អ្នក​កាសែត ២​នាក់ រួម​ដំណើរ​ជា​មួយ​លោក ឈុត វុទ្ធី ត្រូវ​ប៉េអិម​ឃាត់​ខ្លួន

ប៉េអិម​បាន​ឃាត់​ខ្លួន​អ្នក​ចុះ​យក​ព័ត៌មាន ២​រូប នៃ​កាសែត The Cambodia Daily ដែល​អ្នក​ទាំង​ពីរ​បាន​រួម​ដំណើរ​ជា​មួយ​លោក ឈុត វុទ្ធី។

និពន្ធ​នាយក​នៃ​ព្រឹត្តិបត្រ The Cambodia Daily លោក ខេវីន ដូលី (Kevin Doyle) បាន​អំពាវនាវ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​សុវត្ថិភាព ដែល​រួម​មាន ឈ្មោះ ភន បុប្ឆា និង​អ្នក​កាសែត​ជន​ជាតិ​អ៊ុយក្រែន​ម្នាក់​ទៀត​ឈ្មោះ អូលីសា ផ្លូកគី (Olesia Plokhii )។

លោក ខេវីន បញ្ជាក់​ថា មក​ដល់​ម៉ោង​ជិត ៦​ល្ងាច​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា អ្នក​កាសែត​ទាំង​ពីរ​កំពុង​ឋិត​នៅ​ក្នុង​កង​ប្រដាប់​អាវុធ ឬ​ប៉េអ៊ឹម នៅ​ក្នុង​ព្រៃ​នៃ​ទី​កើត​ហេតុ នៅ​ខេត្ត​កោះកុង​នោះ។

កាល​ពី​លោក ឈុត វុទ្ធី នៅ​រស់ លោក​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១២ នេះ​ថា ការ​កាប់​ព្រៃ​ឈើ ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ជន​បទ​ចេញ​ពី​ដី​លំនៅឋាន គឺ​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ ដែល​ទាក់​ទិន​ទៅ​នឹង​ក្រុម​ពាណិជ្ជករ​អ្នក​មាន​ប្រាក់។ លោក ឈុត វុទ្ធី បញ្ជាក់​ថា ករណី​នេះ​ជា​បញ្ហា​អាក្រក់​ណាស់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។