រឿងរ៉ាវចំនួន៥ សំខាន់ៗ ដែលប្រិយមិត្តគួរដឹងពីកំពង់ផែរាម ពីរឆ្នាំក្រោយធ្វើទំនើបកម្ម៖
១) ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិក CSIS បានវិភាគរូបភាពថតបានតាមផ្កាយរណបជាច្រើនសន្លឹក ដែលបង្ហាញពីការវិវត្តន៍ជាច្រើននៅកំពង់ផែរាមនារយៈពេលចុងក្រោយនេះ បន្ថែមពីលើការសាងសង់ផែសំចតថ្មី។ នៅភាគនិរតីនៃកំពង់ផែរាម គេឃើញមានលេចចេញជារូបរាងនូវរោងជាងជួសជុលនាវាថ្មីមួយ។ នៅភាគឧត្តរ និងពាយព្យឯណោះវិញ មានការសាងសង់ឃ្លាំង អគាររដ្ឋបាល និងទំនងជាមានអគារស្នាក់នៅដែលមានទំហំប៉ុនតារាងបាល់បោះចំនួន៤។ រីឯ នៅតាមបណ្ដោយឆ្នេរនៅភាគពាយព្យ គេឃើញមានការចាក់ក្រាលបេតុង ដោយមានរបង និងប៉មឃ្លាំមើលចំនួនពីរ ត្រូវគេសាងសង់នៅព្រំប្រទល់ភាគឥសាន្តនៃកំពង់ផែរាម។ ដោយឡែក នៅភាគនិរតីវិញ គេឃើញមានការឈូសឆាយដីទំហំប្រមាណ២៥ហិកតា សម្រាប់ការសាងសង់សំណង់ថ្មី។
២) នាវាចម្បាំងចិន២គ្រឿងបានចតនៅកំពង់ផែរាមជាង៦ខែក្រោមហេតុផលត្រៀមចូលរួមធ្វើសមយុទ្ធ«នាគមាស»លើកទី៦ ខណៈនាវាចម្បាំងចិនបីគ្រឿងទៀតចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ អ្នកជំនាញអាមេរិកថា នេះជាសញ្ញាណបង្ហាញឱ្យឃើញពីការចាប់ផ្តើមមានវត្តមានយោធាចិន«ជាអចិន្ត្រៃយ៍»នៅកំពង់ផែរាម និងថា ចិនអាចប្រើប្រាស់កំពង់ផែរាមដើម្បីឈ្លបយកការណ៍ និងប្រមូលព័ត៌មានសម្ងាត់ពីប្រទេសនានានៅក្នុងតំបន់ក្នុងករណីចិនធ្វើសង្គ្រាមដណ្តើមយកកោះតៃវ៉ាន់។
៣) ការិយាល័យប្រធានកិច្ចការសម្ងាត់អាមេរិកាំង (ODNI) បន្តលើកឡើងក្នុងរបាយការណ៍វាយតម្លៃពីហានិភ័យប្រចាំឆ្នាំ២០២៤របស់ខ្លួន កាលពីដើមខែកុម្ភៈ ថា ចិនបានបង្កើនមហិច្ឆតាយោធារបស់ខ្លួន រួមទាំងការសាងសង់មូលដ្ឋានទ័ពថ្មីៗ ក្នុងនោះមានការធ្វើទំនើបកម្មនៅមូលដ្ឋានទ័ពរាម ដើម្បីគាំទ្រដល់វត្តមានកាន់តែកើនឡើងរបស់ក្រុងប៉េកាំង (Beijing) នៅលើលម្ហសមុទ្រ។ កម្ពុជាគឺជាផ្នែកមួយនៃ«គម្រោង១៤១»ដែលត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) ជ្រើសរើសយកតាមរយៈកិច្ចព្រមព្រៀងយោធាសម្ងាត់ដើម្បីបង្កើតជាប៉ុស្តិ៍ជួរមុខសម្រាប់បម្រើឱ្យកងទ័ពជើងទឹករបស់ចិន។
៤) មន្ត្រីជាន់ខ្ពស់អាមេរិកាំង ក្នុងនោះមានអនុប្រធានគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាអាមេរិក (House Armed Services Committee) លោក រ៉ប់ វ៉ីតត៍មេន (Rep. Rob Wittman, R-VA) និងអតីតអ្នកការទូតអាមេរិក លោក ក្រេក សីងហ្គលថុន (Craig Singleton) លើកឡើងថារដ្ឋាភិបាលអាមេរិក «គួរចាត់វិធានការ»ឆ្លើយតបដ៏ស្វាហាប់មួយប្រឆាំងនឹងសកម្មភាពយោធាចិននៅកំពង់ផែកងទ័ពជើងទឹករាម និងត្រូវវាយតម្លៃដោយពិនិត្យពិច័យថាតើការដាក់ទីតាំងយោធារបស់ចិនចុងក្រោយនេះ អាចកែប្រែតុល្យភាពអំណាចជាសាកល និងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពយោធារបស់អាមេរិកនៅក្នុងតំបន់សំខាន់ៗយ៉ាងណាខ្លះ។ កន្លងទៅ មេបញ្ជាការជាន់ខ្ពស់យោធាអាមេរិកាំង បានវាយតម្លៃថា ក្រុងប៉េកាំង (Beijing) ដាក់គោលដៅឈ្លានពានដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងត្រឹមឆ្នាំ២០២៧។
៥) កាសែតអាមេរិកាំងល្បីឈ្មោះ ឌឹ វ៉ល ស្ទ្រីត ជរណល (The Wall Street Journal) លាតត្រដាងថា ចិនចូលមកធ្វើទំនើបកម្មនៅកំពង់ផែរាមនេះ ចំពេលបង្កើនការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅមូលដ្ឋានទ័ពធំៗពីររបស់ខ្លួននៅលើកោះហៃណាន់ នៅភាគខាងត្បូងប្រទេសចិន នៅសមុទ្រចិនខាងត្បូង អាចបង្កើតបានជាផ្នែកមួយនៃយុទ្ធសាស្ត្រ«ត្រៀមធ្វើសង្គ្រាម»ដើម្បីដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។