កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ

ប្រទេស​កម្ពុជា គ្រោង​បើក​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេងកាត និង​ឧស្ម័ន​នៅ​ឆ្នាំ​២០១២ ខាង​មុខ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អាជីវកម្ម និង​ចំណូល​ធនធាន​ប្រេង និង​ឧស្ម័ន​នោះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា និង​ចងក្រង​នៅ​ឡើយ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ជំនាញ​កំពុង​តែ​មមាញឹក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន ដើម្បី​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ល្អ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ នៅ​មុន​ពេល​ការ​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​មាន​ចំនួន​២ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា មន្ត្រី​ជំនាញ​កំពុង​តែ​សិក្សា និង​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នេះ​បាន​ចំនួន​ភាគ​ច្រើន​ហើយ។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «គឺ​យើង​សិក្សា​ច្រើន យើង​ទាក់ទង​នឹង​អ្នក​ជំនាញការ​ក៏​ទាក់ទង​ដែរ ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ​ក៏​យើង​ទាក់ទង​ដែរ ដើម្បី​ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​ប្រេងកាត​មួយ​ដែល​ល្អ ហើយ​ដែល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ដល់​ការ​អភិវឌ្ឍ​កម្ពុជា។ ព្រោះ​រឿង​ហ្នឹង​មិន​អាច​បរទេស​ណា​មក​ធ្វើ​ជំនួស​យើង​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​ទេ»

លោក សុខ អាន មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​កាលបរិច្ឆេទ​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា?

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​កម្ពុជា នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១២​យប់។

មាន​មន្ត្រី​ជំនាញ​មក​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​មក​ពី​អង្គការ យូអ៊ិនឌីភី (UNDP) បាន​ចូលរួម​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ច្រើន​ពី​សង្គម​ស៊ីវិល​នៅ​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក​បន្ថែម ៖ «ចង់​ឲ្យ​ខ្លឹមសារ​ច្បាប់​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្ដល់​សម្បទាន ការ​ធ្វើ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល ហើយ​និង​ដំណើរការ​នៃ​ការ​គ្រប់គ្រង​នេះ​ឲ្យ​វា​មាន​លក្ខណៈ​តម្លាភាព»

សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​បញ្ជាក់​នៅ​ឆ្នាំ​២០០៥ ថា ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​អណ្ដូង​ប្រេងកាត​ចំនួន ៤​កន្លែង នៅ​ប្លុក​អេ (block A) នៅ​បាត​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