លោក ថេង សាវឿន រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជំរុញ​ទៅ​តុលាការ​ខេត្តរតនគិរី គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក និង​ក្រុម​ការងារ​របស់​លោក​ការ​ចោទ​ពី​បទ​ក្បត់ជាតិ និង​បទ​ញុះញង់​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ក្រុម​លោក​ដែល​ជា​អ្នក​សកម្មជន​សិទ្ធិមនុស្ស។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ចោទ​ប្រកាន់​លើ​ក្រុម​លោក ថេង សាវឿន ហាក់​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក ថេង សាវឿន រក្សា​ជំហរ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្តរតនគិរី ក្នុង​សវនាការ​ជំនុំជម្រះ​ក្ដី នៅ​ថ្ងៃទី០៨ ខែ​មករា ខាង​មុខ។ ការ​បន្ត​នីតិវិធី​របស់​តុលាការ​នេះ ហាក់​ផ្ទុយ​ពី​ការ​ណែនាំ​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​ពី​លោក ថេង សាវឿន។

លោក ថេង សាវឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី២១ ខែ​ធ្នូ​ថា ករណី​តុលាការ​បន្ត​លើក​យក​សំណុំរឿង​របស់​លោក​ទៅ​ជំនុំជម្រះ​ជា​រឿង​ធ្ងន់ធ្ងរ​ចំពោះ​រូប​លោក។ លោក​នៅតែ​ប្រកាន់​ជំហរ ការ​រៀបចំ​សិក្ខាសាលា​ដើម្បី​បណ្ដុះបណ្ដាល​ដល់​កសិករ​កន្លង​មក​មិនមែន​ជា​ការប្រព្រឹត្ត​បទ​​ទោស​បទល្មើស​ពី​បទ​ក្បត់ជាតិ និង​បទ​ញុះញង់​ឡើយ។ អ្នក​ការពារ​សិទ្ធិ​កសិករ​រូប​នេះ ជំរុញ​ទៅ​តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​បទ​ចោទ​ប្រកាន់​នេះ។

លោក ថេង សាវឿន៖«ពួក​យើង​ខ្ញុំ​អំពាវនាវ​ផង​ដែរ ដល់​តុលាការ​ខេត្ត​រតនគិរី សូម​មេត្តា​ធ្វើ​យ៉ាងណា​ទម្លាក់​ចោល​ការចោទប្រកាន់​​ពួក​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​កំហុស។ ការ​ចោទ​រហូត​ធ្ងន់ធ្ងរ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បង្ក​ភាព​វឹកវរ​ប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ​នោះ​ទេ»។

សាលាដំបូង​ខេត្ត​រតនគិរី ចេញដីកា​កោះហៅ លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច ឱ្យ​ចូល​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​មករា ខាងមុខ ​ដើម្បី​ជំនុំជម្រះ​ពីបទ​រួមគំនិតក្បត់ និង​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ តុលាការ​ចោទប្រកាន់​ថា លោក ថេង សាវឿន និង​បក្ខពួក បាន​បាន​ប្រព្រឹត្ត​នី​ចំណុច​ភូមិជ្រី សង្កាត់​យក្សឡោម ក្រុង​បានលុង ខេត្តរតនគិរី កាល​បី​ថ្ងៃ​ទី១៣ និង​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០២៣។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា ការ​ចោទប្រកាន់​លើ​លោក ថេង សាវឿន ឃើញ​មាន​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ រហូត​មាន​ការ​ជួប​លោក ហ៊ុន សែន ប៉ុន្តែ ការ​ដែល​តុលាការ​នៅតែ​​បន្ត​នីតិវិធី​ដូចនេះ​ ​ចង់​បង្ហាញ​ថា តុលាការ​មិន​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា ការ​បំពេញ​ការងារ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស មិន​គួរ​រង​ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ​​ឡើយ។

លោក រស់ សុដ្ឋា៖«អង្គការ​សង្គម​ស៊ីវិល ឬ​ក៏​សិទ្ធិ​នយោបាយ​ណាមួយ​ក៏​មិន​អាច​ពាក់ព័ន្ធ​ក្បត់ជាតិ​ដែរ​ណា ពួក​ខ្ញុំ​ជា​អ្នក​គេ​ហៅ​ថា ការពារ​សិទ្ធិមនុស្ស ជា​ការ​បង្ក្រាប​ផ្លូវ​នយោបាយ​ច្រើន​ជាង»។

នគរបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី១៧ ឧសភា បាន​ឃាត់ខ្លួន​ លោក ថេង សាវឿន និង​សមាជិក​របស់​លោក ១៦នាក់​ផ្សេង​ទៀត នៅ​ពេល​ពួក​គេ​ធ្វើដំណើរ​ពី​ខេត្ត​រតនគិរី ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។ តុលាការ​ខេត្ត​រតនគិរី ចោទ​ប្រកាន់​ថា លោក ថេង សាវឿន និង​ក្រុម​របស់​លោក បាន​លួច​ជួបជុំគ្នា​នៅ​ខេត្ត រតនគិរី ក្នុង​គោលដៅ​នយោបាយ ញុះញង់​ឱ្យ​កសិករ​បះបោរ ឈាន​ទៅ​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា​ក្ដី ក្រោយ​ពេល​លោក ថេង សាវឿន បង្ហោះ​សារ​សុំទោស និង​បាន​ទៅ​ជួប​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ មិថុនា លោក ហ៊ុន សែន ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ​ខេត្ត​រតនគិរី លើកលែង​ការ​ចោទ​ប្រកាន់ លើ​បុគ្គលិក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

ជុំវិញ​ការ​បន្ត​នីតិវិធី​របស់​លោក​តុលាការ​នៅ​ពេល​នេះ លោក ថេង សាវឿន ប្រាប់​ថា សារ​សារភាព​​របស់​លោក មិន​មែន​មានន័យ​អាច​ធ្វើ​ឱ្យ​ផុត​ពី​បទ​ចោទ ឬ​ទោស​ទណ្ឌ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។