លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធនៃដំណើរមកដល់នៃយន្តហោះប្រភេទ A340 របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នៅរសៀលថ្ងៃទី៣១ ខែមីនា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ដំណើរមកដល់នៃជើងហោះហើរផ្ទាល់ពីប្រទេសបារាំង មកកម្ពុជាពេលនេះ នឹងនាំឲ្យចំនួនភ្ញៀវទេសចរណ៍កើនច្រើនទៅថ្ងៃអនាគត។ ក្រៅពីនេះ ក៏អាចនាំឲ្យចំនួនអ្នកវិនិយោគទុកមកពីប្រទេសអឺរ៉ុប ចូលមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កើនច្រើនផងដែរ។
លោក សុខ អាន ឲ្យដឹងដូច្នេះ ៖ «ការសម្រេចបើកឲ្យមានការហោះហើរឡើងវិញនេះ គឺពិតជាត្រឹមត្រូវ ពីព្រោះថា សេចក្ដីសម្រេចចិត្តនេះគឺចំពេលដែលប្រទេសកម្ពុជា បាននិងកំពុងរីករាយជាមួយនឹងសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
សេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បានឲ្យដឹងថា ក្រុមហ៊ុននេះធ្លាប់បានហោះហើរត្រង់មកកម្ពុជា ម្ដងរួចមកហើយ នៅចន្លោះពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៧៤ ប៉ុន្តែក្រោយមកត្រូវបានខកខានទៅវិញដោយសារតែប្រទេសកម្ពុជា បានកើតមានសង្គ្រាមស៊ីវិល។
យ៉ាងនេះក្ដី លោក សុខ អាន បន្តថា វត្តមានរបស់ក្រុមហ៊ុនបារាំង ជាថ្មីឡើងវិញនៅកម្ពុជាពេលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំង កាន់តែជិតស្និទ្ធ ហើយក៏ជាសញ្ញាវិជ្ជមានមួយដល់ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត មកបណ្ដាក់ទុនលើវិស័យអាកាសចរណ៍ចូលមកកម្ពុជាផងដែរ។
លោក សុខ អាន បន្ថែម ៖ «ជារួមសក្ដានុពលនៃកំណើនភ្ញៀវទេសចរណ៍រួមជាមួយនឹងសង្ឃឹមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា គឺពិតជាចំណេញសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ ជាពិសេសវិស័យអាកាសចរណ៍»។
នាយកប្រតិបត្តិក្រុមអាកាសចរណ៍បារាំង Air France បានឲ្យដឹងក្នុងសន្និសីទកាសែតនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែមីនា ថា ការបង្កើតឲ្យមានជើងហោះហើរពីប្រទេសបារាំង មកកម្ពុជាជាថ្មីម្ដងទៀត ក្រៅពីបង្កលក្ខណៈដល់អ្នកវិនិយោគទុន និងអ្នកទេសចរណ៍ពីអឺរ៉ុប ចូលមកកម្ពុជា ជើងហោះហើរនេះក៏នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ប្រមាណ ៨ម៉ឺននាក់ ធ្វើដំណើរមកកម្ពុជា ផងដែរ។
ប្រភពដដែលបានព្យាករថា ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នឹងធ្វើការហោះហើរពីប្រទេសបារាំង មកកម្ពុជា និងពីកម្ពុជាទៅបារាំង ក្នុង១សប្ដាហ៍ ៣ជើង ដោយក្នុងគម្រោងនេះក្រុមហ៊ុនអាចព្យាករថា ៧០% នៃអតិថិជនគឺមកពីប្រទេសបារាំង ១០% មកពីគ្រប់ទិសទីនៃទ្វីបអឺរ៉ុប និង ២០% ទៀត មានប្រភពមកពីកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បានឲ្យដឹងថា ក្រុមហ៊ុននេះបានបង្កើតឲ្យមានជើងហោះហើរត្រង់ពីប្រទេសបារាំង ឆ្ពោះទៅកាន់ប្រទេសចំនួន ២៤ នៅលើពិភពលោក រាប់បញ្ចូលទាំងប្រទេសកម្ពុជាពេលនេះផង។
ដំណើរមកដល់នៃក្រុមហ៊ុនបារាំង Air France ហោះត្រង់មកកម្ពុជា ពេលនេះ ត្រូវបានមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីបក្សប្រឆាំងនៅកម្ពុជា បានសម្ដែងមោទនភាពថា វត្តមាននៃក្រុមហ៊ុនអាកាសចរណ៍នេះនឹងអាចនាំឲ្យកំណើនភ្ញៀវទេសចរណ៍កើនច្រើនថែមទៀតទៅថ្ងៃអនាគត។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលព្រៃវែង គណបក្សសិទ្ធិមនុស្ស បានថ្លែងការសាទរវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង ហោះត្រង់មកកម្ពុជាពេលនេះ ពិតជានាំឲ្យចំនួនភ្ញៀវទេសចរណ៍កើនឡើយ។ ប៉ុន្តែទន្ទឹមនេះ កម្ពុជាខ្លួនឯងគួរពង្រឹងនូវសេវាបម្រើផ្នែកទេសចរណ៍ជូនភ្ញៀវអន្តរជាតិឲ្យបានល្អ មានដូចជាសេវាម្ហូបអាហារ សេវាស្នាក់នៅ សេវាដឹកជញ្ជូន និងការថែរក្សាតំបន់ទេសចរណ៍ឲ្យមានអនាម័យជាដើម។
លោក សុខ អាន បានឲ្យដឹងថា ប្រទេសកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយបើកចំហជើងមេឃនៅឆ្នាំ១៩៩៧ ដើម្បីបើកច្រកឲ្យមានក្រុមហ៊ុនអាកាសចរណ៍មកពីគ្រប់ទិសទីចូលមកបោះទុនរកស៊ីនៅកម្ពុជា ដោយគ្មានការហាមឃាត់។
ផ្ដើមពីការបង្កើតឲ្យមានគោលនយោបាយបើកចំហជើងមេឃ លោក សុខ អាន បានឲ្យដឹងថា នាំឲ្យចំនួនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា កើនពី១ឆ្នាំទៅ១ឆ្នាំ។ លោកថា កាលពីឆ្នាំ២០១០ កន្លងទៅ ភ្ញៀវទេសចរណ៍អន្តរជាតិដែលចូលមកទស្សនាកម្ពុជា មានចំនួនជាង ២,៥លាននាក់ គឺបានកើនជាង ១៦% ក្នុងនោះមកពីអឺរ៉ុបមានជាង ៤៩ម៉ឺននាក់ កើនជាង ១៩% បើប្រៀបធៀបឆ្នាំ២០០៩ ក្នុងនោះ ១១៣ពាន់នាក់ជាភ្ញៀវមកពីប្រទេសបារាំង។
លោក សុខ អាន ឲ្យដឹងបន្តទៀតថា បើគិតក្នុងរយៈពេល ២ខែដំបូងក្នុងឆ្នាំ២០១១ ប្រៀបនឹងពេលវេលាដូចគ្នាឆ្នាំ២០១០ ភ្ញៀវទេសចរណ៍បានចូលមកកម្ពុជា មានចំនួនជាង ១២ម៉ឺននាក់ គឺបានកើនឡើងជាង ២៣% បើធៀប២ខែដំបូងឆ្នាំ២០១០ ក្នុងនោះភ្ញៀវមកពីប្រទេសបារាំង មានជាង ២ម៉ឺននាក់ គឺបានកើនចំនួនជាង ១៣%៕