ជន​បរទេស​៣​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ព្រះសីហនុ

អាជ្ញាធរ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន​នៅ​កម្ពុជា បាន​ចាប់​បញ្ជូន​បុរស​ជន​បរទេស ៣​នាក់​ពី​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​១៩ មីនា ដើម្បី​ជូន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ការ​ចោទ​ប្រកាន់​ក្រោម​បទ​ប្រព្រឹត្ត​អំពើ​អនាចារ និង​រួម​ភេទ​ជាមួយ​កុមារី​វៀតណាម ក្រោម​អាយុ​ចំនួន ៣​នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រធាន​អង្គការ​សកម្មភាព​ដើម្បី​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ហៅ​ថា Action Pour Les Enfants លោក សំណាង សីលា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃ​ទី​១៧ ដោយ​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​អង្គ​ហេតុ​ដែល​គាត់​នាំ​កុមារី​ជន​ជាតិ​វៀតណាម​ក្រុម​អាយុ ៣​នាក់ ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​ជាមួយ​នឹង​ជន​បរទេស​ដែល​ជា​មិត្ត​ភក្ដិ​របស់​គាត់ ២​នាក់​ទៀត​ដែល​ជា​ជន​ជាតិ​អាមេរិកាំង​និង​ជន​ជាតិ​នូវែលហ្សេឡង់។ នៅ​ក្នុង​នោះ​ប៉ូលិស​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ធ្វើ​ការ​ឃាត់​ខ្លួន​ដោយ​សង្ស័យ​ពី​ការ​នាំ​កុមារ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់ ប៉ុន្តែ​ប៉ូលិស​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ឯ​ក្រុង​ភ្នំពេញ​ឯ​ណេះ គឺ​បាន​ស៊ើប​អង្កេត​ករណី​ហ្នឹង​អស់​រយៈពេល​ជា​យូរ មុន​ពេល​ដែល​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ»

សមត្ថកិច្ច​បាន​បើក​ការ​ស៊ើប​អង្កេត​ជន​បរទេស​ទាំង​បី​នាក់​នោះ​ជា​ច្រើន​ខែ​មក​ហើយ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា កន្លង​ទៅ​នៅ​ខេត្ត​ព្រះសីហនុ។

កុមារី​ជន​ជាតិ​វៀតណាម​ដែល​រង​គ្រោះ​នោះ មាន​ចំនួន ៣​នាក់ មាន​អាយុ​ប្រមាណ ១៦​ឆ្នាំ។ បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា​ក៏​កំពុងតែ​ស៊ើប​អង្កេត​លើ​ឯកសារ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង ដែល​មាន​រូបភាព​អនាចារ និង​រូបភាព​អាសអាភាស​លើ​កុមារី​ដែល​ថា ជា​កូន​ចិញ្ចឹម​របស់​ជនជាតិ​អូស្ត្រាលី​រូប​នោះ​ផង។

កាល​ពី​ថៃ្ង​ទី​១ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ លោក John T. Morton ជា​ឧបការី​ក្រសួង​សន្តិសុខ​មាតុភូមិ សហរដ្ឋ​អាមេរិក ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ថា លោក​បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​មួយ ជាមួយ​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ធ្វើ​បត្យាប័ន ដោយ​ចាប់​បញ្ជូន​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​មក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ឬ​រួម​ភេទ​ជាមួយ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​អាមេរិក​វិញ ដើម្បី​ទទួល​ការ​កាត់​ទោស។ អាជ្ញាធរ​កម្ពុជា បាន​គាំទ្រ​និង​សាទរ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ៕