ប៊ុនហៀង ឡើង​ជា​មេ​បញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ ថែម​លើ​តួនាទី​ជា​មេ​បញ្ជាការ​កង​អង្គ​រក្ស​គ្រួសារ​លោក ហ៊ុន សែន ដដែល រីឯ​លោក ហ៊ុយ ពិសិដ្ឋ ឡើង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​នាយក​រង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ខែ​មីនា ថា លោក​ជឿជាក់​លើ​ តុលាការ​បារាំង ដែល​នឹង​ជម្រះ​សេចក្ដី​ដោយ​ផ្អែក​លើ​ភស្តុតាង និង​សាក្សី តាម​រយៈ​ការ​ស៊ើបអង្កេត​ហ្មត់ចត់។ លោក​ថា តុលាការ​បារាំង មិន​ចេះ​តែ​សម្រេច​ ទៅ​តាម​មាត់​របស់​បុគ្គល​មាន​អំណាច ដែល​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន ដូច​តុលាការ​កម្ពុជា​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖«តុលាការ​បារាំង​គេ​មិន​មែន​ជា​តុលាការ​លេង​សើច ដូច​ដែល​តុលាការ​យើង​ខ្វះ​ឯករាជ្យ​ភាព នៅ​ក្រោម​បញ្ជា​នយោបាយ​អី​ទេ គឺ​តុលាការ​បារាំង​យើង​ដឹង​ហើយ អំពី​គុណភាព​ហើយ​នឹង​ភាព​ជឿជាក់​ទៅ​លើ​ការ​ផ្ដល់​យុត្តិធម៌ គឺ​ច្បាស់​ណាស់​អ្នក​ណា​រងគ្រោះ​អ្នក​ហ្នឹង នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ហើយ។ ទោះបី​ថា ​អ្នក​ណា​ប្រព្រឹត្ត​ដែល​ចេះ​តែ​ថា ខ្លួន​មិន​ពាក់ព័ន្ធ វា​មិន​មែន​និយាយ​មិន​ពាក់ព័ន្ធ​ហ្នឹង​ហើយ​រួច​ខ្លួន​ទេ»។

នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង គ្រាប់​បែក​ចំនួន ៤គ្រាប់ ត្រូវ​បាន​ជន​អនាមិក​គប់​ចូល​ក្នុង​ក្រុម​បាតុករ​ប្រមាណ ២០០នាក់ ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ពេល​នោះ​ជា​ប្រធាន​គណបក្ស​ជាតិខ្មែរ (KNP)។ ការ​គប់​គ្រាប់​បែក​នោះ មាន​គោល​ដៅ​សម្លាប់​លោក សម រង្ស៊ី នៅ​ពេល​លោក​ដឹក​នាំ​ការ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ ទៅ​តវ៉ា​នៅ​សួន​ច្បារ​ ទល់​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំង​អយុត្តិធម៌​សង្គម​ និង​អំពើ​ពុករលួយ។

អត្ថបទ​ដែលទាក់ទង៖

លោក សម រង្ស៊ី ថា តុលាការបារាំងនឹងកាត់ទោសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ពាក់ព័ន្ធនឹងការគប់គ្រាប់បែក២៧ឆ្នាំមុនOpens in new window ]

មេកង​អង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើ​កាំភ្លើង​យន្ត​ស្របពេល​តុលាការ​បារាំង​ចេញដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោកOpens in new window ]

លោក សម រង្ស៊ី រំលឹក​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​​ចាប់ខ្លួនមេអង្គរក្ស​​លោក ហ៊ុន សែន និងត្រៀម​ចាប់​លោក ហ៊ុន សែន ពេល​អស់​តំណែងOpens in new window ]

ការ​វាយ​ប្រហារ​នោះ បាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស ចំនួន ១៦នាក់ និង​ជាង ១៥០ នាក់​រង​របួស ដែល​ភាគ​ច្រើន​ជា​បាតុករ និង​ខ្លះ​ជា​អ្នក​ដែល​ឈរ​ក្បែរ​ហ្វូង​បាតុកម្ម​ រួម​មាន​កុមារ​ផង។ ចំណែក​ឯ​លោក សម រង្ស៊ី បាន​គេច​ផុត​ពី​គ្រោះ​បាត់​បង់​ជីវិត​ តែ​រង​របួស​ត្រង់​ជើង ដោយសារ​អង្គ​រក្ស​របស់​លោក​យក​ជីវិត​ទៅ​រង​គ្រាប់​ជំនួស។ ក្រៅ​ពី​ការ​ស្លាប់​និង​របួស​ពលរដ្ឋ​ខ្មែរ ក៏​មាន​ជន​ជាតិ​អាមេរិក​ម្នាក់​ដែរ ដែល​រង​របួស​ធ្ងន់ គឺ​លោក រ៉ន អាប់នី (Ron Abney) ដែល​ជា​ប្រធាន​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ (IRI) នៃ​សហរដ្ឋ​អាមេរិក។

ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​អេហ្វប៊ីអាយ (FBI) អាមេរិក​បាន​សម្ភាស​ទាហាន និង​មន្ត្រី​ខ្មែរ​តាម​ឋានានុក្រម នៃ​អំណាច​ពី​ក្រោម​ឡើង​លើ។ លោក ហ៊ុយ ពិសិដ្ឋ ធ្លាប់​បាន​សារភាព​ប្រាប់ FBI ថា លោក​បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កម្លាំង កង​ពល​តូច​លេខ៧០ ទៅ​កាន់​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​នោះ។ អ្នក​ស៊ើបអង្កេត FBI បាន​សន្និដ្ឋាន​ថា មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ ទើប​អាច​បញ្ជា​ឱ្យ​កង​អង្គរក្ស​ចូល​ទៅ​ក្នុង​សួន​ច្បារ ដែល​ក្រុម​បាតុករ​ធ្វើការ​តវ៉ា។

លោក សម រង្ស៊ី ធ្លាប់​លើក​ឡើង​ថា លោក ហ៊ុន សែន មាន​ការ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង ពីព្រោះ​តុលាការ​បារាំង នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ(Interpol) ដើម្បី​ចាប់​ខ្លួន ពេល​ណា​លោក ហ៊ុន សែន ទៅ​ដល់​ប្រទេស​ប្រជាធិបតេយ្យ​ណា មួយ ក្រោយ​ពី​គាត់​លែង​មាន​អភ័យ​ឯកសិទ្ធិ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។