តុលាការ​នឹង​បើក​សវនាការ​លើ​ជន​សង្ស័យ​​ក្នុង​​អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ស្អែក

តុលាការ​ក្រុង​ភ្នំពេញ គ្រោង​បើក​សវនាការ​កាត់​ទោស​ក្រុម​ជន​សង្ស័យ ៥​នាក់ នៅ​ថ្ងៃ​១៧ កញ្ញា ពី​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម បង្កៃ​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០០៩ កន្លង​ទៅ និង​បាន​កេណ្ឌ​បណ្ដុះបណ្ដាល​ក្រុម​ភេរវជន​កាល​ពី​ចន្លោះ​ឆ្នាំ​២០០៥-​២០០៩។

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឲ្យ​ឈ្មោះ សោម ឯក គឺ​លោក សំ សុគង់ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​តទល់​ក្ដី​នេះ​នៅ​ក្នុង​សវនាការ​ខាង​មុខ។

លោក សំ សុគង់ មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «អត់​មាន​ភស្តុតាង​អី​ជាក់លាក់​ដែល​បង្ហាញ​ថា កូន​ក្ដី​ខ្ញុំ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ជា​ចលនា ឬ​គណបក្ស​នយោបាយ ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ»

សវនាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា គឺ​ជា​សវនាការ​លើក​ទី​៥​ហើយ ក្រោយ​ពី​សវនាការ​ជា​បន្ត​បន្ទាប់​​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៩​មក។

ជន​សង្ស័យ​ចំនួន ៥​នាក់​នោះ មាន​ដូច​ជា​ទី​១ ឈ្មោះ សោម ឯក ជា​មេខ្លោង ទី​២​ឈ្មោះ ភី សុវឹង ទី​៣ ឈ្មោះ ទ្បឹក ប៊ុនញៀន ទី​៤ ឈ្មោះ ពៅ វណ្ណារ៉ា និង​ទី​៥ ឈ្មោះ ជា កឹមយ៉ាន ដែល​រង​ការ​ចាប់​ខ្លួន​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល និង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជាដើម ដោយ​សមត្ថកិច្ច​កម្ពុជា។

ជន​សង្ស័យ​ឈ្មោះ សោម ឯក ឬ​ហៅ ទីតូ ដែល​ជា​អតីត​មន្ត្រី​យោធា​ផង​ដែរ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩ ជាមួយ​នឹង​ភស្តុតាង ដូចជា​សារធាតុ​ផ្សំ​គ្រឿង​ផ្ទុះ និង​ឯកសារ​នានា ស្ដីពី​រូបមន្ត​ផ្សំ​គ្រឿង​ផ្ទុះ​ជាដើម។ ក្នុង​សវនាការ​កន្លង​មក​លោក​បាន​ឆ្លើយ​ថា លោក​បាន​បង្កើត​ចលនា​ក្បាល​ខ្លា​រំដោះ ឬ​រណសិរ្ស​រួបរួម​ជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ចោទ​ថា ជា​រដ្ឋាភិបាល​ពុករលួយ និង​រណប​ប្រទេស​វៀតណាម។

លោក សោម ឯក និង​ជន​សង្ស័យ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​នគរបាល​កម្ពុជា បាន​ចោទ​ប្រកាន់​ផង​ដែរ​ក្នុង​ការ​ពាក់ព័ន្ធ​នឹង​ការ​បង្កៃ​គ្រឿង​ផ្ទុះ​មិន​បាន​សម្រេច​ដើម្បី​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧ កន្លង​ទៅ។

ភរិយា​របស់​ជន​សង្ស័យ​ឈ្មោះ ទ្បឹក ប៊ុនញៀន គឺ​លោកស្រី ម៉ុក ណារី អាយុ ៤០​ឆ្នាំ បាន​ថ្លែង​ថា ៖ «ជួយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ខ្ញុំ​ផង ពីព្រោះ​ប្ដី​ខ្ញុំ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»

នៅ​មុន​ការ​បើក​សវនាការ​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា គឺ​លោក​ឧត្ដមសេនីយ៍​ឯក គៀត ចន្ថារិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ស្ថាប័ន​អនុវត្ត​ច្បាប់ គឺ​ចង់​ឲ្យ​ធ្វើ​ម៉េច​ឲ្យ​តុលាការ​អនុវត្ត​តាម​ច្បាប់​ទៅ​តែប៉ុណ្ណឹង។ រឿង​ធ្ងន់​ស្រាល​អី​នោះ យើង​មិន​ហ៊ាន​និយាយ​ទេ គឺ​ជា​រឿង​តុលាការ ពីព្រោះ​តុលាការ​ឯករាជ្យ»

អាជ្ញាធរ​នគរបាល​កម្ពុជា ធ្លាប់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រាប់​សិប​នាក់​របស់​ក្រុម​ចលនា​កងទ័ព​សេរី​កម្ពុជា ឬ​កាត់​ជា​ភាសា​អង់គ្លេស​ថា CFF បាន​ដឹក​នាំ​ដោយ​លោក ឈុន យ៉ាសិទ្ធិ ដែល​បាន​បើក​ការ​វាយ​ប្រហារ​កាល​ពី​ឆ្នាំ​២០០០ កន្លង​ទៅ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​មិន​បាន​សម្រេច។

ជន​សង្ស័យ​រាប់​សិប​នាក់​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត ក្នុង​នោះ​មាន​លោក រីឆាត គីរីគីម (Richard Kirikim) ផង​ដែរ ជា​ខ្មែរ​អាមេរិកាំង។

លោក ឈុន យ៉ាសិទ្ធិ អាយុ ៥៣​ឆ្នាំ ជា​មេខ្លោង​ដែល​ជា​​ខ្មែរ​អាមេរិកាំង​ផង​ដែរ​នោះ ត្រូវ​បាន​តុលាការ​សហរដ្ឋ​អាមេរិក បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​គុក​មួយ​ជីវិត កាល​ពី​ខែ​សីហា ឆ្នាំ​២០០៨ កន្លង​ទៅ ក្រោម​បទ​បាន​ប្រព្រឹត្ត និង​រៀបចំ​សកម្មភាព​យោធា​ក្រៅ​សហរដ្ឋ​អាមេរិក៕