ក្រុម​យុវជន​សកម្ម​ការងារ​សង្គម​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២៤

0:00 / 0:00

ក្រុម​យុវជន​សកម្ម​ការងារ​សង្គម​ចង់​ឃើញ​រដ្ឋាភិបាល បើក​លំហ​សេរីភាព​ការងារ​សកម្មជន​សិទ្ធិមនុស្ស​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០២៤​ខាងមុខ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ការងារ​សង្គម គឺជា​យុវជន​គំរូ ដូច្នេះ​ពួកគេ​គួរ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល ជាជាង​ទទួល​បាន​ការ​គំរាមកំហែង​ពី​ប្រព័ន្ធ​តុលាការ។

តើ​ក្រុម​យុវជន​បាន​ប្រឈម​ការ​គំរាមកំហែង​អ្វីខ្លះ​ពី​អាជ្ញាធរ នៅពេល​ចូលរួម​ការងារ​សង្គម​ក្នុង​ឆ្នាំ​២០២៣? តើ​ពួកគេ​មាន​ក្ដី​រំពឹង​អ្វីខ្លះ​ពី​រដ្ឋាភិបាល នៅក្នុង​ឆ្នាំ​២០២៤​ខាងមុខ?

ក្រុម​យុវជន​សកម្ម​ការងារ​សង្គម​លើកឡើង​ថា អាជ្ញាធរ​មិន​គួរ​បន្ត​ការ​គំរាមកំហែង ចំពោះ​ការ​ចូលរួម​ការងារ​លើ​ក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បរិស្ថាន​នោះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ផៃ ផាន់យ៉ា លើកឡើង​ថា សកម្មជន​ដែល​ស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​តស៊ូ​មតិ​នៅ​ទីសាធារណៈ​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ភាគច្រើន នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ តាមរយៈ​ការ​ស្រង់​ឈ្មោះ ទាមទារ​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ ជាដើម​។ លោក​បន្ត​ថា ក្រុម​យុវជន ចូលរួម​ការងារ​សង្គម លើកកម្ពស់​បរិស្ថាន និង​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ​នោះ គឺជា​រឿង​ស្របតាម​ច្បាប់ និង​ជា​ការ​លើកមុខ​មាត់​រដ្ឋាភិបាល​ទៅវិញ​ទេ។ លោក​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤​នេះ។

លោក ផៃ ផាន់យ៉ា៖ «មានន័យ​ថា ពេល​ដែល​បើកចំហ​សិទ្ធិ​របស់​ពួក​យើង​ហើយ ត្រូវតែ​ទទួលយក​នូវ​ការ​ស្នើ​សុំ ឬក៏​ទាមទារ​របស់​យើង​ហ្នឹង យក​ទៅ​អនុវត្ត​ផង ហើយ​មួយទៀត​ហ្នឹង វា​ក៏បាន​ជួយ​បង្ហាញ​ថា គាត់​បាន​គោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា គាត់​អត់​បាន​ព្យាយាម​បិទ​សិទ្ធិមនុស្ស​ទេ វា​អាច​ជួយ​លាង​ឈ្មោះ​របស់​គាត់​បាន​មួយ​ជាន់​ដែរ​ពី​ឆាក​អន្តរជាតិ»។

បច្ចុប្បន្ន សកម្មជន​ចលនា​មាតា​ធម្មជាតិ ៦​នាក់ នៅតែ​រង​ការចោទប្រកាន់​ពី​តុលាការ​ពី​បទ​រួមគំនិត​ក្បត់​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​និង​បទ ប្រមាថ​ព្រះមហាក្សត្រ​។​សហគមន៍​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក ចាត់ទុក​បទ​ចោទ​ទាំងនោះ ជា​ការ​បំបាក់ស្មារតី​យុវជន​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​ដើម្បី​បរិស្ថាន​ល្អ​នៅ​កម្ពុជា។

យុវជន​សកម្ម​ការងារ​សង្គម កញ្ញា ហេង គីមសួរ លើកឡើង​ថា ដោយសារតែ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​តែងតែ​ចោទប្រកាន់​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ដែល​ហ៊ាន​និយាយ​អំពី​បញ្ហា​សង្គម​នោះ ធ្វើ​ឱ្យ​យុវជន​ភាគច្រើន​នៅតែ​មិន​ហ៊ាន​ចូលរួម​ការងារ​សង្គម​។ កញ្ញា​រំពឹង​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ នឹង​ពិចារណា​ចំពោះ​ការ​ស្នើ​សុំ​របស់​ក្រុម​យុវជន​ជាជាង​បន្ត​ចោទប្រកាន់​ក្រុម​អ្នក​ចេញ​តវ៉ា​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​នោះ។

