សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​កញ្ញា សេង ធារី ក្រោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ

(រូបឯកសារ) កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២។
(រូបឯកសារ) កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២។ (រូបពីពលរដ្ឋ)

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ កញ្ញា សេង ធារី ដើម្បី​គេច​ពី​សម្ពាធ​អន្តរជាតិ​ជា​ពិសេស​ការ​ដក​ហូត​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ពី​​សហភាព​អឺរ៉ុប។

សំណើ​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នេះ មេធាវី​ខ្មែរ​អាមេរិក កញ្ញា សេង ច័ន្ទធារី ឱ្យ​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា កញ្ញា​ សេង ធារី កំពុង​ប្រឈម​នឹង​បញ្ហា​បរិយាកាស​នៅ​ក្នុង​ពន្ធនាគារ​មិន​ល្អ​រួមមាន​ភាព​ចង្អៀត​ណែន កង្វះ​អនាម័យ និង​មិន​មាន​របប​អាហារ​គុណ​ភាព​ជា​ដើម។

លោក អំ សំអាត ថា អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​កញ្ញា សេង ធារី គឺ​ដោយ​សារ​តែ​សកម្មភាព​របស់​កញ្ញា​កន្លង​មក​​​​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ តែ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​របស់​កញ្ញា​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ប្រជាធិបតេយ្យ។

លោក អំ សំអាត៖«អ៊ីចឹង​ខណៈ​កន្លង​មក​មាន​អង្គការ​អន្តរជាតិ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស និង​អង្គការ​ជាតិ ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ហ្នឹង​គឺ យើង​សូម​ឱ្យ​កម្ពុជា​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ទៅ​លើ​ការ​ដោះលែង​កញ្ញា សេង ធារី ដើម្បី​បន្ធូរបន្ថយ​ជា​មួយ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ​អី​ផ្សេងៗ ដើម្បី​បន្ធូរបន្ថយ​នូវ​បរិយាកាស ដែល​សេសសល់ ឬ​តាន​តឹង​ដោយ​សារ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ដោយ​ចោទ​ពី​បទ «រួមគំនិត​ក្បត់» ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ​អង្គការ​ជាតិ និង​អន្តរជាតិ​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​កញ្ញា​ សេង​ ធារី​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​នោះ​រួម​ទាំង​មាន​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ដែល​បាន​លើក​ឡើង​ជា​មួយ​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន​ អំឡុង​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​ចុង​ឆ្នាំ២០២២។ ចំណែក​សមាជិក ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ចំនួន ១៨រូប កាល​ពី​​​ឆ្នាំ​មុន​ក៏​បាន​ស្នើ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក អេនថូនី ប៊្លីនខេន (Antony Blinken) ឱ្យ​ដាក់​​​បញ្ចូល​សំណុំ​រឿង​កញ្ញា សេង ធារី ក្នុង​សំណុំ​រឿង «ឃុំខ្លួន​ពលរដ្ឋ​អាមេរិក​ដោយ​​​ខុសច្បាប់» ផង​ដែរ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វ៉េស្លី ហូលហ្សឺរ (Wesley Holzer) ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា​​​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​បន្ត​តាម​ដាន​យ៉ាង​ដិត​ដល់​ទៅ​លើ​​សុខុមាលភាព​​ សុវត្ថិភាព​ និង​​ករណី​ឃុំ​ខ្លួន​កញ្ញា សេង ធារី ដែល​ជា​ពលរដ្ឋ​អាម៉េរិកាំង​នេះ។

ទោះ​បី​ជា​កញ្ញា សេង ធារី កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្ដី ប៉ុន្តែ​កញ្ញា​មិន​ដែល​បោះ​បង់​ការ​តស៊ូ​មតិ​នោះ​ទេ។ ជាក់​ស្ដែង កញ្ញា​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ចំនួន​បី​ដង ដោយ​លើក​ទី​មួយ​មាន​រយៈ​ពេល​មួយ​សប្ដាហ៍​​​ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ​ និង​លើក​ទី​ពីរ​​​​មាន​រយៈ ១០ថ្ងៃ កាល​ពី​ខែកក្កដា ឆ្នាំ២០២៣ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ សិទ្ធិ​នយោបាយ ហើយ​ដោះ​លែង​កញ្ញា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ជា​ដើម។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ដែល​ជា​អ្នក​ជិត​ស្និទ្ធ និង​ធ្លាប់​ធ្វើ​ការ​ងារ​សង្គម​ជា​មួយ​កញ្ញា សេង ធារី មាន​ប្រសាសន៍​ថា លោក​តែង​ត្រូវ​មន្ត្រី​ពន្ធនាគារ​បដិសេធ​ឱ្យ​សួរ​សុខ​ទុក្ខ​កញ្ញា សេង ធារី ជា​ច្រើន​ដង ដោយសារ​តែ​លោក​ មិន​មែន​ជា​សាច់ញាតិ និង​មេធាវី​របស់​កញ្ញា សេង ធារី។

ទីប្រឹក្សា​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​ឈាម​ថ្មី ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គួរ​តែ​ដោះ​លែង​កញ្ញា​កញ្ញា សេង ធារី និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត ដែល​កំពុង​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក រ៉ុង ឈុន៖«យើង​ដឹង​ហើយ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​អឺរ៉ុប ទាំង​អាមេរិក​នេះ វា​ធ្វើ​ឱ្យ​អ្នកវិនិយោគទុន​មាន​ការ​រារែក​ចិត្ត​ដែរ គេ​អាច​ដក​ក្រុមហ៊ុន​ពី​កម្ពុជា​មួយ​ចំនួន ដែល​គេ​គ្រោង​នឹង​មក​វិនិយោគ​​នៅ​កម្ពុជា​ក៏​គេ​ពិចារណា​ផង​ដែរ​ អីចឹង​ដើម្បី​យើង​ស្រូប​ទាញ​អ្នក​វិនិយោគទុន​ពី​កម្ពុជា​បាន​ច្រើន​យើង​ត្រូវ​ធ្វើ​ការ​កែ​លំអ​​ការ​គោរព​សិទ្ធិ​មនុស្ស»។

វិទ្យុ​អាស៊ី​សេរី ក៏​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា​ បាន​ទេ ដោយ​លោក​ថា កំពុង​ជាប់​រវល់។

ពាក់​ព័ន្ធ​នឹង​ករណី​ស្នើសុំ​ឱ្យ​ដោះ​លែង​កញ្ញា សេង ធារី​នេះ​ដែរ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា កញ្ញា​ សេង ធារី​ ឬ​អ្នក​ទោស​ណា​ក៏​ដោយ ដែល​ត្រូវ​បាន​បរទេស​ស្នើសុំ​ឱ្យ​ដោះ​លែង គឺ​លោក​នឹង​បន្ត​ឃុំ​ខ្លួន​ពួកគាត់​បន្ត​ទៀត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។