"សំចត" កម្មវិធី​ចត​យានជំនិះ​ចល័ត​នឹង​ត្រូវ​ដាក់​ដំណើរការ​សាកល្បង​នៅ​ពីរ​ខែ​ខាងមុខ

0:00 / 0:00

ក្រុម​យុវជន​ដែល​បង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ដោះស្រាយ​បញ្ហា​ចត​យានជំនិះ គ្រោង​បញ្ចេញ​កម្មវិធី​នេះ ឱ្យ​ប្រើ​ប្រាស់​សាកល្បង​លើកទីមួយ ក្នុង​ពេល​ឆាប់ៗ​នេះ។ ពួកគេ​សង្ឃឹម​ថា បន្ទាប់ពី​កម្មវិធី​នេះ​ដាក់​ដំណើរការ នឹង​អាច​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ស្វែងរក និង​ទូទាត់​ថ្លៃ​សេវា​ចត​យានជំនិះ កាន់តែ​ងាយស្រួល​ជាង​មុន និង​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ឱ្យ​រីកចម្រើន​ទៅ​មុខ។

សំចត ដែល​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ សម្រាប់​ជួយ​ដល់​អ្នក​ស្វែង​រក​ទីតាំង​ចត​យានជំនិះ និង​ម្ចាស់​ទីតាំង​ចំណត ក្នុង​ការ​កក់​ទីកន្លែង​សម្រាប់​ចត និង​គ្រប់គ្រង​ទីកន្លែង​ចត គ្រោង​នឹង​ដំណើរការ​កម្មវិធី​សាកល្បង​លើក​ទី​១ របស់​ពួកគេ នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​ទៀត។

ស្ថាបនិក​ម្នាក់​ក្នុងចំណោម បួន​នាក់​របស់​កម្មវិធី “​សំចត​” លោក ព្រំ វិសាល ឱ្យដឹង​ថា នៅ​ក្នុង​កម្មវិធី​សាកល្បង​លើកទីមួយ​នេះ ពួកគេ​នឹង​បញ្ចូល​រាល់​មុខងារ​សំខាន់ៗ​ទាំងអស់ ដែល​ចាំបាច់​សម្រាប់​វិស័យ​ចត​យានជំនិះ។

"បាទ​! នៅ​ក្នុង Beta Testing Version (ជំនាន់​សាកល្បង) ពួក​យើង​ក៏​បញ្ចូល​នូវ ស្ទើរតែ​គ្រប់​មុខងារ​ទាំងអស់​ដូចជា​មុខងារ​ក្នុង​ការ​ចត​យានយន្ត​ មុខងារ​ក្នុង​ការស្វែងរក​កន្លែង​ចត​យានយន្ត និង​ការ​បង់ សាច់ប្រាក់​តាមរយៈ​ Online។ មុខងារ​ទាំងអស់​នេះ​គឺ​ចាំបាច់​ណាស់ ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ការ​ចេញ​នូវ​កម្មវិធី​សំចត​ជាលើកដំបូង បន្ទាប់​ពី​នោះ​យើង​នឹង​បន្ថែម​នូវ​មុខងារ​ផ្សេងៗ​ទៀត​ផង​ដែរ​បន្ទាប់​ពី​មុខងារ​ទាំងអស់​នោះ​ដំណើរការ​បាន​ល្អ"

លោក ព្រំ វិសាល បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​ការ​បញ្ចេញ​នូវ​កម្មវិធី​សាកល្បង​លើកទីមួយ​នេះ ក្រុម​លោក​ក៏​មាន​គម្រោង​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​កម្មវិធី​សំចត ដើម្បី​ឱ្យ​កម្មវិធី​នេះ​កាន់តែ​ល្អ​ប្រសើរ និង​មាន​ស្តង់ដារ។

បច្ចុប្បន្ន​កម្មវិធី​សំចត​បាន​បង្ហាញ​អំពី​មុខងារ​ធំៗ​ចំនួន​ប្រាំមួយ សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ចត​យានជំនិះ និង​ម្ចាស់​ទីតាំង​ចត។

មុខងារ​ទាំងនោះ​មាន​ដូចជា ការធានា​ផ្នែក​សុវត្ថិភាព ការ​កាត់​បន្ថយ​ការប្រើប្រាស់​សំបុត្រ​ចត​យានជំនិះ តាមរយៈ​ការប្រើប្រាស់​កូដ QR សម្រាប់​ផ្ទៀងផ្ទាត់​សំបុត្រ​ជំនួស​វិញ។

ការ​ប្រើ QR Code ដែល​រក្សាទុក​នៅ​ក្នុង​ទូរស័ព្ទ​នេះ ក៏​ជួយ​ទៅដល់​អ្នក​ចត​យានជំនិះ ឱ្យ​ចំណេញ​ពេលវេលា​នៅ​ពេល​ចូល​ចត និង​ចាក​ចេញពី​កន្លែង​ចត ហើយ​ម្យ៉ាងទៀត​វិធី​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាត់​សំបុត្រ​ចត​យានជំនិះ​ផង​ដែរ។

