ការផ្ដន្ទាទោសនេះ គឺចៅក្រមនៃតុលាការយោធាលោក ប៉ោក ប៉ន បានផ្អែកតាមបទចោទចំនួន ៥ករណី។ ទី១ លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤១ឆ្នាំ បានរំលោភលើសេចក្ដីទុកចិត្តពិសេស តាមមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ ទី២ បំផ្លិចបំផ្លាញសម្ភារៈក្រសួងការពារជាតិ សម្រាប់បម្រើការប្រយុទ្ធតាមមាត្រា ៤៤៧ នៃក្រមព្រហ្មទណ្ឌ។ ទី៣ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រសួងការពារជាតិ និងកេងប្រវ័ញ្ចតាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ។ ទី៤ ចែកចាយអាវុធខ្លីខុសច្បាប់ចំនួន ៧៣ដើម តាមមាត្រាទី ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងទី៥ ខ្វះស្មារតីទទួលខុសត្រូវគ្រប់គ្រងអង្គភាពអង្គរក្សឲ្យបានល្អប្រសើរ។
ក្រៅពីនេះ តុលាការយោធាបានបង្គាប់ឲ្យលោក ឈឿន ចាន់ថន សងប្រាក់លោក យឹម លៀង ចំនួន ២លានដុល្លារអាមេរិក។ សងប្រាក់ឲ្យលោក មាស គឹមហេង ចំនួនជាង ៧៤ម៉ឺនដុល្លារអាមេរិក។ បើសិនណាគ្មានប្រាក់សងទេ តុលាការយោធារឹបអូសទ្រព្យសម្បត្តិដើម្បីទូទាត់សំណងនេះ។
តុលាការយោធាក៏បានបង្គាប់ឲ្យលោក ឈឿន ចាន់ថន នោះ សងប្រាក់ចំនួនជាង ៨៩ម៉ឺនដុល្លារអាមេរិកទៀត ជូនលោក ង៉ែត ណារិន តំណាងឲ្យក្រសួងការពារជាតិ។ បើសិនណាគ្មានប្រាក់សងទេ តុលាការយោធារឹបអូសដីឃ្លាំងប្រេង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងរឹបអូសដីជាអតីតកន្លែងបាញ់ស៊ីប នៅកំបូល ឲ្យក្រសួងការពារជាតិគ្រប់គ្រងវិញ។
តុលាការយោធាក៏បានប្រកាសរឹបអូសអតីតបន្ទាយអង្គរក្សនៅក្រោយវត្តបទុមវតីនៅរាជធានីភ្នំពេញ ប្រគល់ឲ្យលោក ជា ស៊ីម វិញ។
ប្រធានចៅក្រមប្រឹក្សានៃតុលាការយោធា លោក ប៉ោក ប៉ន បានអានសាលក្រមថា សាលក្រមនេះគឺផ្អែកតាមការស៊ើបអង្កេតចំលើយសាក្សី និងសេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញា មេធាវីដើមចោទ និងមេធាវីចុងចោទនៅក្នុងសវនាការ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។
លោកបានបញ្ជាក់ទៀតថា តុលាការយោធាបើកផ្លូវឲ្យប្ដឹងទាស់សាលក្រមនេះទៅសាលាឧទ្ធរណ៍ទៀតក្នុងរយៈពេល ៣០ថ្ងៃ កំណត់ដោយច្បាប់៖ «សម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ ឈឿន ចាន់ថន ហៅ ម៉ៅ ដែលមានក្នុងដីកាសម្រេចឃាត់របស់ចៅក្រមស៊ើបសួរលេខ ១៨៤ (ប.ក.ស.រ.) ចុះថ្ងៃទី២៣ ខែ៨ ឆ្នាំ២០១១ និងដីកាសម្រេចលេខ ១៨៦ (ប.ក.ស.រ.) ចុះថ្ងៃទី២ ខែ១២ ឆ្នាំ២០១១»។
អតីតមេបញ្ជាការកងអង្គរក្សរបស់លោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន បាននិយាយប្រាប់អ្នកកាសែតក្រោយការប្រកាសសាលក្រមថា លោកនឹងប្ដឹងទាស់សាលក្រមនេះទៅសាលាឧទ្ធរណ៍ទៀត។
ចំណែកឯមេធាវីការពារក្ដីឲ្យក្រសួងការពារជាតិ និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គឺលោក ណាច ទ្រី បានមានប្រសាសន៍ថា លោករង់ចាំមើលឯកសារសាលក្រមនេះសិន។
ការប្រកាសសាលក្រមដោយតុលាការយោធានេះ គឺជាសំណុំរឿងទី២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសំណុំរឿងទី១ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ បានផ្ដន្ទាទោសឲ្យលោក ឈឿន ចាន់ថន ជាប់គុកចំនួន ១០ឆ្នាំ និងផាកពិន័យចំនួន ៥លានរៀល ស្មើនឹង ១.២៥០ដុល្លារអាមេរិក ក្រោមបទកាន់កាប់អាវុធខុសច្បាប់ និងពីបទចេញប័ណ្ណឲ្យកាន់កាប់អាវុធខ្លីខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។