ក្នុង​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ចិន​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ច្រើន​ជាងគេ ខណៈ​អ្នក​ជំនួញ​ចិន​ខ្លះ​ចូល​មក «បង្ក​ការ​ភ័យខ្លាច» ដល់​ពលរដ្ឋ

0:00 / 0:00

ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ​ក្រុមហ៊ុន​ចិន​បាន​ចូល​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាងគេ​ដែល​មាន​ទំហំ​ទឹកប្រាក់​ទុន​សរុប​ជាង ៣​ពាន់ ២​រយ លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​លើកឡើង​ថា អ្នកជំនួញ​ចិន​ខ្លះ​ចូល​មក​កម្ពុជា​បាន​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​តាមរយៈ​ការ​ធ្វើ​ជំនួញ​ខុសច្បាប់ និង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពុំ​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា រដ្ឋាភិបាល គួរតែ​ស្ដារ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ឱ្យ​ល្អ​ប្រសើរ​ដោយ​គោរព​សិទ្ធិមនុស្ស និង​លុបបំបាត់​អំពើពុករលួយ​រួម​ទាំង​បទល្មើស​ឧក្រិដ្ឋកម្ម​នានា ដើម្បី​ទាក់ទាញ​អ្នកជំនួញ ឬ​ក្រុមហ៊ុន​ពី​ខាង​ប្រទេស​លោក​សេរី ជាជាង​ពឹង​ដង្ហើម​ពី​ខាង​ក្រុមហ៊ុន​ចិន​កុម្មុយនិស្ត​ក្នុង​ការ​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ មករា ថា រោងចក្រ​សហគ្រាស​រាប់​ពាន់​កំពុង​ឈរ​ជើង​នៅ​កម្ពុជា​ភាគច្រើន​គ្រប់គ្រង​ដោយ​ថៅកែ​ជនជាតិ​ចិន​។ ទោះជា​យ៉ាង​លោក​ថា បើ​កម្ពុជា​គ្មាន​ឆន្ទៈ​សម្របសម្រួល​បញ្ហា​នយោបាយ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ពឹង​ផ្នែក​លើ​តែ​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស​ចិន​តែមួយ នោះ​កម្ពុជា​អាច​នឹង​ប្រឈម​ឱនភាព​សេដ្ឋកិច្ចជាតិ​។ ក្រៅ​ពី​នេះ លោក​មើល​ឃើញ​ថា ហេតុផល​ដែល​ក្រុមហ៊ុន ឬ​អ្នកជំនួញ​នៃ​បណ្ដា​ប្រទេស​លោកខាងលិច​ពុំ​សូវ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារតែ​ពួកគេ​អាច​គ្មាន​ជំនឿ​ស្ថិរភាព​នយោបាយ និង​បញ្ហា​ពុករលួយ​ជា​ប្រព័ន្ធ​ជាដើម។

លោក អាត់ ធន់៖ «ជាទូទៅ​ក្រុមហ៊ុន​ធំៗ​កាលណា​គេ​ដាក់​ក្នុង​បញ្ជីខ្មៅ(Black List)ក្រុមហ៊ុន​លោកខាងលិច មិន​ថា នៅ​សហគមន៍​អឺរ៉ុប​ទេ មានន័យថា គេ​អត់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទេ គេ​ពិនិត្យមើល​ច្បាប់​នៅ​ប្រទេស​នោះ ប្រសិន​បើ​ច្បាប់​នៅ​ប្រទេស​នោះ​ល្អ តុលាការ ឯករាជ្យ ព្រោះ​នៅពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​គេ​ត្រូវការ​ដោះស្រាយ​បញ្ហា​តាមច្បាប់ គេ​អត់​ចង់​ឃើញ​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច ទៅ​ដោះស្រាយ ឬ​កំណត់​សេចក្ដី​បានទេ​។ កម្ពុជា មិន​គួរ​ប្រលែង​ប្រទេស​ប្រជាធិបតេយ្យ ប្រទេស​ធំៗ​ខាងលិច ដែល​ជា​ឱកាស​វិនិយោគ និង​ផ្ដល់​ឱ្យ​សេដ្ឋកិច្ច ឬ​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​ទេ»។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ កើតមានឡើង​ស្របពេល​រដ្ឋាភិបាល​បង្ហា​ញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ដាក់​ទុន​វិនិយោគ​បរទេស​នៅ​កម្ពុជា​ដែល​បង្ហាញថា ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ កម្ពុជា​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ក្រុមហ៊ុន ឬ​អ្នកជំនួញ​ជនជាតិ​ចិន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែមករា ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ជិត ៣​រយ​គម្រោង (២៦៨) ដែល​មាន​ទំហំ​វិនិយោគ​សរុប​ជាង ៤​ពាន់ ៩​រយ​លាន​ដុល្លារ។ ប្រភព​ទុន​នៃ​គម្រោង​វិនិយោគ​ភាគច្រើន​បាន​មក​ពី​ក្រុមហ៊ុន​ចិន​ប្រមាណ ៦៦​ភាគរយ ដែល​គ្រប​ដណ្ដប់​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ទេសចរណ៍ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទំហំ​ជា​ទឹកប្រាក់​សរុប​ជាង ៣​ពាន់ ២​រយ​លាន​ដុល្លារ។

