លោកស្រី មូរ សុខហួរ បានដើរចូលទៅស្តាប់ការប្រកាសសាលក្រមនៅក្នុងតុលាការតែម្នាក់ឯង ដោយគ្មានមេធាវីការពារទេ ប៉ុន្តែមានក្រុមអ្នកឃ្លាំមើលនិងអ្នកគាំទ្ររាប់សិបនាក់នៅខាងក្រៅតុលាការដើម្បីសម្ដែងការគាំទ្រ ហើយលោកស្រីបានមានប្រសាសន៍ប្រតិកម្មភ្លាមៗនៅខាងក្រៅតុលាការក្រុងភ្នំពេញថា លោកស្រីមិនទទួលស្គាល់សាលក្រមនេះទេ។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ៖ «ខ្ញុំឃើញច្បាស់ថា គឺជាការសម្រេចឈរទៅលើការបញ្ជានៃអ្នកនយោបាយ ហើយជាការសម្រេចមួយធ្វើឲ្យយើងជាប្រជាពលរដ្ឋស្លូតត្រង់ ហើយខ្ញុំជាជនរងគ្រោះ ក្លាយទៅជាទទួលទោស»។
ការប៉ះទង្គិចរវាងប៉ូលិសនិងអ្នកគាំទ្រមូរ សុខហួរ
នៅចំពោះមុខលោកស្រី មូរ សុខហួរ និងលោក គី តិច ដែលជាមេធាវីរបស់លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជានោះ លោកស្រី សែម សក្ត័កាទ្បា ជាចៅក្រមជម្រះក្តី បានអានសាលក្រមរយៈពេលខ្លីថា តុលាការសម្រេចផ្តន្ទាទោសលោកស្រី មូរ សុខហួរ ចំនួន៨លាន៥សែនរៀល ក្រោមបទបរិហារកេរ្តិ៍ ក្រោមមាត្រាទី៦៣ថ្មីនៃច្បាប់អន្តរកាលសម័យ UNTAC ហើយបង្គាប់ឲ្យលោកស្រីបង់ប្រាក់សំណងជំងឺចិត្តចំនួន៨លានរៀលទៀតទៅដើមបណ្តឹង គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចៅក្រមដដែលបានបញ្ជាក់ថា តុលាការបានសម្រេចលើកលែងការចោទប្រកាន់លើលោក គង់ សំអុន ក្រោមបទបរិហារកេរ្តិ៍នោះ ដោយសារតែលោកបានភ្ញាក់រឭកសុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានសុំឲ្យមានការលើកលែងការចោទប្រកាន់នោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដកពាក្យបណ្តឹងហើយតាមរយៈមេធាវីរបស់លោក គឺលោក គី តិច កាលពីពេលថ្មីៗនេះ។
គេសង្កេតឃើញមានវត្តមានក្រុមកងកម្លាំងនគរបាលចម្រុះជាង១០០នាក់រឹតបន្តឹងសណ្តាប់ធ្នាប់និងសន្តិសុខយ៉ាងរឹងមាំ និងមានវត្តមានក្រុមតំណាងសា្ថនទូតបរទេស សង្គមស៊ីវិល និងតំណាងរាស្រ្តគណបក្សសមរង្ស៊ី បានមកចូលរួមស្តាប់សាលក្រមនោះ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលជាដៃគូរសម្ព័ន្ធភាពជាមួយគណបក្សសមរង្ស៊ីដែលបានចូលរួមស្តាល់សាលក្រម នៅថ្ងៃអង្គារ ទី៤ ខែសីហានេះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅខាងក្រៅតុលាការថា ៖ «ដែលសម្រេចឲ្យលោកជំទាវ សុខហួរ បង់លុយនេះ ជាភាពអយុត្តិធម៌ណាស់ ព្រោះលោកជំទាវ សុខហួរ អត់មានអីខុសសោះ»។
ប្រជាពលរដ្ឋម្នាក់ជាជនពិការដើរដោយឈើច្រត់ទាំងសងខាងបានថ្លែងថា ៖ «ខ្ញុំយល់ថា ការកាត់ទោសហ្នឹងគឺគ្មានយុត្តិធម៌ចំពោះលោកជំទាវ មូរ សុខហួរ បន្តិចសោះឡើយ ពួកផ្ដាច់ការ»។
ស្រ្តីម្នាក់ជាអ្នកគាំទ្រលោកស្រី មូរ សុខហួរ ផងដែរនោះ បានថែ្លងដោយកំហឹងថា ៖ «កាត់ទោស គ្រាន់តែរាស្ត្រមកស្ដាប់មិនបានផង។ គ្រាន់បើម៉េចមិនទៅកាត់ទោសអ្នកផ្សេងទៀតទៅដែលគេប្រព្រឹត្តអំពើខុសប៉ុណ្ណាណី! ម៉េចមិនធ្វើ មកធ្វើអីជាមួយមនុស្សស្រីអ៊ីចឹង!»។
រីឯលោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅខាងក្រៅតុលាការនោះថា ៖ «ជារឿងមួយសម្រាប់បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសម្រាប់គណបក្សប្រឆាំង»។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រខាងគណបក្សសមរង្ស៊ី មិនទាន់បានបញ្ជាក់បានទេនៅថៃ្ងអង្គារ ទី៤ ខែសីហានេះ អំពីការបន្តប្តឹងទៅតុលាការសាលាឧទ្ធរណ៍នោះ ដោយលោកស្រីទុករយៈពេលមួយខែសម្រាប់ការពិចារណា៕