កញ្ញា ហេង គីមសួរ៖ «សង្គម​មួយ​ដែល​អាច​ផ្លាស់ប្ដូរ​ទៅ​បាន សង្គម​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​ល្អ សង្គម​មួយ​ដែល​អាច​រីកចម្រើន​ទៅមុខ​បាន លុះត្រាតែ​អាជ្ញាធរ​ក៏ដូចជា​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់ ទៅលើ​ប្រជាពលរដ្ឋ​ហើយ​និង​យល់​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ថា តើ​ប្រជាពលរដ្ឋ​ខ្លួន​ចង់បាន​អី​?មិនមែន​ត្រូវការ​ការ​គំរាមកំហែង​ទេ ប៉ុន្តែ​គាត់​ត្រូវ​ការ​ការ​លើកទឹកចិត្ត និង​ការ​ការពារ​ពី​រដ្ឋាភិបាល»។

ក្រៅពី​ក្រុម​យុវជន​បរិស្ថាន កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ ក្រុម​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ក៏​បាន​គំរាមកំហែង​ទៅលើ​ព្រះសង្ឃ​ដែល​សកម្ម​ចូលរួម​ការងារ​សង្គម​ដើម្បី​លើកស្ទួយ​យុត្តិធម៌​សង្គម​ដែរ។

ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចូលរួម​ដំណើរ​ធម្មយាត្រា​លើកកម្ពស់​សិទ្ធិមនុស្ស គឺ​ព្រះអង្គ អិត ខេម មាន​ថេរ​ដីកា​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បញ្ឈប់​ដំណើរ​ធម្មយាត្រា ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​របស់​ព្រះអង្គ​ក៏ដោយ ក៏​ក្រុម​អាជ្ញាធរ​គ្រប់​ខេត្ត តែងតែ​ឃ្លាំមើល និង​ថត​សកម្មភាព​ធម្ម​យាត្រា​ជាប់​ជានិច្ច​តាំងពី​ខេត្ត​សៀមរាប រហូត​មក​ដល់​ក្រុងភ្នំពេញ។ ព្រះអង្គ​ចាត់ទុកថា ការ​ចុះ​ស្រង់​ឈ្មោះ​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ធម្ម​យាត្រា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ពី​សំណាក់​សមត្ថកិច្ច​មកពី​រាជធានី​ភ្នំពេញ ក្រោយពី​បញ្ចប់​ធម្ម​យាត្រា​នៅ​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ គឺជា​ការ​គំរាមកំហែង​មិន​ឱ្យ​ព្រះសង្ឃ​នៅ​ទី​រួម​ខេត្តបាត់ដំបង បន្ត​ចូលរួម​ការងារ​សង្គម។

ព្រះអង្គ អិត ខេម៖ «មួយទៀត​គឺ ធ្វើ​យ៉ាងណា​ដាក់ចិត្ត​ដាក់​កាយ​ថា ការ​និយាយ​ស្ដី ការចរចា ឬក៏​ការ​លើកឡើង​ហ្នឹង​មិនមែន​ជា​ការ​ដើម្បី​បំផ្លាញ​សង្គម​ទេ គឺ​ដាក់​គោលដៅ​ធ្វើ​ម៉េច​ដើម្បី​ប្រយោជន៍​សង្គមជាតិ គឺ​ចង់​ឃើញ​បែប​ហ្នឹង ទាំង​អ្នកនយោបាយ​ដែល​គេ​បំផ្លាញ រំលាយ​បក្ស​ចោល ទាំង​អ្នកនយោបាយ​ដែល​កំពុង​មាន ចង់​ឱ្យ​ធ្វើ​នយោបាយ​ដឹកនាំ​ក្នុង​គណបក្ស​ខ្លួន ធ្វើ​ម៉េច​ដើម្បី​ប្រយោជន៍​ជាតិ ចង់​ឃើញ​បែប​ហ្នឹង​ក្នុង​នាម​ជា​យុវសង្ឃ​ម្នាក់»។

ព្រះអង្គ អិត ខេម រំពឹង​ថា រដ្ឋាភិបាល​នឹង​បើក​លំហ​សេរីភាព​ការងារ​សង្គម​ស៊ីវិល និង​ដោះលែង​សកម្មជន​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ស្ដារ​មុខមាត់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ។

