អាមេរិកដំឡើងពន្ធលើទំនិញបន្ទះសូឡានាំចូលពីកម្ពុជាជាង៣៥០០%

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី២១មេសា បានប្រកាសដំឡើងពន្ធលើការនាំចូលបន្ទះសូឡា ពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាទទូលរងការដំឡើងពន្ធខ្ពស់ជាងគេបង្អស់។

យោង​តាម​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ ដូច​ជា BBC​របស់​អង់គ្លេស និង​CNN​របស់​អាមេរិក​បញ្ជាក់​ថា ក្រុមហ៊ុន​នាំ​ចេញ​បន្ទះ​សូឡា​មួយ​ចំនួន​នៅ​កម្ពុជា ទទួល​រង​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក ជាង​៣​ពាន់ (៣.៥២១)% ខណៈ​បន្ទះ​សូឡា​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ខ្លះ នៅ​ប្រទេស​ថៃ រង​ការ​ដំឡើង​ពន្ធ ៣៧៥% ប្រទេស​វៀតណាម​៣៩៥% និង​ម៉ាឡេស៊ី ៤១%។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​ចិន​មួយ​ចំនួន បាន​ផ្លាស់ប្ដូរ​ប្រតិបត្តិការ​របស់​ខ្លួន មក​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​គេច​ចេញ​ពី​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចេញ​ពី​ចិន​ដី​គោក ដែល​ប្រកាស​ដោយ​ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាល​ពី​អាណត្តិ​ទី​១។

សហរដ្ឋ​អាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត​តាំង​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ក្រុមហ៊ុន​ធំ​ៗ​នៅ​អាមេរិក ដែល​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ផលិត​បន្ទះ​សូឡា បាន​ស្នើ​ទៅ​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃឌិន ឱ្យ​ជួយ​ការពារ​ក្រុមហ៊ុន​ពួកគេ។ ការ​ស្នើ​នៅ​ពេល​នោះ ខណៈ​មាន​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​ចិន ដែល​បង្កើត​រោងចក្រ​នៅ​កម្ពុជា ថៃ វៀតណាម និង​ម៉ាឡេស៊ី ទទួល​បាន​ការ​ឧបត្ថម្ភធន​ពី​រដ្ឋអំណាច​ចិន ដើម្បី​ផលិត​និង​នាំ​ចេញ​បន្ទះ​សូឡា​ក្នុង​តម្លៃ​ថោក​ជាង​ថ្លៃ​ផលិត​ដើម ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​បង្ខូច​ទីផ្សារ ដែល​ជា​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​អាមេរិក។

កាល​ពី​ឆ្នាំ​២០២៣ អាមេរិក​នាំ​ចូល​បន្ទះ​សូឡា​ពី​កម្ពុជា ថៃ វៀតណាម និង​ម៉ាឡេស៊ី ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត​១២​ពាន់​លាន​ដុល្លារ ក្នុង​នោះ នាំ​ចេញ​ពី​កម្ពុជា​ជាង​២​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ពី​សហរដ្ឋអាមេរិក។ ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិក គឺ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុន​នេះ លើ​ការ​ដំឡើង​ពន្ធ​ថ្មី​លើ​បន្ទះសូឡា។

ការ​ប្រកាស​ដំឡើង​ពន្ធ​លើ​បន្ទះ​សូឡា ធ្វើ​ឡើង​ក្រោយ​ពីរ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង មក​កាន់​ប្រទេស​ចំនួន​៣​នៅ​អាស៊ាន គឺ​វៀតណាម ម៉ាឡេស៊ី និង​កម្ពុជា និង​ស្របពេល​កម្ពុជា​និង​ប្រទេស​ជាច្រើន​ទៀត កំពុង​ព្យាយាម​ចរចា​ជាមួយ​អាមេរិក បន្ទាប់​ពី​រង​ការ​ដំឡើង​អត្រា​ពន្ធ​លើ​ទំនិញ​ច្រើន​មុខ ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២២​មេសា​ថា ការ​ដំឡើង​ពន្ធ​លើ​បន្ទះ​សូឡា មិន​ពាន់ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​បដិកា​របស់​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ថ្ងៃ​ទី​០៣​មេសា​នោះ​ទេ។ ក្រសួង​ពាណិជ្ជកម្ម​បន្ត​ថា កន្លង​មក ក្រសួង​និង​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​នៅ​កម្ពុជា ក៏​បាន​ចូលរួម​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ លក់​បង្ខូច​តម្លៃ និង​ការ​ទទួល​ឧបត្ថម្ភធន​នេះ​ដែរ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ​លោក គឹម សុខ មើលឃើញ​ថា ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​បន្ទះ​សូឡា​នាំ​ចូល​ពី​កម្ពុជា និង​ប្រទេស​អាស៊ាន​ទាំង​៣​ផ្សេង​ទៀត ជា​សារ​ព្រមាន​ថា អាមេរិក​មិន​ងាយ​បញ្ចុះ​ពន្ធ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​មក​លើ​ទំនិញ​កម្ពុជា​៤៩% នោះ​ទេ ប្រសិន​បើ​សហរដ្ឋអាមេរិក​រកឃើញ​ដូច​ការ​ចោទប្រកាន់​ថា កម្ពុជា​បាន​លួច​ដាក់​បន្លំ​ផលិតផល​ចិន ថា​ជា​ទំនិញ​ផលិត​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាពេល​កន្លង​មក។

នយោបាយ​ដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក លើ​ផ្ទាំង​សូឡា ពី​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ពី​តំបន់​អាស៊ីអាគ្នេយ៍​នេះ មាន​លក្ខណៈ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​តែម្ដង លើ​ប្រទេស​ទាំងឡាយ ដែល​បង្ហាញ​ចរិត​ល្អូកល្អិន​ជាមួយ​ភាគី​ចិន​ជ្រុលពេក។

—  លោក គឹម សុខ

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស Reuters បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្ត្រី​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា សហរដ្ឋអាមេរិក​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​រកឃើញ​ថា មាន​ករណី​លួច​បន្លំ​ដាក់​ទំនិញ​មក​ពី​ប្រទេសចិន ថា​ជា​ទំនិញ​ផលិត​នៅ​កម្ពុជា ហើយ​នាំចេញ​ទៅ​អាមេរិក​ដើម្បី​គេចចេញ​ពី​វិធានការ​ដំឡើង​ពន្ធ​របស់​អាមេរិក។ នៅ​ពេល​នោះ នាយកដ្ឋាន​គយ​របស់​វៀតណាម ក៏​ប្រកាស​រក​ឃើញ​ការ​លួច​ដាក់​ទំនិញ​ចិន ថា​ផលិត​នៅ​វៀតណាម ដើម្បី​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។