បន្ថែម​ពីលើ​នេះ​កម្មវិធី​សំចត​បាន​គិត​ទៅដល់​ការគ្រប់គ្រង​ប្រាក់​ចំណេញ និង​ការវិភាគ​ទិន្នន័យ កន្លែង​ចត​យានជំនិះ សម្រាប់​ម្ចាស់​ទីតាំង​ចត​យាន​ជំនិះ​អាច​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង និង​ពង្រីក​អាជីវកម្ម​ចត​យានជំនិះ​បាន។

មក​ទល់​ពេល​នេះ​កម្មវិធី​សំចត មាន​ដៃគូ​សហការ​ពី​ខាងក្រៅ​មួយ​ចំនួន​ហើយ​។ ទោះជា​យ៉ាងណា ក្រុមការងារ​របស់​សំចត​នៅ​ត្រូវការ​ដៃគូ​សហ​ការណ៍​ជាច្រើន​ទៀត ដែល​មាន​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ដើម្បី​មក​ជួយ​អភិវឌ្ឍន៍​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ប្រសើរ។

លោក ព្រំ វិសាល សង្កេត​ឃើញ​ថា កម្មវិធី​សំចត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​នៅ​ក្នុង​ស្រុក ជាពិសេស​គឺ​នៅ​ពេល​ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្តីពី បញ្ហា​ប្រឈម និង​ដំណោះស្រាយ ក្នុង​ការ​ចត​យានជំនិះ។

"អំឡុង​ពេល​ដែល​យើង​ចូលរួម​ជាមួយ​កម្មវិធី SmartStart ពួក​យើង​បាន Post (ផ្សាយ) វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយក៏​ទទួល​បាន​នូវ​មតិ​ល្អៗ ហើយ​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បងប្អូន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​គាត់​កំពុង​តែ​រង់ចាំ និង​រំពឹង​ថា​បាន​ប្រើប្រាស់​កម្មវិធី​"សំចត"​ ឆាប់ៗ​នេះ"

ស្ថាបនិក​កម្មវិធី “​សំចត​” គ្រោង​ដាក់​ដំណើរការ​កម្មវិធី​នេះ សម្រាប់​ទូរស័ព្ទ​ដែល​ដំណើរការ​ប្រព័ន្ធ​អែនដ្រយ (Android) និង​ប្រព័ន្ធ​អាយ​អូអេស (IOS)។ កម្មវិធី​នេះ​នឹងដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិតថ្លៃ។

កាលពី​ចុង ខែ​មករា ឆ្នាំ​២០១៩ ក្រុម “​សំចត​” ត្រូវ​បាន​គណៈកម្មការ​ក្នុង​កម្មវិធី SmartStart Young Innovator Program ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Smart និង Impact Hub Phnom Penh បាន​ជ្រើសរើស​ជា​អ្នកឈ្នះ ក្នុង​វគ្គ​ជម្រើស​ប្រាំ​ក្រុម​ចុងក្រោយ។

សមាជិក​ក្រុមកម្មវិធី​ទូរស័ព្ទ "សំចត" ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​ថ្លែង​កោតសរសើរ​ចំពោះ​គំនិត​អាជីវកម្ម​ដំបូង​របស់​ក្រុម “​សំចត​” តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន និង​បាន​ចាត់ទុកថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​ទស្សនៈ​វិស័យ​រួម ក្នុង​ការ​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​មាន​និរន្តរភាព។

បន្ទាប់ពី​ឈ្នះ​ក្នុង​ការ​ប្រកួត ក្រុម “​សំចត​” ទទួល​បាន​ឱកាស​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី និង​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដូចជា ក្រុមហ៊ុន ហ្គូហ្គល (Google) ម៉ៃក្រូសូហ្វ (Microsoft) និង​ក្រុមហ៊ុន លីងអ៊ីន (LinkedIn) ផង​ដែរ។

ស្ថាបនិក​កម្មវិធី​សំចត លោក ព្រំ វិសាល សង្ឃឹមថា​ពលរដ្ឋ​ខ្មែរ​នឹង​ជួយ​គាំទ្រ​ស្នាដៃ​របស់​ពួកគេ នៅ​ពេល​ដែល​កម្មវិធី​នេះ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​លើកដំបូង។

"ពួក​យើង​ជឿ​ថា "សំចត" នឹង​អាច​ជួយ ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ចត​យានយន្ត ជា​មួយ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ភាព​ជឿនលឿន​ជាង​មុន។ សម្រាប់​បង​ប្អូន​ដែល​មិន​ស្គាល់​កម្មវិធី "សំចត" ពួកគាត់​អាច​ស្វែងរក​ពួក​យើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏ដូចជា​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ផង​ដែរ"

បន្ថែម​ពីលើ​នេះ លោក ព្រំ វិសាល ក៏​អំពាវនាវ​ដល់​អ្នក​វិនិយោគ និង​ដៃគូ​សហការ​ដែល​មាន​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ដើម្បី​មក​ជួយ​អភិវឌ្ឍន៍​កម្មវិធី “​សំចត​” ឱ្យ​កាន់តែ​រីកចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។