ការលើកឡើងនេះ ខណៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ទំនិញកម្ពុជានាំទៅលក់នៅអាមេរិក កើនឡើង២២ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ ២.៤ ពាន់លានដុល្លារ។
គណបក្សកម្លាំងជាតិ បានកោតសរសើររដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងបង្ហាញឆន្ទៈសុំចរចាជាមួយសហរដ្ឋអាមេរិក ដោយកម្ពុជាបានបញ្ចុះពន្ធគយពី៣៥% មកត្រឹម៥% លើទំនិញអាមេរិកចំនួន១៩ ដែលចូលមកកម្ពុជា។
សេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃទី១៧ ខែមេសា គណបក្សកម្លាំងជាតិ បានលើកឡើងថា ការធ្វើពាណិជ្ជកម្មជាមួយអាមេរិក លុះត្រាតែរដ្ឋាភិបាលកម្ពុជា ត្រូវលាងជម្រះភាពមន្ទិលសង្ស័យ របស់អាមេរិក គឺកំពង់ផែយោធាសមុទ្ររាម ការស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពបញ្ចេញមតិ ដែលបញ្ហាទាំងនេះ សហរដ្ឋអាមេរិកតែងតែព្រួយបារម្ភ។
គណបក្សកម្លាំងជាតិ ក៏ចង់ឃើញមានការផ្សះផ្សាជាតិ និងដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបារម្ភថា ប្រសិនបើសហរដ្ឋអាមេរិកយកពន្ធពីកម្ពុជា៤៩% នឹងធ្វើឱ្យផលប៉ះពាល់ពលរដ្ឋកម្ពុជារាប់សែននាក់ ដូច្នេះគណបក្សកម្លាំងជាតិ ត្រូវតែចូលរួមផ្ដល់យោបល់ជួនរដ្ឋាភិបាលលើរឿងនេះ។ លោកយល់ថា ប្រសិនបើរដ្ឋាភិបាល ស្ដាប់មតិរបស់គណបក្សកម្លាំងជាតិ កម្ពុជានឹងទទួលបានផលវិជ្ជមានក្នុងការចរចាសុំឱ្យអាមេរិកបន្ធូរបន្ថយពន្ធ។
ខ្ញុំមានជំនឿថា សហរដ្ឋអាមេរិកនឹងលើកលែងឱ្យកម្ពុជាយើង ពីព្រោះយើងដឹងហើយ កម្ពុជាយើងតូចមួយ ដូច្នេះ ប្រសិនបើយើងអនុវត្តទៅតាមការលើកឡើងរបស់គណបក្សកម្លាំងជាតិ យើងនឹងទទួលបានដំណោះស្រាយមួយ ប្រកបទៅដោយវិជ្ជមាន។
— លោក រ៉ុន ឈុន
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី១៨ ខែមេសា។ កាលពីថ្មីៗនេះ រដ្ឋាភិបាល បានបង្កើតក្រុមការងារចំពោះកិច្ច ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន ដើម្បីសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៦មេសាថា ក្រុមការងារចម្រុះដឹកនាំដោយលោក ស៊ុន ចាន់ថុល បានជួបប្រជុំទ្វេភាគីជាមួយប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer ប៉ុន្តែមិនទាន់បង្ហាញពីលទ្ធផលយ៉ាងណានៅឡើយទេ ខណៈកម្ពុជាអះអាងថា ភាគីទាំងពីរឯកភាពជួបចរចាជាថ្មីក្នុងពេលឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។