ទោះបីជា​យ៉ាងណា ក្រុមហ៊ុន ឬ​អ្នកជំនួញ​ចិន​ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ទាំងនោះ ពួកគេ​មួយចំនួន​ប្រើប្រាស់​ទីតាំង​កម្ពុជា​ធ្វើ​ជំនួញ​ខុសច្បាប់​ស្ថិត​ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​។ ជាក់ស្ដែង​ថ្មីៗ​នេះ ចក្រភព​អង់គ្លេស (UK) បាន​ដាក់​ទណ្ឌកម្ម​អ្នកជំនួញ​ចិន​ដែល​មាន​សញ្ជាតិ​ខ្មែរ ២​នាក់ ដោយ​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ (VISA) ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​។ លើស​ពី​នេះ​ទៀត កន្លង​ទៅ​អាជ្ញាធរ​ក៏​បង្ក្រាប​បាន​អ្នកជំនួញ​ចិន​ជា​ហូរហែ ដោយសារតែ​ពួកគេ​មួយចំនួន​បាន​បើក​រោងចក្រ និង​បាន​នាំចូល​យក​សារ​ធាតុគីមី​ផ្សំ​រាប់​រយ​តោន​ចូល​កម្ពុជា ដើម្បី​ផលិត​គ្រឿងញៀន។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក ស៊ុន ចាន់ថុល ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៧ ខែ​មករា។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​លោក សេង សារី មាន​ប្រសាសន៍​ថា ការ​កៀរគរ​អ្នក​ជំនួញ​បរទេស​មក​បណ្ដាក់ទុន​នៅ​កម្ពុជា គឺជា​កាតព្វកិច្ច​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​ថា កម្ពុជា​ផ្ដោត​តែ​អ្នកជំនួញ​ចិន​ខ្លាំង ដោយ​ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​តាម​ជំនួញ​បែប​ឧក្រិដ្ឋ​របស់​ពួកគេ​។ លើស​ពី​នេះ លោក​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន ឬ​អ្នក​ជំនួញ​ចិន​ខ្លះ​មាន​ឥទ្ធិពល​ប្រកាន់​បក្ខពួក​និយម និង​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​អ្នក​មាន​អំណាច ដែល​សង្គម​កម្ពុជា និង​ពលរដ្ឋ​ពុំ​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព និង​អភិបាលកិច្ច​ល្អ​នោះ​ទេ។

លោក សេង សារី៖ «ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ វិនិយោគិន​ចិន​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ខ្លាច​រអារ ដោយសារ​តែងតែ​មក​ជា​មួយ​ការ​វិនិយោគ​ដែល​មិន​ស្របច្បាប់​បង្កើត​សែស្រឡាយ​បក្ខពួក ហើយ​អ្នក​ដែល​កំពុង​ទទួលផល​អំពី​ការ​វិនិយោគ​របស់​អ្នក​វិនិយោគិន​ចិន មានតែ​មនុស្ស​មួយ​ក្រុម​តូច​ដែល​មាន​ភាពស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។ ដូច្នេះ​ហើយ បញ្ហា​វិនិយោគិន​ចិន​នៅ​កម្ពុជា បញ្ហា​តម្លាភាព និង​វិសមភាព ដែល​កើតឡើង​ក្នុង​ការ​វិនិយោគ​នេះ​កំពុងតែ​មាន​ការ​រីក​រាលដាល​យ៉ាង​ធំ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​ទទួល​បាន​ផល»។

រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិន​ឈានមុខ​គេ​ក្នុង​ការ​បញ្ជូន​អ្នកជំនួញ និង​ក្រុមហ៊ុន​ដែល​មួយ​ភាគ​ពាក់ព័ន្ធ​នឹង​រដ្ឋអំណាច​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ចំណែក​ក្រុមហ៊ុន​ឯកជន​ធំៗ​ពី​ខាង​លោក​សេរី​វិញ គេ​ពុំ​សូវ​មានការ​បោះទុន​វិនិយោគ​លើ​គម្រោង​នៅ​កម្ពុជា​នោះ​ទេ​។ កាលពី​ចុងឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង​ជនជាតិ​អាមេរិកាំង​ឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ប្រតិបត្តិការ ឬ​ពិចារណា​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​បែប​ពុករលួយ សកម្មភាព​ឧក្រិដ្ឋ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។