អាស៊ីសេរី​នឹង​តវ៉ា​ជំទាស់​នឹង​ការ​សម្រេច​មិន​ផ្តល់​ជំនួយ​ថវិកា​របស់​រដ្ឋបាល​លោក ត្រាំ

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បញ្ចប់​ការ​ផ្តល់​ជំនួយ​ថវិកា​ដល់​វិទ្យុ​អាស៊ី​សេរី និង​បណ្តាញ​វិទ្យុ​ដៃគូ​ដទៃទៀត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មីនា ម្សិលម៉ិញ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​អំពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ថវិកា​សហព័ន្ធ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (USAGM) ដែល​ជា​ស្ថាប័ន​មេ​គ្រប់គ្រង​លើ​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​៦​របស់​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ក៏​រួមមាន​ទាំង​វិទ្យុ​អាស៊ីសេរី​ផង។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ វិទ្យុ​អាស៊ីសេរី​អាច​ប្រតិបត្តិការ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ទៅកាន់​តំបន់​អាស៊ី និង​សាកលលោក។

ឆ្លើយតប​នឹង​ការ​សម្រេច​នេះ នាយិកា​វិទ្យុ​អាស៊ីសេរី អ្នកស្រី បេយ៍ ហ្វាង (Bay Fang) ថ្លែង​ថា ស្ថាប័ន​វិទ្យុ​អាស៊ីសេរី នឹង​តវ៉ា​ជំទាស់​នឹង​សេចក្តី​សម្រេច​នេះ។

អ្នកស្រី​គូសបញ្ជាក់​ថា ការ​បញ្ចប់​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដល់​វិទ្យុ​អាស៊ីសេរី គឺជា​រង្វាន់​ដល់​មេដឹកនាំ​ព្រៃផ្សៃ និង​ជន​ផ្ដាច់ការ​ទាំងឡាយ រួម​ទាំង​គណបក្ស​កុម្មុយនិស្ត​ចិន​ផង ដែល​ពួកគេ​មិន​ចង់​បាន​អ្វី​ទាំងអស់ ក្រៅតែ​ពី​ឥទ្ធិពល​របស់​ពួកគេ​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​នៅ​លើ​លម្ហ​ព័ត៌មាន។ អ្នកស្រី​សង្កត់​ធ្ងន់​ថា វិទ្យុ​អាស៊ីសេរី បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​ក្រុម​អ្នក​ធ្វើ​គោលនយោបាយ​សហរដ្ឋ​អាមេរិក ឱ្យ​យល់ដឹង​អំពី​ការពិត​នៃ​អ្វី​ដែល​កំពុង​តែ​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​​ក្នុង​តំបន់​អាស៊ី​ដែល​មាន​ការ​រឹតត្បិត ដោយ​នាំ​មក​នូវ​តម្លាភាព និង​គណនេយ្យភាព​ទៅ​ដល់​កន្លែង​ដែល​គ្មាន។

ការ​រាយការណ៍​អំពី​ការ​រកឃើញ​នានា​នៅ​តំបន់​ស៊ីនជាំង (Xinjiang) នៃ​ប្រទេស​ចិន បាន​នាំ​ឱ្យ​រដ្ឋបាល​លោក​ត្រាំ កាលពី​អាណត្តិ​ទី១ ចេញ​នូវ​សេចក្តី​ប្រកាស​ចាត់ទុក​ការ​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ចិន​ថា​ជា​អំពើ​ប្រល័យពូជសាសន៍។

នាយិកា​វិទ្យុ​អាស៊ីសេរី អ្នកស្រី បេយ៍ ហ្វាង កត់សម្គាល់​ថា ការ​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នេះ មិន​ត្រឹមតែ​ដកហូត​សិទ្ធិ​ពី​​មនុស្ស​ជិត​៦០លាន​នាក់​ដែល​ងាក​មក​ពឹងផ្អែក​លើ​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ជា​រៀងរាល់​សប្តាហ៍​ដើម្បី​ស្វែងយល់​ពី​ការ​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​សម្រេច​ដូច្នេះ​ក៏​ផ្តល់​​អត្ថប្រយោជន៍​ដល់​សត្រូវ​របស់​សហរដ្ឋ​អាមេរិក ដោយ​អាមេរិក​ជា​អ្នក​ខាតបង់។

អ្នកស្រី​ គូសបញ្ជាក់​ថា ស្ថាប័ន​វិទ្យុ​អាស៊ីសេរី នឹង​តវ៉ា​ជំទាស់​ទៅ​នឹង​សេក្តី​សម្រេច​ដែល​មិន​បាន​គិតគូរ​វែងឆ្ងាយ​នេះ ហើយ​ស្វែងរក​តាម​គ្រប់​មធ្យោបាយ​នានា​ដែល​ចាំបាច់ ដើម្បី​បន្ត​ការងារ និង​ការពារ​អ្នក​កាសែត​ដ៏​ក្លាហាន​របស់​យើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។