ក្នុងរបាយការណ៍ប្រមាណ ៧០ទំព័រនោះ គេរកឃើញថា ប្រេងកាតនិងរ៉ែក្រោមដីផ្សេងៗទៀត អាចនឹងរលាយហិនហោច ហើយមិនបានផ្តល់ផលដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយសារតែអំពើពុករលួយ គ្រួសារនិងបក្សពួកនិយម។
គេថា រ៉ែធម្មជាតិទាំងនោះ មានដូចជាប្រងកាតនិងឧស្ម័នធម្មជាតិជាដើម ស្ថិតក្នុងកណ្តាប់ដៃអ្នកនយោបាយមួយក្រុមដដែល ដែលធ្លាប់បំផ្លាញធនធានព្រៃឈើកន្លងមក។
លោក ឱម យ៉ិនទៀង ទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្រ្តី ដែលអង្គការ Global Witness ចោទថា មានជំពាក់ជំពិនក្នុងរបរធ្វើរ៉ែថ្មកែវ បានបដិសេធរបាយការណ៍នោះ ហើយថា ជាការបំផ្លាញកម្ពុជាតាមរយៈស្លាបប៉ាកការបស់គេ។
មកទល់ពេលនេះ មានក្រុមហ៊ុនជាង ៧៥ កំពុងរុករករ៉ែក្នុងទឹកដីខ្មែរ។ រដ្ឋាភិបាលបានផ្តល់កិច្ចសន្យាសម្បទានជាង ១០០ ហើយបើគិតជាទឹកប្រាក់ស្មើនឹង ៤០៣លានដុល្លារ កាលពីឆ្នាំ២០០៦។ អង្គការនោះចង់ឃើញឲ្យមានតម្លាភាព និងបំបាត់អំពើពុករលួយ។
កាលពីឆ្នាំ២០០៨ អង្គការ Transparency International ធ្វើចំណាត់ថ្នាក់កម្ពុជា លេខ១៦៦ ក្នុងចំណោមប្រទេសពុករលួយ ១៨០ លើពិភពលោក។
អំពើពុករលួយ បានរាលដាលដល់ក្នុងសាលាក្តីខ្មែរក្រហមទៀត ដែលថ្មីៗនេះ ធ្វើឲ្យសមាជិកសភាអាល្លឺម៉ង់ ប្រកាសថា គេនឹងមិនផ្តល់ថវិកាជំនួយដល់ស្ថាប័ននេះទេ បើដោះស្រាយរឿងស៊ីសំណូកទីនោះមិនចេញជាអ្វីទេនោះ៕