ក្រៅពី​សុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​គំរាមកំហែង​ការ​តស៊ូ​មតិ​តាម​ទី​សាធារណៈ​ហើយ​នោះ យុវជន​សកម្ម​ការងារ​សង្គម​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០២៤ នេះ អនុញ្ញាត​ឱ្យ​ក្រុម​យុវជន និង​ប្រជា​សហគមន៍​នៅ​តាម​តំបន់​អភិរក្ស​ព្រៃឈើ អាច​ចុះ​ល្បាត​ការពារ​ព្រៃឈើ កុំឱ្យ​ឈ្មួញ​ខិលខូច​បន្ត​កាប់​បំផ្លាញ​បន្ត​ទៀត។ ក្រុម​យុវជន​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​អនុញ្ញាត​ឱ្យ​នាំចេញ​ផលិតផល​ឈើ និង​ផ្ដល់​ដី​តំបន់​ឧទ្យាន​ជាតិ ឱ្យ​បុគ្គល​ឯកជន​ធ្វើជា​កម្មសិទ្ធិ​តទៅទៀត​ដែរ។

ឆ្លើយតប​ចំពោះ​ការ​លើកឡើង​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា មាន​ផែនការ​ជាក់លាក់​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​២០២៤​។ ទោះជា​យ៉ាងណា លោក​អះអាង​ថា ការ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​កន្លងទៅ គឺជា​ការ​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ។

លោក សុខ ឥសាន៖ «ការ​ទាមទារ​នេះ វា​ផ្ទុយ​ពី​បរិបទ​នៅ​កម្ពុជា​ហើយ រដ្ឋាភិបាល​កម្ពុជា​អត់​មាន​ចោទ​ប្រកាន់​នរណា​ដែល​ផ្ទុយ​អំពី​គោលការណ៍​ច្បាប់​ទេ អ្នកណា​ដែល​ល្មើសច្បាប់ អាហ្នឹង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង»។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ​។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ចាត់ទុក​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជា​ដៃគូ​អភិវឌ្ឍ ជា​ជាង​បន្ត​គំរាមកំហែង​ទៅលើ​ពួកគេ ខណៈ​លោក​ថា​សកម្មជន​ទាំងនេះ​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ដើម្បី​ប្រយោជន៍​សង្គមជាតិ​។ លោក​បន្ត​ថា បើសិន​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ នោះ​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍ឈ្មោះ​ល្អ នៅ​ឆាក​អន្តរជាតិ​ឡើងវិញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ទៀត​ផង។

លោក ស៊ឹង សែនករុណា៖ «មិនមែន​ការ​លើកឡើង​ទាំងអស់​ហ្នឹង បាន​ផលប្រយោជន៍​ទៅ​ប្រទេស​គេ​ទេ គឺ​បាន​មក​ប្រជាពលរដ្ឋ​កម្ពុជា បាន​មក​មុខមាត់​រដ្ឋាភិបាល​ហ្នឹងឯង អ៊ីចឹង​ខ្ញុំ​យល់​ថា វា​ជា​រឿង​ដែល​គួរតែ​ចាប់​ផ្ដើម​ធ្វើ នៅ​ឆ្នាំ​បន្ទាប់​ហ្នឹងហើយ ព្រោះ​នាយករដ្ឋមន្ត្រី​ថ្មី ដែល​ម្នាក់ៗ​កំពុង​រំពឹង​ថា នឹង​មាន​អ្វី​ដែល​ថ្មី ដើម្បី​ជា​គុណប្រយោជន៍​ដល់​ជាតិ មកដល់​សង្គមជាតិ​យើង​ទាំងមូល ហើយ​បើសិនជា​មិន​មាន​លទ្ធផល​ហ្នឹង​ទេ អ្វីៗ​គេ​អាច​សន្និដ្ឋាន ទៅ​ហ្នឹង​រឿងរ៉ាវ​ដែល​ជា​អតីតកាល​ដដែលៗ​ទេ គ្មាន​អី​ប្រែប្រួល​ទេ»។

ក្រុម​យុវជន​សកម្ម​ការងារ​សង្គម​ទទូច​ឱ្យ​រដ្ឋាភិបាល ពិចារណា​រាល់​សេចក្ដី​ស្នើសុំ​របស់​ពួកគេ​ខាងលើ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។