លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានតាមដានសំណុំរឿងនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ករណីរបស់លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត នោះ គឺស្រដៀងគ្នានឹង ប៊ន សំណាង និង សុខ សំអឿន ផងដែរ ដែលជាឃាតករសិប្បនិម្មិត។
លោក អំ សំអាត មានប្រសាសន៍ដូច្នេះថា ៖ «ទាក់ទងនឹងជនសង្ស័យម្នាក់ដែលឈ្មោះ ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ដ ក៏ប៉ុន្តែតាមការស៊ើបអង្កេតរបស់ខាងអង្គការសង្គមស៊ីវិល យើងឃើញថាជនសង្ស័យឈ្មោះ ថាច់ សាវ៉េត ឬក៏ ច័ន្ទ សុភ័ក្រ្ដ គឺជាឃាតករសិប្បនិម្មិត វាមិនខុសពីរឿង ប៊ន សំណាង និង សុខ សំអឿន នោះទេ»។
លោក សម ចំរើន ជាមេធាវីរបស់លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត បានមានប្រសាសន៍ថា កូនក្តីរបស់លោកជាមនុស្សគ្មានកំហុសអ្វីទ្បើយក្នុងសំណុំរឿងឃាតកម្មលើរូបលោក រស់ សុវណ្ណារ៉េត នោះ។
លោក សម ចំរើន មានប្រសាសន៍ថា ៖ «ខ្ញុំបានត្រៀមឯកសារ ត្រៀមសាក្សីអីរួចរាល់ហើយ»។
សុខ សេរី ៖ ដើម្បីបញ្ជាក់ថា កូនក្ដីរបស់លោកជាពិរុទ្ធជន ឬក៏បញ្ជាក់ថា កូនក្ដីរបស់លោកជាមនុស្សបរិសុទ្ធ?
សម ចំរើន ៖ បញ្ជាក់ថា កូនក្ដីរបស់ខ្ញុំអត់បានប្រព្រឹត្តក្នុងរឿងហ្នឹងទេ មិនមែនជាឃាតករក្នុងរឿងហ្នឹង។
មិនអាចទាក់ទងមន្រ្តីនៃតុលាការសាលាឧទ្ធរណ៍បានភ្លាមៗទេ នៅថៃ្ងពុធនេះជុំវិញការអះអាងខាងលើនេះ។
លោក ខៀវ សុភ័ក្រ្ត ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «សំខាន់ច្បាប់កំណត់យ៉ាងម៉េច តុលាការលោកនឹងវិនិច្ឆ័យទៅតាមវត្ថុតាង ទៅតាមសាក្សី ទៅតាមអ្វីដែលមានដើម្បីដាក់បន្ទុកនោះ យើងរង់ចាំសេចក្ដីសម្រេចរបស់តុលាការទៅ»។
លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងភ្នំពេញ បានចាប់ខ្លួនក្រោមបទចោទប្រកាន់និងសង្ស័យថា បានធ្វើមនុស្សឃាតលើរូបលោក រស់ សុវណ្ណារ៉េត កាលពីថៃ្ងទី៧ ខែឧសភា ឆ្នាំ២០០៤ កន្លងទៅ។
ក្រោយមក តុលាការក្រុងភ្នំពេញបានកាត់ទោសរូបលោកឲ្យជាប់គុករយៈពេល ១៥ឆ្នាំ កាលពីឆ្នាំ២០០៥ កន្លងទៅ ក្រោមបទចោទប្រកាន់ថា លោកបានធ្វើមនុស្សឃាតលើរូបលោក រស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មករកម្ពុជា ប្រចាំនៅរោងចក្រកាត់ដេរឈ្មោះ កុមារ ទុងហ្គា ជាយទីក្រុងភ្នំពេញ។
ប៉ុន្តែសកម្មជនការពារសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា គ្មានភស្តុតាង ឬសាក្សីណាមួយ ត្រូវបានគេបង្ហាញក្នុងការចោទប្រកាន់និងកាត់ទោសកន្លងមកនោះទេ លើជនសង្ស័យឈ្មោះ ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្តនោះ៕